en     km
en     km

ក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ

Share

ភ្នំពេញ៖ បន្ទាប់ពីមើលឃើញនូវឥទ្ធិពលអាក្រក់នៃជំងឺមហារីកមាត់ស្បូន ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល​សម្តែងក្តីបារម្ភ រហូតដល់បច្ចប្បន្នមានការប្រកាសដាក់បញ្ចូលថ្នាំបង្ការនៃជំងឺមហារីកមាត់ស្បូនទៅដល់កុមារី អាយុ៩ឆ្នាំ តាមរយៈ​ការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិ សហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌល​​សុខភាព ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ ដ្បិតអីនៅថ្ងៃដដេលនេះ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន «ប្រកាសបើកពិធីដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា»។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលុបបំបាត់ជំងឺមហារីកមាត់ស្បូន ដែលក្រសួងចាត់ទុកថាជាជំងឺដ៏កាចសាហាវ តាមរយៈការបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការទៅកាន់ក្មេងស្រីមានអាយុ៩ឆ្នាំទាំងអស់ក្នុងប្រទេសកម្ពុជា។

ការផ្ដល់ថ្នាំបង្ការមានការគាំទ្រពីអង្គការអន្តរជាតិពាក់ព័ន្ធសុខភាព រួមមាន Gavi ,WHO, UNICEF,CHAI ។ ក្រសួងសុខាភិបាលនឹងផ្ដល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទាំងនេះ ត្រឹមតែចំនួនមួយដូសប៉ុណ្ណោះ ដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំ។ ការណ៍ដែលកុមារីអាចទទួលថ្នាំបង្កាចំនួនមួយដូសនេះ ព្រោះក្រសួងសំអាងទៅលើការរកឃើញរបស់អង្គការសុខភាពពិភពលោក (WHO)ដែលបង្ហាញថា ការបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ទៅ ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។ ក្រសួងក៏បានបញ្ជាក់ដែរថាការផ្ដល់ថ្នាំបង្ការនេះ គឺធ្វើឡើងដោយមិនគិតប្រាក់ឡើយ។

អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០២០ រកឃើញថា វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួននៃការស្លាប់របស់ស្ត្រី ដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ។ WHO បង្ហាញថា មានជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណជាង១ពាន់ករណី (១១៣៥ករណី) ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់៕

Share

ព័ត៌មានទាក់ទង