កំពង់ធំ៖ផ្លូវលំមួយខ្សែប្រវែងជាង ៥ គីឡូម៉ែត្រតភ្ជាប់ពីឃុំក្តីដូងទៅឃុំកំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរស្រុកជួលជុលល្អប្រសើរឡើងវិញ បន្ទាប់ពីផ្លូវមួយខ្សែនេះរងការខូចខាតយ៉ាងដំណំក្នុងរដូវវស្សា និងបន្ទាប់ពីមានរថយន្តធុនធ្ងន់បើកឆ្លងកាត់ចេញចូលដឹកកសិផល។
ស្ថានភាពផ្លូវមុនការជួសជុល។រូបភាពពី ថៃ សុធា។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំបានជួបសម្ភាសន៍លើកឡើងដោយសាទរ ចំពោះអាជ្ញាធរដែនដីដែលយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋ ដោយរូតរះប្រញាប់ប្រញាល់អន្តរាគមន៍ជួលជុលផ្លូវខូចនេះឡើងវិញ ធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ងាយស្រួលធ្វើដំណើរនិងមានសុវត្ថិភាពពេលជិះឆ្លងកាត់។
សកម្មភាពមន្រ្តីចុះពិនិត្យការជួសជុលផ្លូវ។រូបភាពពី ថៃ សុធា។
លោក ប៊ូ វ៉ន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះនិងតែងតែធ្វើដំណើរឆ្លងកាត់ផ្លូវលំមួយខ្សែនេះដើម្បីដឹកទំនិញទៅលក់នៅទីផ្សារ ឆ្លៀតប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ធំថា ផ្លូវមួយខ្សែនេះពីមុនលំបាកធ្វើដំណើរណាស់ពេលមានភ្លៀងធ្លាក់ម្តងៗ។ លោកថា នៅរដូវវស្សាផ្លូវនេះត្រូវបែកដីជាំដោយភក់ និងរអិលយ៉ាងខ្លាំង ពេលខ្លះអ្នកធ្វើដំណើរត្រូវរអិលដួលក៏មាន។ យ៉ាងណាបន្ទាប់ពីអាជ្ញាធរចុះស្ថាបនាជួលជុលផ្លូវឡើងវិញ លោកសម្តែងការរីករាយព្រោះអាចធ្វើដំណើរដឹកទំនិញទៅមកបានស្រួល ចំណែកសិស្សសាលាក៏អាចមករៀនបានទាន់ពេល កាត់បន្ថយអត្រាគ្រោះថ្នាក់បានប្រសើរជាងមុន។
លោក ប៊ូ វ៉ន ដឹកពងទាទៅលក់នៅទីផ្សារត្រូវជួបការលំបាកតែឥឡូវលោកថាងាយស្រួលជិះបន្ទាប់ពីផ្លូវធ្វើរួចរាល់។រូបភាពពី ថៃ សុធា។
ដោយឡែកអ្នកស្រី ជា មុំ ប្រជាពលរដ្ឋមួយរូបទៀតដែលកំពុងដឹកត្រីសាច់យកទៅលក់នៅផ្សារក៏លើកឡើងថា ផ្លូវមួយខ្សែនេះធ្លាប់រងការខូចខាតខ្លាំងបន្ទាប់ពីមានរថយន្តធុនធ្ងន់រាប់សិបគ្រឿងបើកចេញចូលដឹកកសិផលរបស់កសិករក្នុងភូមិ។ ប្រការនេះអ្នកស្រីយល់ថា ផ្លូវនឹងមិនអាចទ្រាំទ្រទម្ងន់រថយន្តបាននោះទេ។ តាមរយៈកិច្ចសម្ភាសន៍ជាមួយសិក្ខាកាមវិទ្យុស្រ្តីអ្នកស្រី ជា មុំ សំណូរពរដល់អាជ្ញាធរដែនដីជួយស្ថាបនាផ្លូវលំមួយខ្សែនេះ ទៅជាផ្លូវបេតុងវិញ ព្រោះអាចប្រើប្រាស់បានយូរអង្វែរហើយផ្លូវនេះក៏ជាសរសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនិងកសិផលពីឃុំក្តីដូងនិងឃុំកំពង់គោ។
អ្នកស្រី ជា មុំ ដឹកទំនិញមានត្រីសាច់និងកសិផលយកទៅលក់នៅផ្សារឆ្លងកាត់ផ្លូវនេះស្ទើររាល់ថ្ងៃ។រូបភាពពី ថៃ សុធា។
ជុំវិញរឿងនេះលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយឱ្យដឹងថា ការជួសជុលផ្លូវមួយខ្សែដែលមានប្រវែងជាង ៥ គីឡូម៉ែត្រនេះ ជាផ្នែកមួយតបតាមការសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងជួយរក្សាសុវត្ថិភាពពេលធ្វើដំណើរ។ លោកបញ្ជាក់បន្ថែមថា ការជួសជុលផ្លូវដោយក្រាលគ្រួសក្រហមនេះ គឺជួសជុលសម្រាប់ប្រើប្រាស់បណ្តុះអាសន្នតែប៉ុណ្ណោះ ដោយអាជ្ញាធររង់ចាំសិក្សាថវិកាគម្រោងអាទិភាពរបស់ខេត្តឈានទៅសាងសង់ផ្លូវនេះឱ្យមានលក្ខណៈធន់មាំនៅពេលខាងមុខ។ តែយ៉ាងលោកអភិបាលស្រុកកំពង់ស្វាយសូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នករកស៊ីដឹកជញ្ជូនកសិផលដែលប្រើរថយន្តធុនធ្ងន់ទាំងអស់ គប្បីប្រើរថយន្តឱ្យសមស្របតាមស្ថានភាពផ្លូវ និងត្រូវចូលរួមថែរក្សាទាំងអស់គ្នា។
លោកអភិបាលស្រុកកំពង់ស្វាយចុះពិនិត្យសកម្មភាពជួសជុលផ្លូវប្រវែងជាង៥គីឡូម៉ែត្រតភ្ជាប់ពីឃុំក្តីដូងទៅឃុំកំពង់គោដែលរងការខូចខាត។រូបភាពពី ថៃ សុធា។
គួរបញ្ជាក់ផងដែរថា ផ្លូវ១ខ្សែនេះមានប្រវែងជាង ៥ គីឡូម៉ែត្រ តភ្ជាប់ពីឃុំក្តីដូង ទៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយក៏ជាផ្លូវតភ្ជាប់ប្រព័ន្ធសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកជញ្ជូនផលកសិកម្មផ្សេងៗជាច្រើនផងដែរ៕
អត្ថបទខ្លីសរសេរដោយ ថៃ សុធា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។