en     km
en     km

អង្គការCOFAPបំពាក់ស៊ីទែនទឹកដើរដោយពន្លឺព្រះអាទិត្យ ៩កន្លែងដោះស្រាយបញ្ហាកង្វះទឹកដល់កសិករ

Share

កំពង់ធំ៖ យ៉ាងហោចណាស់ស៊ីទែនទឹកចំនួន​ ៩ ត្រូវបានបំពាក់ក្នុងសហគមន៍កសិករដាំបន្លែក្នុងស្រុកចំនួនបី មានស្រុកកំពង់ស្វាយ ស្រុកស្រុកស្ទោង និងក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ ដើម្បីជួយដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រពក្នុងការងារប្រកបកសិកម្មជំរុញលើកកម្ពស់ជីវភាពគ្រួសារឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ស៊ីទែនទឹកក្នុងសហគមន៍ដែលអង្គការ COFAP បានជួយបំពាក់ក្នុងសហគមន៍ដើម្បីជួយកសិករដាំបន្លែ។រូបភាព ស៊ីណា។

អង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ ហៅកាត់ថា កូហ្វា(COFAP)ប្រចាំខេត្តកំពង់ធំ  បានបំពាក់ស៊ីទែនទឹកប្រើដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៩ កន្លែងជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីបូមទឹកពីស្ទឹង បឹងបួរ ជួយដល់សហគមន៍កសិករជាស្ត្រីក្នុងការដាំបន្លែ និងជួយលើកកម្ពស់ជីវភាពគ្រួសារ ឆ្លើយតបក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុជាសកល។

សកម្មភាពកសិករស្រោចស្រពដំណាំ។រូបភាព ស៊ីណា។

បើតាមកិច្ចសម្ភាសន៍រវាងសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំ ជាមួយលោក អ៊ឹម គីម ប្រធានកម្មវិធីនៃអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(COFAP) លោក គីម បញ្ជាក់ថា ស៊ីទែនទឹកនេះបំពាក់ឡើងដើម្បីបម្រើដល់សេចក្តីត្រូវការជាពិសេស ចំពោះកសិករដែលត្រូវការទឹកជាចាំបាច់ក្នុងដាំបន្លែផ្សេងៗ ដោយទឹកត្រូវបូមពីតាមបឹងបួរ និងស្ទឹងនានា។ មួយទៀតដែរ កាលដែលអង្គការ COFAP ដាក់ពង្រាយស៊ីទែនទឹកសូឡាពន្លឺព្រះអាទិត្យនេះ ដ្បិតដើម្បីជួយដល់គ្រួសារកសិករពិសេសស្រ្តីៗក្នុងសហគមន៍ដែលប្រកបការងារដាំដុះតែខ្វះខាតទឹកស្រោចស្រព ឱ្យមានប្រភពទឹកគ្រប់គ្រាន់ក្នុងការប្រើប្រាស់។

លោក អ៊ឹម គីម ប្រធានកម្មវិធីនៃអង្គការសហប្រតិបត្តិការដើម្បីកាត់បន្ថយភាពក្រីក្រ(COFAP)។រូបភាព ស៊ីណា។

មួយទៀតដែរលោក អ៊ឹម គីម ប្រាប់ថា អង្គការ COFAP ដែលផ្ដល់ជូនស៊ីតែនទឹកនេះមិនមែនដើម្បីស្វែងរកប្រាក់កម្រៃត្រឡប់មកវិញនោះទេ ក៏ប៉ុន្តែគណៈកម្មការក្នុងសហគមន៍តម្រូវអ្នកប្រើទឹកត្រូវបង់កម្រៃ ៣០០រៀលក្នុងទឹកមួយម៉ែត្រគូប ដោយថវិកានេះទុកសម្រាប់ប្រើប្រាស់ការចំណាយផ្សេងៗថែរក្សាសមិទ្ធផលឲ្យប្រើប្រាស់យូរអង្វែង។

សកម្មភាពម្ចាស់ជំនួយធ្វើដំណើរទស្សនកិច្ចមកកាន់សហគមន៍ពិនិត្យមើលវឌ្ឍនភាពកសិករក្រោយមានស៊ីទែនទឹក។រូបភាព ស៊ីណា។

ស្ត្រីកសិករឈ្មោះ ប៉ិល មេត កសិករក្នុងសហគមន៍តម្លែ ភូមិចក ឃុំកំពង់ចិនជើង ស្រុកស្ទូង ខេត្តកំពង់ធំ ប្រាប់ថា ចាប់តាំងពីមានស៊ីតែនទឹកប្រើដោយថាមពលពន្លឺព្រះអាទិត្យនេះមក ប្រជាកសិករក្នុងសហគមន៍ងាយស្រួលជាងមុនដោយមានទឹកស្រោចដំណាំគ្រប់គ្រាន់ ស្រោចដំណាំលឿនរហ័សនិងចំណេញពេលវេលា។ អ្នកស្រីបញ្ជាក់ថា ពេលមានប្រព័ន្ធទឹកស្រោចដំណាំបែបនេះ អ្នកស្រីអាចពង្រីកផ្ទៃដីដាំដុះបានច្រើនបន្ថែមទៀត ហើយប្រាក់ចំណូលក៏កើនច្រើនជាងមុន។ អ្នកស្រីរំលឹកថា កាលពីមុនកសិករត្រូវលំបាកខ្លាំងត្រូវទៅដងទឹករែកពីស្រះ និងពីស្ទឹង យកមកស្រោចដំណាំដោយប្រើពេលវេលាយូរ និងដាំដំណាំមិនបានសព្វមុខដូចពេលបច្ចុប្បន្ននេះទេ។

អ្នកស្រី ប៉ិល មេត ស្រោចដំណាំដោយក្តីរីករាយពេលមានទឹកគ្រប់គ្រាន់ពីស៊ីទែនទឹក។រូបភាព ស៊ីណា។

ស្ត្រីម្នាក់ទៀតរស់នៅក្នុងសហគមន៍ខាងលើនេះដែរគឺអ្នកស្រី ខឿន  ម្លិះ និយាយថា នៅរាល់ចុងរដូវប្រាំង កសិករតែជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់ ព្រោះទឹកស្ទឹង ឬបឹង រីងស្ទើរគ្មានសល់ ពោលមាននៅតិចតួចតែប៉ុណ្ណោះ។ អ្នកស្រីថ្លែងអំណរគុណដល់ក្រុមការងារអង្គការ COFAP ដែលយកចិត្តទុកដាក់ជួយដល់ស្ត្រីក្នុងសហគមន៍ ពិសេសតាមរយៈការបំពាក់ស៊ីទែនទឹកនេះគឺពិតជាបានជួយលើកកម្ពស់ជីវភាពគ្រួសាររបស់កសិករពិតមែន។

អ្នកស្រី ខឿន  ម្លិះ(មុខគេ)បង្កបង្កើនផលដំណាំច្រើនជាងមុនបន្ទាប់ពីមានទឹកគ្រប់គ្រាន់។រូបភាព ស៊ីណា។

ចំពោះកិច្ចការងារខាងលើនេះលោក លី សាត ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានប្រសាសន៍ចាត់ទុកសកម្មភាពរបស់អង្គការ COFAP ដែលបានកសាងស៊ីទែនទឹកជូនប្រជាពលរដ្ឋក្នុងភូមិកំពង់សំរោងនេះ គឺជាការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ជាក់ស្ដែងលោកសង្កេតឃើញថា កសិករក្នុងភូមិកំពង់សំរោង បានប្រកបមុខរបរដាំបន្លែគ្រប់មុខ ទាំងរដូវប្រាំងនិងវស្សាដោយរកប្រាក់ចំណូលជាប្រចាំថ្ងៃ អាចផ្គត់ផ្តង់ការហូបចុកនិងការសិក្សារបស់កូនៗបានល្អប្រសើរ។

លោក លី សាត ក្រុមប្រឹក្សាសង្កាត់ស្រយ៉ូវផ្តល់បទសម្ភាសន៍ជូនសិក្ខាកាមវិទ្យុស្រ្តី។រូបភាព ស៊ីណា។

សូមបញ្ជាក់ថា ស៊ីតែនទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ មានសមត្ថភាពចែកចាយទឹកជូនកសិករពី១៥០០ដល់២០០០ម៉ែត្រគូប ហើយកសិករប្រមាណ ៣០គ្រួសារបានទទួលផលប្រើប្រាស់ទឹកនេះក្នុងជីវភាពរស់នៅនិងការបង្កបង្កើនផល។ សម្រាប់ការចំណាយលើការសាងសង់ស៊ីទែនទឹកសូឡានេះ បើតាមប្រធានកម្មវិធីអង្កការខាងលើគឺមានតម្លៃរហូតទៅដល់ជាង ២ ម៉ឺនដុល្លារអាមេរិក។ តាមគម្រោងសមិទ្ធផលខាងលើនេះ ក្រោយសាងសង់រួចគឺអង្គការនឹងប្រគល់ជូនអាជ្ញាធរមូលដ្ឋានដើម្បីចូលរួមថែរក្សាបន្តជាប្រយោជន៍ជូនដល់កសិករក្នុងសហគមន៍៕

អត្ថបទខ្លីសរសេរដោយ  សៅ​ ស៊ីណា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង