តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥ រូបនឹងស្ម័គ្រចិត្តដើរចូលគុក បើគ្រាន់តែប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋទៅថ្វាយព្រះមហាក្សត្រ មានទោសព្រហ្មទណ្ឌនោះ ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃពុធនេះ ។
ប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី ១៥ មិថុនានេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ស្នាមមេដៃដែលអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដាក់ថ្វាយព្រះមហាក្សត្រប្រមាណជាង១៧ម៉ឺនមេដៃ ដើម្បីសុំព្រះរាជអន្តរាគមន៍ការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ មានភាពមិនប្រក្រតី និងស្ទួនគ្នា ។
វិទ្យុស្ត្រី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននៅឡើយទេ នៅថ្ងៃនេះ ។
ប៉ុន្តែក្រសួងមហាផ្ទៃបានបញ្ជាក់តាមរយៈសារព័ត៌មានក្នុងស្រុកមួយថា អ្នកតំណាងរាស្ត្រទាំងនោះអាចនឹងប្រឈមផ្លូវច្បាប់គឺក្រមព្រហ្មទណ្ឌពីបទក្លែងឯកសារសាធារណៈ ។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ បានថ្លែងប្រាប់អ្នកសារព័ត៌មានព្រឹកថ្ងៃ ពុធនេះថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥ រូបនឹងស្ម័គ្រចិត្តដើរចូលគុក បើគ្រាន់តែប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋទៅថ្វាយព្រះមហាក្សត្រ ហើយមានទោសព្រហ្មទណ្ឌនោះ ។
លោក យ៉ែម បុញ្ញាឬទ្ធិ និយាយថា៖ «ក្រុមតំណាងរាស្ត្រ៥៥ ដែលដង្ហែរញតិថ្វាយព្រះករុណា បើមានទោសព្រហ្មទណ្ឌ ហើយចាត់ទុកថាជារឿងមួយធ្ងន់ធ្ងរ ដោយសារបំពេញតួនាទីក្នុងនាមជាអ្នកតំណាងរាស្ត្រ ទទួលញតិ្តពីប្រជាពលរដ្ឋ យកទៅថ្វាយស្ថាប័ន យកទៅស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើអន្តរាគមន៍ ទោសព្រហ្មទណ្ឌ ១ ឆ្នាំ ឬ ២ ឆ្នាំ បើកទ្វាគុក ដើរចូលគុកតែម្តង» ។
កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៦ តំណាងរាស្គ្រគណបក្សសង្គ្រោះជាតិ ចំនួន ៥៥ រូបបានដង្ហែញត្តិតាមរថយន្ត ដែលជាស្នាមមេដៃពីប្រជាពលរដ្ឋប្រមាណ១៧ ម៉ឺនមេដៃ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ ជុំវិញបញ្ហាលោក កឹម សុខា ។
ពេលបច្ចុប្បន្ននេះ គណបក្សសង្គ្រោះជាតិបានប្រកាសជំហរទទួលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីថ្វាយព្រះមហាក្សត្រជាលើកទី២ ប៉ុន្តែមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ថានឹងដង្ហែញត្តិនោះ យកទៅថ្វាយព្រះមហាក្សត្រនៅពេលណានៅឡើយទេ ។
បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ លោក យ៉ែម បុញ្ញឬទ្ធិ បានអោយដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៦នេះ ស្នាមមេដៃប្រមូលបានពីប្រជាពលរដ្ឋទូទាំងប្រទេសមានចំនួនប្រមាណ២៦ម៉ឺនមេដៃហើយ ៕