ភ្នំពេញ៖ ប្រធានគណកម្មាធិការប្រតិបត្ដិនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បានថ្លែងនៅទីស្នាក់ការកណ្ដាលបក្សនាព្រឹកថ្ងៃទី ១១ ខែមិថុនានេះថា គណបក្សសង្គ្រោះជាតិគ្រោងនឹងជួបពិភាក្សាជាមួយនិងគណបក្សប្រជាជនកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងវប្បធម៌សន្ទនា និងសម្រួលស្ថានភាពនយោបាយអោយមានភាពល្អប្រសើរឡើងវិញ។

លោកយឹម សុវណ្ណ បានចាត់ទុកស្ថានការនយោបាយនាពេលបច្ចុប្បន្ននេះថា ជារឿងគួរឱ្យព្រួយបារម្ភដែលទាមទារឱ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិត្រូវតែដោះស្រាយ។
លោកយឹម សុវណ្ណ បានឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ លោកប៉ុល ហំម ប្រធានក្រុមការងារពង្រឹងវប្បធម៌សន្ទនា នឹងទំនាក់ទំនងទៅខាងភាគីគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យមានការរៀបចំការជួបប្រជុំ ហើយរបៀវារៈគឺដោះស្រាយបញ្ហានយោបាយជាអទិភាពទីមួយ។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត ធ្លាប់បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបើកទ្វារចំហរវប្បធម៌សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកសង្កត់ធ្ងន់ថាវប្បធម៌សន្ទនាមិនអាចយករឿងអ្នកជាប់ទោសមកដោះស្រាយបាននោះទេ ព្រោះរឿងអ្នកទោសជាដែនសមត្ថកិច្ចរបស់តុលាការមិនស្ថិតនៅក្នុងកិច្ចចចារវប្បធម៌សន្ទនានោះឡើយ៕