ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិពិនិត្យទីតាំងថ្មីសម្រាប់សាងសងអង់តែន «ទូរទស្សន៍ព្រះអាទិត្យ» ខណៈទីតាំងចាស់មិនទទួលបានការអនុញ្ញាត ដោយអាជ្ញាធរអះអាងថាប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានសសេរនៅទំព័រហ្វេសប៊ុកផ្លូវការណ៍លោក នៅថ្ងៃទី ១៦ ខែឧសភា នេះថា លោកនិងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានត្រួតពិនិត្យមើលទីតាំងថ្មីសម្រាប់សាងសង់ទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែលោកពុំទាន់បានបញ្ជាក់នៅទីតាំងណានៅឡើយទេ។
លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ការជ្រើសរើសទីតាំងថ្មីនេះ ដោយសារទីតាំងចាស់ត្រូវអាជ្ញាធរខេត្តកណ្តាលមិនអនុញ្ញាតឲ្យសាងសង់ដោយលើកហេតុផលថាមានការតវ៉ាពីប្រជាពលរដ្ឋ។
តាមគ្រោងរបស់គណបក្សសង្គ្រោះជាតិថា នឹងចាប់ផ្ដើមដំណើរការទូរទស្សន៍ព្រះអាទិត្យ នៅដើមឆ្នាំ២០១៦ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ ហើយគម្រោងបង្កើតស្ថានីយទូរទស្សន៍នេះត្រូវចំណាយថវិកាប្រមាណ ៣ លានដុល្លារសហរដ្ឋអាមេរិក។ គណបក្សសង្គ្រោះជាតិទទួលបានថវិកាពីការបរិច្ចាគ របស់សាធារណជនចំនួនប្រមាណ ៧០ ម៉ឺនដុល្លារ អាមេរិក។

សូមរំលឹកថាដំណើរការសាងសង់ទូរទស្សន៍ព្រះអាទិត្យនេះ ធ្វើឡើងបន្ទាប់ពីគណបក្សធំពីរ មានអាសនៈនៅសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចុះកិច្ចព្រមព្រៀងជាមួយគ្នាបញ្ជប់ជម្លោះនយោបាយកាលពីថ្ងៃទី ២២ កក្ដដា ២០១៤ កាលនោះសម្ដេច ហ៊ុន សែន និង លោក សម រង្ស៊ី ជាអធិបតីនៃពិធីនេះ៕