en     km
en     km

អង្គការ CISA បង្កើតជំនួបឱ្យពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជួបជជែកលើកិច្ចការអភិវឌ្ឍភូមិឃុំនិងតម្រូវការនានា

Share

កំពង់ចាម៖ កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា  ឆ្នាំ២០២៤ អង្គការសម្ព័ន្ធដើម្បីសុច្ចរិតភាព និងគណនេយ្យភាពសង្គម (CISA) បានបើកវគ្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិមួយ ក្រោមប្រធានបទ “ការចូលរួមរបស់យុវជន និងស្ត្រីក្នុងការកសាងផែនការ និងថវិកាក្រុង/សង្កាត់”។

ទិដ្ឋភាពអ្នកចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ។(រូបភាពពី អោបយ៉ុង)

ជំនួបពិគ្រោះយោបល់គ្នានេះ ប្រព្រឹត្តិទៅនៅក្នុងសាលប្រជុំនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានវត្តមានចូលរួមពីលោកស្រី រិន ធារ៉ា អភិបាលរងក្រុងកំពង់ចាម អង្គការពាក់ព័ន្ធនិងប្រជាពលរដ្ឋប្រមាណ៧០នាក់។

តាមការឱ្យដឹងពីសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តកំពង់ចាមបានឱ្យដឹងថា វគ្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើតឱកាសដល់យុវជន និងតំណាងប្រជាពលរដ្ឋបានយល់ដឹងពីដំណើរការកសាងផែនការ និងថវិកាវិនិយោគនានាក្នុងសហគមន៍។ ជាងនេះទៀត ជំនួបនេះក៏បង្កើតឱកាសដល់យុវជន និងតំណាងប្រជាពលរដ្ឋ បានលើកឡើងពីតម្រូវការក្នុងសហគមន៍មូលដ្ឋាន ដើម្បីស្វែងរកការឆ្លើយតបជាវិជ្ជមានចំពោះបញ្ហា និងតម្រូវការរបស់ខ្លួនពីអាជ្ញាធរពិសេសបង្កើនទំនាក់រវាងរដ្ឋបាលមូលដ្ឋានជាមួយយុវជន និងប្រជាពលរដ្ឋកាន់តែមានភាពជិតស្និត។

ទិដ្ឋភាពអ្នកចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ។(រូបភាពពី អោបយ៉ុង)

ក្នុងសន្ទរកថាស្វាគមន៏ លោក ហ៊ីម យន់ នាយកប្រត្តិបត្តិរបស់អង្គការ CISA លើកឡើងថា គម្រោងពង្រឹងតម្លាភាពមូលដ្ឋាន និងគណនេយ្យភាពតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ ដែលអង្គការ(CISA) បានកំពុងរៀបចំសិក្ខាសាលានេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីសេវាសាធារណៈ ដែលសំដៅលើការជួយគាំទ្រជនងាយរងគ្រោះ ជនពិការ កុមារ និងស្ត្រី ជាដើម។ មួយវិញទៀត ជំនួបរវាងពលរដ្ឋម្ចាស់ឆ្នោតនិងមន្រ្តីមូលដ្ឋាននេះ ក៏ស្តែងឱ្យឃើញពីតម្លាភាព ពោលគឺការបើកចំហរព័ព៌មានពីកញ្ចប់ថវិកា សេវា និងគម្រោងអភិវឌ្ឍនានាប្រកបដោយបរិយាប័ន្ន ដែលមិនទុកនរណាម្នាក់ចោលនោះឡើយ។

អ្នកចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ។(រូបភាពពី អោបយ៉ុង)

ដោយឡែកលោក ប្រាក់ ទិត្យ នាយកទីចាត់ផែនការ និងវិនិយោគខេត្តលើកឡើងថា នេះជាលើកទីមួយហើយដែលរូបលោកបានចូលរួមក្នុងសិក្ខាសាលាទាក់ទងនឹងយុវជនចូលរួមក្នុងដំណើរការកសាងផែនការ និងថវិកា ។ លោកថា រាជរដ្ឋាភិបាល តែងលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ក្នុងការកសាងផែនការ និងថវិកាថ្នាក់ក្រោមជាតិ ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ចាប់ពីឆ្នាំ ២០៣០ ។ លោកសូមលើកទឹកចិត្តនូវការចូលរួមពីយុវជន និងប្រជាពលរដ្ឋក្នុងសកម្មភាពសំខាន់ៗដូចជា ការប្រជុំក្រុមប្រឹក្សាឃុំ/សង្កាត់ ការប្រជុំក្រុមប្រឹក្សាស្រុក/ក្រុង ការកសាងផែនការ និងថវិកានានា ដើម្បីឲ្យពួកគេបានលើកឡើងពីតម្រូវការនានា ហើយអាជ្ញាធរក៏អាចទទួលបានព័ត៌មាន និងឆ្លើយតបបានទាន់ពេលវេលា។

។(រូបភាពពី អោបយ៉ុង)

ចំណែកលោកស្រី រិន ធារ៉ា អភិបាលរងក្រុងមានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់នេះ ជាផ្នែកមួយជួយពង្រឹងការចូលរួមរបស់យុវជន ប្រជាពលរដ្ឋស្របតាមគោលការណ៍បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីបន្ថែមថា ក្នុងនាមអាជ្ញាធរក្រុងសូមស្វាគមន៍នូវការសហការចូលរួមសម្មភាពនានារបស់អង្គការសង្គមស៊ីវិលនានា  ហើយរាល់សំណើ សំណូមពរនានាអាជ្ញាធរនឹងពិចារណាដាក់ចូលក្នុងផែនការសកម្មភាព និងផែនការថវិកាដើម្បីកែលម្អស្ថានភាពអ្នកទទួលផលឲ្យកាន់តែល្អប្រសើរឡើង ។

លោកស្រី រិន ធារ៉ា អភិបាលរងក្រុងថ្លែងក្នុងពិធីសំណេះសំណាលគ្នាជាមួយប្រជាពលរដ្ឋ។(រូបភាពពី អោបយ៉ុង)

សូមជម្រាបជូនថា គម្រោង “ពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ” ដែលអង្គការ CISA បានកំពុងអនុវត្តនេះ ទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ UNDP និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD)។ គម្រោងនេះអនុវត្តក្នុងក្រុងកំពង់ចាម មាននៅសង្កាត់ចំនួន ០៤ ក្នុងនោះមានសង្កាត់សំបួរមាស វាលវង់ បឹងកុក និងសង្កាត់កំពង់ចាម ស្មើនឹង ៣៤ ភូមិ ។ គម្រោងនេះដែរមានគោលដៅ “ដើម្បីផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងបុរសនៅក្នុងក្រុមដែលខ្វះខាត ជាពិសេស ដើម្បីចូលរួមក្នុងការរៀបចំផែនការ និង ថវិកាក្រុង និងសេវាច្រកចេញចូលតែមួយ ដើម្បីធានាថា បញ្ហារបស់ពលរដ្ឋនឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស៕

អត្ថបទខ្លីសរសេរដោយ  អោក យ៉ុង សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

Share

ព័ត៌មានទាក់ទង