សកម្មភាពរបស់ប្រជាសហគមន៍ទាំង៣ ដាក់ញាត្តិនៅខេត្តកំពង់ស្ពឺឡើងទៅដាក់ញាត្តិនៅមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។រូបភាព៖ CCFC
ភ្នំពេញ៖ ប្រជាសហគមន៍ខេត្តកំពង់ស្ពឺដែលអះអាងថាខ្លួនជាជនរងគ្រោះលើករណីវិវាទដីធ្លីរាំរ៉ៃជាមួយនឹងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្ក័រ របស់លោក លី យ៉ុងផាត់ ទាមទារឱ្យមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺបង្កើនការយកចិត្តទុកដាក់បន្ថែម ហើយសុំឱ្យអាជ្ញាធរដាក់ចេញជាព័ត៌មានជាក់លាក់ពីដំណើរការនៃការរកដំណោះស្រាយនេះ ជាជាងឱ្យពួកគេរង់ចាំដោយគ្មានដំណឹង។ លើសពីនេះប្រជាសហគមន៍ទាំងនោះទទូចឱ្យរដ្ឋាភិបាលជំរុញឱ្យមានដំណោះស្រាយឱ្យបានក្នុងឆ្នាំ២០២៤ ដើម្បីពួកគេមានដីធ្លីអស្រ័យផលនៅរដូវធ្វើស្រែចម្ការនេះក្នុងការសម្រួលជីវភាពដោះស្រាយបំណុលធនាគារ។
ព័ត៌មាននេះរាយការណ៍ដោយកញ្ញា គុជ ស៊ីកុល
ការទន្ទឹមរង់ចាំដំណឹងរបស់ប្រជាសហគមន៍ចំនួន៣ រួមមានសហគមន៍ត្រពាំងជោរ សហគមន៍អមលាំង និងសហគមន៍រស្មីសាមគ្គី ពីដំណោះស្រាយទៅលើករណីទំនាស់ដីធ្លី ជាមួយនឹងក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្ក័រ របស់លោក លី យ៉ុងផាត់ នៅតែបន្តរង់ចាំដោយគ្មានព័ត៌មានជាក់លាក់ណាត្រឡប់មកវិញឡើយមកទល់នឹងបច្ចប្បន្ន បន្ទាប់ពីបញ្ចប់ពិភាក្សារវាង មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
ទាក់ទងការចំណាយពេលអស់រយៈពេលច្រើនថ្ងៃ ច្រើនសប្តាហ៍នេះ តំណាងសហគមន៍ត្រពាំងជោរ លោក ស៊ឹង សុខុម ប្រាប់វិទ្យុស្រ្តីថា លោកនិងក្រុមគ្រួសារជាប់ពាក់ព័ន្ធបញ្ហាចាក់ស្រេះរឿងទំនាស់ដីធ្លីហាក់អស់សង្ឃឹម
ក្នុងការទទួលបានពន្លឺយុត្តិធម៌ ស្របពេលដែលជីវភាពគ្រួសាស្ថិតក្នុងស្ថានភាពលំបាកផង ហើយបែរជាមកត្រូវរង់ចាំដំណោះស្រាយទាំងដែលគ្មានដំណឹងត្រឡប់។
…..សម្លេងលោក ស៊ឹង សុខុម………
ជុំវិញក្តីអស់សង្ឃឹមរបស់ប្រជាសហគមន៍ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) មើលឃើញថាសហគមន៍នឹងទទួលបានដំណោះស្រាយ ដោយលោកសង្កេតឃើញបញ្ហាចាក់ស្រេះនេះកំពុងតែស្ថិតក្នុងដំណើរការស្វែករកដំណោះស្រាយហើយ។ ក៏ប៉ុន្តែចំពោះលទ្ធផល លោកមិនអាចអះអាងថាចេញជាដំណោះស្រាយបែបណាទេ គឺលោកកំពុងរង់ចាំ ហើយផ្តល់ឱ្យសហគមន៍ជាអ្នកសម្រេចដូចគ្នា។
…………..សម្លេងលោក ថេង សាវឿន…………
ជាសំណូមពរ លោក ស៊ឹង សុខុម ស្នើឱ្យមន្ទីដែនដី និងភាគីពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាជំរុញឱ្យមានដំណោះស្រាយនៅក្នុងឆ្នាំ២០២៤នេះ ដោយតំណាងសហគមន៍ត្រពាំងជោររូបនេះសំអាងថាជីវភាពប្រជាសគមន៍កំពុងតែលំបាក ក្នុងនោះគ្រួសារខ្លះត្រូវដោះស្រាយបំណុលធនាគារ ខ្លះកង្វះការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដូច្នេះលោក និងសហគមន៍ទាំងមូលចង់ឃើញជាដំណោះស្រាយឱ្យបានឆាប់ ដើម្បីពួកគេមានដីធ្លីអស្រ័យផលក្នុងរដូវធ្វើស្រែសម្ការនេះ ដែលជាផ្នែកមួយជួយសម្រួលបន្ទុកគ្រួសារ។
………….សម្លេងលោក ស៊ឹង សុខុម…….
តំណាងសហគមន៍អមលាំង លោកស៊ូ សំអឿន ឱ្យដឹងថាកន្លងមកក៏មានដំណោះស្រាយជូនពលរដ្ឋពាក់ព័ន្ធទំនាស់ដីធ្លី ដោយលោកប្រាប់ថាដំណោះស្រាយទី១ គឺខាងក្រុមហ៊ុនបានផ្តល់ជាថវិកាចំនួន៣០០ដុល្លាអាមេរិកក្នុងមួយគ្រួសារ ក្នុងការបញ្ចប់ទំនាស់។ បន្ទាប់ពីមានការមិនយល់ព្រមពីពលរដ្ឋមួយចំនួនធំ ខាងក្រុមហ៊ុនមានបានចេញដំណោះស្រាយលើកទី២ ដោយផ្តល់ជាថវិកាចំនួន៥០០ដុល្លាអាមេរិកក្នុងមួយគ្រួសារ។ ក៏ប៉ុន្តែចំនួនគ្រួសារដែលមិនព្រមទទួលទឹកប្រាក់ ដើម្បីបញ្ចប់ទំនាស់នៅតែមានមានច្រើន ដោយលោក និយាយថាមានប្រមាណ ១,០៩៦ (១ពាន់៩៦)គ្រួសារ នៅមិនព្រមទទួលយកដោយអះអាងថាជាហេតុផលមិនសមស្រប។
យ៉ាងណាមិញគេសង្កេតឃើញថាបញ្ហានេះបន្តចម្រូងចម្រាស់ខ្លាំងជាថ្មី បន្ទាប់ពីក្រសួងរៀបចំដែនដីនរគរូបនីយកម្ម និងសំណង់ សន្យាថាខ្លួន នឹងធ្វើការដោះស្រាយឱ្យប្រជាពលរដ្ឋក្នុងឆ្នាំ២០២១ តែមកទល់ឆ្នាំ២០២៣ ពលរដ្ឋនៅតែអះអាងថាខ្លួនមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយ៕