មជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់បានស្នើឱ្យរាជរដ្ឋាភិបាល លើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក ខណៈពលករនៅតែជួបប្រទះបញ្ហា ទោះបីជាកម្ពុជាមានគោលនយោបាយស្ដីពីទេសន្ដរប្រវេសន៍ និងបទបញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងទេសន្ដរប្រវេសន៍ការងារ និងជំរុញឱ្យរើសពលករប្រកបដោយសីលធម៌ក៏ដោយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាទិវាពលករចំណាកស្រុកអន្ដរជាតិលើកទី២៤។ មជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់បានស្នើឱ្យរាជរដ្ឋាភិបាល លើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក។
រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយស្ដីពីទេសន្ដរប្រវេសន៍ និងបទបញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងទេសន្ដរប្រវេសន៍ការងារ និងជំរុញឱ្យរើសពលករប្រកបដោយសីលធម៌។ តែផ្អែកតាមសង់ត្រាល់ថា ការអនុវត្តជាក់ស្ដែង តែងតែជួបប្រទះបញ្ហាប្រឈម និងឧបសគ្គក្នុងការជំរុញដំណើរការនេះឱ្យទទួលបានប្រសិទ្ធិភាព តម្លាភាព និងប្រកបដោយការទទួលខុសត្រូវ។
ក្នុងនោះបញ្ហាប្រឈមដែលអង្គការសង់ត្រាល់បានជួបប្រទះ តាមរយៈសម្ភាសន៍ជាមួយពលករចំណាក់ស្រុកក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៣ ក្នុងខេត្តគោលដៅមួយចំនួនដូចជា បាត់បំបង បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងពោធិ៍សាត់ ជួបបញ្ហាដូចជា ផលប៉ះពាល់នៃតម្លៃដំណើរការនៃការធ្វើចំណាកស្រុក ការរាយការណ៍ និងបណ្ដឹងតវ៉ានៅមានកម្រិត និងវិសាលភាពនៃកិច្ចគាំពារសង្គមមិនទាន់គ្របដណ្ដប់ដល់អតីតពលករជាដើម។
ចំពោះផលប៉ះពាល់នៃតម្លៃធ្វើដំណើរ សង់ត្រាល់បញ្ជាក់ថា ពលករចំណាកស្រុកកម្ពុជាភាគច្រើន ជ្រើសរើសវិធីសាស្ដ្រចំណាកស្រុកតាមរយៈមេខ្យល់ ឬសាច់ញាតិ គ្រួសារ មិនចំណាកស្រុកតាមMOUឡើយ ព្រោះចំណាយពេលវេលាយូរ ស្មុគស្មាញ និងចំណាយច្រើន ។ ខណៈមានជំពាក់បំណុលផង ពលករត្រូវបានថៅកែចេញលុយធ្វើដំណើរ និងឯកសារផ្សេងៗសិន និងធ្វើការរកលុយដើម្បីសងថៅកែវិញប្រមាណជាមធ្យម ៦ ទៅ៩ខែ ដើម្បីសងបំណុលទៅថៅកែទាំងអស់។ ការណ៍នេះ ធ្វើឱ្យពលករនឹងមិនហ៊ានក្នុងការតវ៉ា ឬផ្លាស់ប្ដូរការងារទៅកន្លែងផ្សេងឡើយ ទោះមានការគេងប្រវញ្ចកម្លាំងពលកម្លាំង បរាបណាមិនទាន់សងបំណុលថៅកែអស់ ។
ចំណែកករណីយន្ដការនៃការរាយការណ៍ និងបណ្ដឹងតវ៉ារបស់ពលករវិញនៅមានកម្រិត សង់ត្រាល់ថា ពលករមួយចំនួនគ្មានសិទ្ធិតវ៉ា ឬស្វែងរកកិច្ចអន្ដរាគមន៍ក្នុងករណីដែលពួកគេជួបប្រទះបញ្ហានោះទេ ព្រោះហេតុផលសញ្ជាតិ និងស្ថានភាពចំណាកស្រុករបស់ពួកគេ។ យ៉ាងណា ពលករដែលធ្លាប់ធ្វើការស្វែងរកដំណោះស្រាយ ក៏ធ្លាប់បានលើកឡើងថា មានភាពពិបាកក្នុងការស្វែងរកជំនួយ និងកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នា វិសាលភាពនៃកិច្ចគាំពារសង្គមនៅពេលពលករចំណាកស្រុកត្រលប់មកស្រុកកំណើតវិញ ក៏មិនទាន់គ្របដណ្ដប់ដល់អតីតពលករដែរ។ សង់ត្រាល់អះអាងក្នុងសេចក្ដីថ្លែងការណ៍ថា អតីតពលករជួបប្រទះបញ្ហាប្រឈមក្នុងការរមិនទទួលបានបណ្ណក្រីក្រ ដោយសារធ្វើចំណាកស្រុកយូរពេក បាត់ឈ្មោះពីកន្លែងស្នាក់នៅ ខ្វះខាតឯកសារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ មិនមានភាពមិនប្រក្រតីមួយចំនួនក្នុងការផ្ដល់បណ្ណក្រីក្រនៅតាមមូលដ្ឋានជាដើម។
បញ្ហាទាំងនេះ បានជះឥទ្ធិពលទៅលើការងារ និងអត្ថប្រយោជន៍របស់ពលករចំណាកស្រុក សមាជិកគ្រួសារ និងសង្គមជាតិទាំងមូល។ នេះបើតាមការលើកឡើងពីសង់ត្រាល់។
វិទ្យុស្ដ្រីបានទាក់ទងសុំការឆ្លើយតបពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែលោកស្រីជាប់ចូលរួមកម្មវិធី។
តែនៅថ្ងៃជាមួយគ្នានេះ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា កម្ពុជានឹងពង្រឹងពង្រីកកិច្ចសហសហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពាន។ បន្ថែមពីនេះ លោកថា រដ្ឋាភិបាលនឹងទទួលយកពលករដោយផ្តល់សេវាគាំពារ និងស្តារនីតិសម្បទា ដោយធានាចំពោះពលករស្របច្បាប់នៅក្នុងតំបន់ ថានឹងទទួលបាននូវរបបសន្តិសុខសង្គម និងទទួលបានសំណងតាមផ្លូវច្បាប់៕