ពលរដ្ឋភ័យខ្លាច និងធុញទ្រាន់ ចំពោះករណីក្មេងទំនើងដែលតែងកាប់ចាក់លើដងវិថីមិនញញើតដៃម្តងហើយម្តងទៀត ទោះសមត្ថកិច្ចបង្ក្រាបជារឿយៗហើយក្តី។ នោះក្នុងទាំងអ្នកជំនាញ និងពលរដ្ឋថា ចង់បំបាត់ក្មេងទំនើងលុះត្រាតែរៀបចំសង្គមឲ្យមានរបៀបរៀបរយ បោសសម្អាតគ្រឿងញឿន ល្បែង និងស្រាជាដើម ព្រោះបញ្ហាទាំងនេះជាប្រភពបង្កឲ្យមានក្មេងទំនើងរីកដូចផ្សិត។
អត្ថបទដោយកញ្ញា ងិន ស៊ាងលីម
សម្តីពលរដ្ឋទាក់ទងបញ្ហាក្មេងទំនើង៖
ទាំងនេះជាការព្រួយបារម្ភរបស់ពលរដ្ឋ និងអាណាព្យាបាល បន្ទាប់ពីក្រុមក្មេងទំនើងតែងតែលេចមុខបើកឆាកប្រយុទ្ធម្តងទៀតយ៉ាងគឃ្លើន ខណៈសមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកជាច្រើនសាររួចទៅហើយក្តី។ មួយរយៈក្រោយមកនេះ នៅក្នុងនិងក្រៅបណ្តាញសង្គម កំពុងតែចលាចល ចែកចាយបន្តនូវរូបភាព វីដេអូផ្តិតបានពីកាំមេរ៉ាសុវត្ថិភាព និងថតដោយផ្ទាល់ក្តីពីភាពអាណាធិបតេយ្យរបស់ក្រុមបងធំ បងធំ ដែលបានចេញប្រយុទ្ធផ្អើលអស់ប្រជាជន ដែលជាហេតុកើតមានក្តីព្រួយបារម្ភពីកត្តាសុវត្ថិភាព។ ពិសេសខ្លាចជាខ្លាំងក្នុងការធ្វើដំណើរ ពីព្រោះក្មេងទំនើងចេញកាប់ចាក់គ្មានប្រណីដៃ។ យ៉ាងណាបញ្ហានេះ ពុំមែនទើបតែកើតមាននោះទេ តែមានជារឿយៗនៅរាជធានី-ខេត្ត សមត្ថកិច្ចក៏បានចុះបង្ក្រាបផងដែរ តែហាក់ស្ងប់ស្ងាត់បានតែមួយឆាវលើអ្នកលេងផ្លែដាវ ផ្លែកាំបិតហោះក៏ងើបឡើងវិញ។
លោក អ៊ឹម ធនិន្ធ អ្នកលក់ភេសជ្ជៈនៅសង្កាត់ទឹកថ្លារាជធានីភ្នំពេញលើកជាទស្សនៈផ្ទាល់ខ្លួនថា កត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលនាំឱ្យកើតមានបញ្ហាក្មេងទំនើងក្នុងសង្គមមិនចេះចប់មិនចេះហើយនោះ គឺការស្រូបយកគំរូមិនល្អពីមនុស្សចាស់។ លោកទាញទឡ្ហីករណ៍ប្រាប់ថា ដូចជាសកម្មភាពមនុស្សចាស់ប្រើក្មេងៗកុមារឱ្យទិញបារី ទិញស្រា ទាំងនេះសម្រាប់លោកគឺប្រៀបដូចជាការសាបព្រោះអូសទាញក្មេងៗប្រព្រឹត្តិតាមគំរូមិនល្អ តែពួកគេចាត់ទុកថាជារឿងធម្មតា។ ការមើលឃើញមួយជ្រុងរបស់អ្នកលក់ភេសជ្ជៈ គឺក្នុងន័យចង់ឱ្យអាណាព្យាបាលគ្រប់រូបជៀសវាងការបន្តប្រើប្រាស់រូបភាពបែបនេះទៅលើក្មេងៗ ដោយត្រូវមានទំនួលខុសត្រូវនិងផលវិបាកពេលអនាគតចំពោះកុមារ។
«យើងត្រូវតែអប់រំពួកគាត់ យើងត្រូវតែធ្វើអីល្អៗឱ្យក្មេងជំនាន់ក្រោយមើលឃើញ ជារូបភាពឧទាហរណ៍ថា ឧទាហរណ៍មួយដូចថាយើងចង់ញុំាអីណាស់ ទិញបារី ឬក៏ទិញស្រាអីកុំឱ្យគាត់ទិញឧ្យសោះ បាទ!ហើយយើងកុំប្រើគាត់ ទិញស្រាឱ្យប៉ា ឱ្យពូអ៊ីចឹង អត់ទេ។ កុំវាអាចយូរៗទៅវាអូសទាញអារម្មណ៍ខ្លួនឯងហាណាស់! អ៊ីចឹងយើងជៀសវាងបានជួរជៀសវាងទៅ»។
លោក អ៊ឹម ធនិន្ធ កំពុងធ្វើភេសជ្ជៈជូនភ្ញៀវ។
កំពុងចិតបន្លែបណ្តើរមើលបណ្តាញសង្គមហ្វេសប៊ុកតាមទូរស័ព្ទបណ្តើរអ្នកស្រី សឿន ពៅធីតា ប្រាប់វិទ្យុស្ត្រីពីបញ្ហាក្មេងទំនើងកំពុងតែកើតឡើងបង្កឲ្យអ្នកស្រីភ័យខ្លាចមិនហ៊ានចេញក្រៅ។ អ្នកស្រីសង្ឃឹមថា សមត្ថកិច្ចនឹងចាត់វិធានការឲ្យបានតឹងរឹងជាមុន ដ្បិតកន្លងមកករណីក្មេងទំនើងនេះតែងតែកើតឡើងមិនដដែលជាដដែល។
«ពេលអ៊ីចឹងទៅយើងអត់ចង់ឱ្យមានអាអ៊ីចឹងកើតឡើង ព្រោះអីឃើញមើលទៅវាសាហាវពេក យើងមើល! សូម្បីតែយើងមើលក៏យើងមានអារម្មណ៍ថាតក់ស្លុតខ្លាចអ៊ីចឹងហាណាស់! ហើយយើងអត់ចង់ឱ្យមានអាហ្នឹងកើតឡើងទេ»។
អ្នកស្រី សឿន ពៅធីតា ។
រីឯលោក សូ ជាវ អ្នករត់តុកតុកឬកង់បីឥណ្ឌាក្នុងរាជធានីភ្នំពេញមួយរូបទៀត វ័យ៤៧ឆ្នាំ យល់ថា បញ្ហាទាំងអស់នេះកើតចេញពីកត្តាគ្រួសារដែលមិនយកចិត្តទុកដាក់ចំពោះកូន ឬគ្មានពេលវេលាសម្រាប់កូនដោយជាប់ការងាររកប្រាក់ចំណូល។ មួយវិញទៀតលោកយល់ថា មកពីកត្តាការសេពគប់ បើសិនណាកូនចៅទៅសេពគប់មិត្តមិនល្អនោះអាចធ្លាក់ក្នុងការអូសទាញទៅរកគ្រឿងញៀននិងអាចឈានដល់ការឆក់ប្លន់ជាដើម។ លោកស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការឱ្យសកម្មក្នុងការទប់ស្កាត់ប្រភពនៃបញ្ហានោះគឺការសាបព្រោះគ្រឿងញឿន និងស្រាបៀរនេះឯង។
«អានេះកត្តាទី១សង្គមគ្រួសារ ការដឹកនាំរៀបចំជីវិតគ្រួសារប្តីប្រពន្ធកូន។ ទី២ពាក់ព័ន្ធសង្គមខាងក្រៅដូចជា ការសាបព្រោះគ្រឿងញៀនអ៊ីចឹង ធ្វើឱ្យក្មេងៗវា ដូចថាសេបគប់មិត្តភក្តិអ៊ីចឹងហាណាស់! ការនាំគ្នារកលុយកាក់ទិញគ្រឿងញៀន ទារម៉េឪ ធ្វើបាបម៉ែឪខ្លះក៏ដុតផ្ទះ គាត់ប្រើអំពើខុសច្បាប់ទៅលួចម៉ូតូគេ ឆក់ប្លន់អ៊ីចឹង ហ្នឹងករណីបច្ចុប្បន្នរាល់ថ្ងៃ»។
លោក សូ ជាវ កំពុងចាំភ្ញៀវ។
កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញសារសំឡេងប្រមាណ ៣ នាទី បញ្ជាមន្ត្រីថ្នាក់ក្រោមត្រូវចាត់វិធានការក្តៅតាមដានលើកករណីក្មេងទំនើងដែលចេញអុកឡុកជារឿយៗតាមមូលដ្ឋាននេះ។ ក្នុងនោះសម្តេច ហ៊ុន ម៉ាណែត បានបញ្ជាយ៉ាងដាច់អហង្កាលលើក្រុមក្មេងដោយគ្មានការលើកលែងជាដាច់ខាត ដើម្បីកុំឲ្យប្រជាពលរដ្ឋធុញទ្រាន់ អស់ជំនឿលើសមត្ថភាពដែនដីនិងការអនុវត្តច្បាប់ជាដើម។
«ឯកឧត្តម លោក ជំទាវ អភិបាល គណៈអភិបាលរាជធានី-ខេត្ត មួយរយៈនេះឃើញពួកអាក្មេងទំនើងវាលើកឡើងវិញនៅតាមបណ្តាលខេត្តមួយចំនួន ហើយរាជធានីភ្នំពេញ។ សូមឯកឧត្តមលោកជំទាវចាត់ចែងរឿងនេះឱ្យបាន កុំឱ្យប្រជាពលរដ្ឋធុញទ្រាន់ បាត់ជំនឿលើយើងដដែលជាដដែល ដាក់បានបន្តិចងើបៗ។ បាទ! បើរឿងអីផ្សេងពិបាកធ្វើវាស្ងាត់ អារឿងគ្រឿងញៀនរឿងអីនេះ វាដូចអំពិលអំពែក តែពួកអាក្មេងស្ទាវកាប់ដាវនេះ ដូចជាមិនលំបាកធ្វើទេ តាមមុខសញ្ញាវាចាប់ឱ្យជាប់ទាំងអស់»។
ទិដ្ឋភាពសកម្មភាពក្មេងទំនើងកាប់គ្នាតាមផ្លូវដែលថតបានពីកាំមេរ៉ាសុវត្ថិភាព។រូបភាពហ្វេសប៊ុក។
មិនមែនមានតែវិធានការណ៍បង្ក្រាបនោះទេ តែត្រូវមានវិធានការបង្ការបញ្ហាទុកជាមុនផងដែរដោយត្រូវរៀបចំសង្គមឲ្យមានរបៀបរៀបរយ លុបបំបាត់គ្រឿងញៀន ល្បែងស៊ីសង និងសុរាជាដើម ព្រោះបញ្ហាទាំងនេះសុទ្ធតែកត្តារុញច្រានឲ្យយុវជនយុវតីធ្លាក់ក្នុងអំពីអសីធម៌។ នេះជាការលើកឡើងរបស់លោក លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់វិទ្យុស្រ្តីកាលពីថ្ងៃទី២៦ ខែធ្នូ។ លោកបន្តថា នៅកម្ពុជាគួរតែមានច្បាប់រឹតបន្តឹងទៅលើការហាមក្នុងការរិភោគ និងចែកចាយគ្រឿងស្រវឹង ដោយមានការកំណត់អាយុរបស់អ្នកបរិភោគ និងហាមជាដាច់ខាតមិនឲ្យអ្នកលក់ៗគ្រឿងស្រវឹងដល់អ្នកមិនទាន់គ្រប់អាយុ ទោះមានអ្នកប្រើឲ្យទិញក្តី។ ប្រសិនបើកម្ពុជាមិនគិតគូរពីបញ្ហាការរៀបចំឲ្យមានច្បាប់នេះនោះទេ នោះបញ្ហាក្មេងទំនើងក៏មិនងាយក្នុងការដោះស្រាយនោះឡើយ។
«ខ្ញុំដូចជាមិនឃើញមានការហាមអីទេបាទ! ឃើញតែលើកទឹកចិត្តឱ្យផឹក ឱ្យអីហ្នឹងត្រូវវង្វាន់ ផឹកបាននេះ ផឹកបាននោះបាទ! អ៊ីចឹងយើងតម្រង់ដូចជាតម្រង់អនាគតរបស់យុវជនហ្នឹងទៅរកទៅរកតែការផឹកស៊ីហ្នឹងបាទ! ហើយបញ្ហារឿងគ្រឿងស្រវឹងនេះ យើងឃើញចេញតែពីផ្ទះទៅ ឃើញផ្សាយពាណិជ្ជកម្មគ្រប់កន្លែងបាទ! ហើយយើងទប់ស្កាត់រឿងក្មេងទំនើងហ្នឹងមានភាពពិបាកណាស់បាទ! ហើយគ្មានការរឹត្បិតណាគ្មានការ ហាមឃាត់ណា មិនឱ្យក្មេងទិញគ្រឿងស្រវឹង មិនឱ្យក្មេងផឹកស្រាទេ អត់មាននៅក្នុងប្រទេសយើងហ្នឹង។ បើនៅតំបន់អាស៊ាននេះយើងដើរនៅឆ្ងាយពីគេណាស់បាទ! អ៊ីចឹងបានខ្ញុំថា ប់សិនជាកម្ពុជា ចង់ដោះស្រាយរឿងក្មេងទំនើងអីហ្នឹងយើងគួរតែដោះស្រាយបញ្ហាសង្គម បញ្ហារឿងគ្រឿងញៀន គ្រឿងស្រវឹងហ្នឹងមួយចំនួនទៅបាទ! ដើម្បីឱ្យវាវិធានការបង្កាបាទ! បើមិនអ៊ីចឹងទេគឺ គ្រាន់តែថា ពេលមានបញ្ហាដាក់ទោស ដល់ពេលការដាក់ទោស យើងសួរមកវិញគឺរដ្ឋក៏មានបញ្ហាដែរ ដោយសារតែរដ្ឋអត់បានរៀបចំ អត់បានចាត់វិធានការ ដើម្បីទប់ស្កាត់ នៅការជំរុញផ្សេងៗដែលធ្វើឱ្យគាត់ធ្លាក់ទៅក្នុងភាពជាក្មេងទំនើងដូចគ្រឿងស្របឹង ដូចជាគ្រឿងញៀនអីហ្នឹងបាទ!»
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។
តាមរបាយការណ៍ពីលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានឱ្យដឹងថា រាជធានីខេត្តមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ លំដាប់ទី១គឺរាជធានីភ្នំពេញ តាមពីក្រោយទី២ ខេត្តកំពង់ស្ពឺ លំដាប់ទី៣ គឺខេត្តតាកែវ ទី៤និងទី៥ មានខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ដោយឡែកចំពោះរាជធានី-ខេត្ត ដែលមានសំណុំរឿងព្រហ្មទណ្ឌតិចជាងគេបំផុតគឺមានខេត្តស្ទឹងត្រែង, ខេត្តកែប, ខេត្តប៉ៃលិន និងខេត្តព្រះវិហារ។
ទាំងលោក លោក អ៊ឹម ធនិន្ធ និងប្រពន្ធរបស់លោក គឺអ្នកស្រី ពៅធីតា ឃើញថា សមត្ថកិច្ចបានចុះអន្តរគមន៍ដែរ ប៉ុន្តែលោកនៅតែមានក្តីបារម្ភដែលអាចធ្វើឲ្យប៉ះពាល់រយៈពេលវែងទៅដល់ក្មេងជំនាន់ក្រោយចំពោះភាពអសន្តិសុខនេះ។ លោកស្នើដល់អ្នកពាក់ព័ន្ធដូចជា សមត្ថកិច្ចត្រូវត្រួតពិនិត្យតាមដានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានតឹងរឹងជាងនេះ និងដាក់ទោសឲ្យសាកសមទៅនឹងទង្វើជនបង្កទាំងនោះ។ ការទទូចចង់រឹតបន្តឹង ដ្បិតអាចកុំឲ្យក្រុមក្មេងទំនើងមើលស្រាលច្បាប់ និងប្រព្រឹត្តខុសម្តងហើយម្តងទៀត។ រីឯមាតាបិតាវិញ ប្រភពពលរដ្ឋខាងលើគួរយកចិត្តទុកដាក់ចំពោះកូនៗលើអកប្បកិរិយា ទូន្មានកែតម្រូវតម្រង់ទិសដៅឲ្យក្លាយជាធនធានសង្គមជាតិ។
លោក អ៊ឹម ធនិន្ធ៖ «ប៉ុន្តែខ្ញុំនៅតែមានក្តីបារម្ភជាខ្លាំង ដោយសារអីកាន់តែបង្ក្រាបវាកាន់តែរីកអ្ហឹៈ! តែយើងនៅតែបង្ក្រាបអ៊ីចឹង តែខ្ញុំនៅតែបារម្ភរហូតវាទី១ វាអាចប៉ះពាល់ដល់ក្មេងជំនាន់ក្រោយបាទ! ដូចកូនខ្ញុំ កូនគេអ៊ីចឹងខ្ញុំបារម្ភ ខ្ញុំក៏សូមឱ្យអណាព្យាបាលហើយនឹងសាលារៀនឱ្យគាត់មានវិន័យតឹងរឹងជាងហ្នឹងអ្ហឹៈ!ណាស់ ធ្វើម៉េចឱ្យចាត់វិធានការណ៍លើសិស្សដែលគាត់មិនបានចូលរៀនដែលគាត់ទៅដើរលេងក្រៅអ៊ីចឹង វាប៉ះពាល់សង្គម ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយើងទៀត ហើយក្រុមគ្រួសារយើងបាទ!»
អ្នកស្រី សឿន ពៅធីតា៖ «បើសិនជាសំណូមពរចង់ឱ្យរឹតបន្ទឹង គឺឱ្យរឹតបន្តឹងចាប់ពីថ្ងៃហ្នឹងទៅ កុំរបៀបថារឹតបន្តឹងអារបៀបថាបានតែដំបូងអ្ហឹៈ! ធម្មតាតែដំបូងក្មេងវាៗសុំាវាហើយដូចមួយទៀត ក្មេងវាកាប់គេអ៊ីចឹងអ្ហឹៈ!ណាស់ យើងដូចថាដូចរបៀបថា យើងចង់សំណូមពរកាប់គេ កុំដូចថាពេលចាប់បានកុំបន្ធូបន្ថយ ចា!ត្រូវដាក់ទោសរបៀបថាឱ្យជាមេរៀន ដើម្បីឱ្យក្មេងស្ទាវៗស្រករក្រោយវាឃើញ ដើម្បីវាថាអរកាលណាយើងធ្វើអ៊ីចឹង យើងសម្លាប់គេ យើងកាប់គេអ៊ីចឹង តែប៉ូលីសជាប់ទោស»។