ក្នុងអំឡុងរដូវកាលនេះ ភ្លៀងមានកាន់តែខ្លាំងឡើង ជាស្តែងកាលពីរសៀលថ្ងៃទី០៣ខែកក្តដាម្សិលមិញនៅតាមតំបន់ជាច្រើននៅទីក្រុងភ្នំពេញបានជន់លិច ហើយពលរដ្ឋពិបាកក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសការធ្វើដំណើរ ដោយសារទឹកលិចផ្លូវ។ ពលរដ្ឋមួយចំនួនបានរអ៊ូរទាំ និងចោទសួរពីមូលហេតុដែលភ្លៀងលិចក្រុង និងស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហានេះ។
លោក គីម ចាន់ចាវ រាយការណ៍
ភ្លៀងធ្លាក់ខ្លាំងនៅល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ កម្ពស់ទឹកបានឡើងរហូតដល់១៥៣មីលីម៉ែត្រ(វាស់នៅស្ថានីយ៍បឹងត្របែក)។ នេះជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅក្នុងខណ្ឌចំនួន៥ នៃតំបន់កណ្តាលរាជធានីភ្នំពេញ មានដូចជា៖ ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ តាមបណ្ដាញសង្គម នៅយប់ថ្ងៃទី០៣ ខែកក្កដា ចំពេលដែលទឹកភ្លៀងកំពុងជន់លិចតំបន់ជាច្រើននៅភ្នំពេញ។
មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋ យោគយល់អធ្យាស្រ័យ និងណែនាំឱ្យពលរដ្ឋចូលរួមក្នុងការកាយសំរាមស្ទះទឹកនៅមុខចម្រឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន។
តាមរយៈសារជូនដំណឹងនេះ ក៏មានពលរដ្ឋមួយចំនួនចូលខំមិនផងដែរ ដោយអ្នកខ្លះសរសេររិះគន់ថាដោយសារលុបបឹងនៅជាយក្រុងទើបធ្វើឱ្យលិច និងខ្លះទៀតអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយបង្ហូរទឹកដែលលិចលង់នេះចេញ។ គណនីឈ្មោះ Ly Chhourបានសរសេរថា «ទៅបន្ទោសរឿងសំរាមឆ្កុយ ចុះរឿងលុបបឹង?» គណនីឈ្មោះAphivadh Keth Keoបានសរសេរថា «តំបន់បឹងតាម៉ាតសង្កាត់ដង្កោ ខណ្ឌដង្កោ ភ្លៀងមធ្យមក៏លិចដែរ ហោចណាស់២ថ្ងៃ។ ទម្រាំលើកនេះទៀតតើលិចយូរប៉ុណ្ណាទៅ? សូមអាជ្ញាធរជួយសម្រួលផង»។ គណនីឈ្មោះ Sat Taya បានបង្ហោះខមិនរូបទឹកជន់លិចដល់ក្នុងផ្ទះ និងសរសេរថា «គេស្រកអស់ហើយនៅឡើយ បឹងតាម៉ាត ខណ្ឌដង្កោ»។គណនីឈ្មោះ ស៊ុំ នាក់ ដីល្អ «៣ឆ្នាំចុងក្រោយនេះលុបបឹងអស់ច្រើនអញ្ចឹងហើយទ្រាំទៅ»។ គណនី Narin Love Cambodia បានសរសេរសារអំពាវនាវថា« សូមជួយស្តារប្រឡាយលឹមឈាងហាក់-ស្ពានដែកផង មុខប្រលាយរួមតូចនិងពោរពេញដោយរុក្ខជាតិលើទឹក»។គណនីឈ្មោះ Hinneniy Silong Sina បានខមិនចោទជាសំណួរថា«មូលហេតុអ្វីបានជា អោយតែភ្លៀងគឺលិច?» ចំណែកគណនីឈ្មោះ San Det ក៏បានចោទជាសំណួរដែរថាតើវាបណ្ដាលមកពីការលុបបឹងដែរឬទេ»?
គណនី Ya Haidar សរសេរថា «ការបាត់បង់បឹងធម្មជាតិវាគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យលិចលង់»។ David Leng សរសេរថា «ប្រឡាយនឹងបឹងធម្មជាតិបឹងទំពុនកាន់តែរួមតូច ធ្វើអោយទឹកហូធ្លាក់ទៅស្ទឹងព្រែកត្នោតយឺត ។ សូមអស់លោកជួយគិតគូសុខទុក្ខពលរដ្ឋផង»។ នី គាថារដ្ឋ សរសេរថា «មិនមែនមកពីទឹកភ្លៀងធ្លាក់ច្រើនអីទេ មកពីបញ្ហាប្រព័ន្ធលូ មិនសូវល្អ ឬ….»។ គណនីឈ្មោះ Daly បានខមិនរូរថយន្ត៣គ្រឿងលិចទឹក និងសរសេរថា « ក្នុងនាមជាប្រជាជនម្នាក់ ខ្ញុំកើតជំងឺស្ត្រេសដោយសារប្រព័ន្ធបង្ហូរទឹកនៅទីក្រុង»។ គណនី ឈ្មោះ Dream Butterfly បានសរសេរក្នុងន័យអំពាវនាវថា «គួរកាត់បន្ថយខ្លះទៅការលុបបឹង លុបបួរហ្នឹង ថ្ងៃនេះ ឆ្នាំនេះប៉ុណ្ណឹង ចាំមើលឆ្នាំក្រោយៗទៀត ស្ថានភាពមិនមែនកាន់តែប្រសើរទេ គឺកាន់តែអាក្រក់។ មិនដឹងរស់នៅយ៉ាងម៉េចទេ បើភ្លៀងមួយមេ គឺចូលពេញផ្ទះ ទឹកចូលប្រព័ន្ធភ្លើង មិនហ៊ានសូម្បីដើរ»។ ចំណែកគណនីឈ្មោះ Mak Seiha បានសរសេរដោយបង្ហាញក្ដីរំពឹងថា «សង្ឃឹម នឹងអាចដោះស្រាយបាន នៅពេលខាងមុខ»។
តាមរយៈខំមិនខាងលើនេះ ផេកហ្វេសប៊ុករបស់មន្ទីរមិនទាន់មានការឆ្លើយតបយ៉ាងណាឡើយ គិតត្រឹមព្រឹកថ្ងៃទី០៤ កក្កដានេះ ក៏ប៉ុន្តែយ៉ាងណា មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា មន្ទីរបានសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានព្យាយាមបូមទឹករំដោះចេញប្រកបដោយប្រសិទ្ធភាព ខណៈកំណើន ៣ ដងនៃការបូមទឹកនៃស្ថានីយ៍បូមទឹកថ្មីទាំង១៤កន្លែង បានធ្វើឱ្យទឹកកំពុងស្រកយ៉ាងលឿន។
ក្រសួងធនធានទឹក និងនិងឧតុនិយម បានជូនដំណឹងពីការព្យាករណ៍នៅថ្ងៃទី០៤ ខែកក្កដានេះថា ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១១ ខែកក្កដា ភ្លៀងនឹងនៅតែបន្តធ្លាក់នៅទូទាំងប្រទេស ខ្លាំង ឬខ្សោយទៅតាមតំបន់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕