ភ្នំពេញ ៖ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឱ្យចូលបំភ្លឺជាលើកទី២ ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម នៅថ្ងៃទី ២៦ខែឧសភា ឆ្នាំ២០១៦ ។ នេះបើតាមដីកាកោះ ចុះថ្ងៃទី១៧ខែឧសភា ។ កញ្ញា ប៉ូ សាគុន លម្អិតព័ត៌មាននេះ៖

នេះជាលើកទី២ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធនឹងសំនុំរឿងសញ្ចារកម្ម តាមពាក្យបណ្តឹងរបស់កញ្ញា ខុម ចាន់ដារាទី ហៅស្រី មុំ ។ បើតាមដីការកោះ លោក កឹម សុខា ត្រូវតែចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញឱ្យទាន់ពេល នៅម៉ោង៩ព្រឹកថ្ងៃទី២៦ខែឧសភា ។
ឆ្លើយតបទៅនិងដីកានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ជាថ្មីទៀតថា លោក កឹម សុខា នឹងមិនចូលទៅបំភ្លឺនៅតុលាតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នោះទេដោយលោកបញ្ជាក់ថា លោក កឹម សុខា មិនបាន ប្រព្រឹត្តកំហុសអ្វីឡើយ ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ មិនមានការព្រួយបារម្ភ ថានឹងមានការចាប់ ខ្លួន លោក កឹម សុខា ក្រោយពីលោកមិនចូលទៅបំភ្លឺ នៅតុលាការនោះទេព្រោះលោក កឹម សុខា នៅមានអភ័ឯកសិទ្ធិនៅឡើយ ។
ដូចគ្នានេះដែរ លោកមេធាវី គង់ សំអុន មានប្រសាសន៍ថា បើទោះបីជាលោក កឹម សុខា មិនចូលទៅបំភ្លឺនៅ តុលាការជាលើកទី២នេះក្តី ក៏តុលាការមិនអាចចាប់ខ្លួនលោកបានដែរ លុះណាតែ លោក កឹម សុខា ត្រូវបានដកអភ័យឯកសិទ្ធិជាមុនសិន ។ « ការពិតបើសិនជាករណីប្រជាពលរដ្ឋសាមញ្ញ តុលាការអាចចេញលិខិតនាំខ្លួន បើសិនជាក្នុងករណី ដែលគេកោះធម្មតា មិនចូលខ្លួន ។ ប៉ុន្តែដោយឡែកលោក កឹម សុខា គាត់ជាអ្នកតំណាងរាស្ត្រ ចឹងគាត់មានអភ័យឯកសិទ្ធិសភា ដែលអាចការពារពីការចាប់ខ្លួន ឬក៏នាំខ្លួនបែបណឹង ចឹងការចោទ ប្រកាន់ដែលអាចធ្វើទៅបាន ទាល់តែដកអភ័យឯកសិទ្ធិជាមុនសិន» ។
ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនេះ លោកមេធាវី មិនហ៊ាននិយាយថា តើលោក កឹម សុខា អាចនឹងបាត់បង់អភ័យឯកសិទ្ធិ ឬយ៉ាងណានោះទេ តែលោកថាការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាមួយ ត្រូវតែមានសំលេងគាំទ្រជាក់លាក់ និងមានចំនួនច្រើន ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានចេញដីកាកោះហៅ លោក កឹម សុខា ម្តងរួចមកហើយ ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនេះ កាលពីថ្ងៃទី ០៦ខែឧសភា ឱ្យចូលបំភ្លឺ នៅថ្ងៃទី១៧ឧសភាម្សិលមិញនេះ តែលោក កឹម សុខា មិនបានចូលខ្លួនបំភ្លឺតាម ដីកាកោះនេះឡើយ ៕