en     km
en     km

មន្ត្រីសង់ត្រាល់៖មិនមានពលករខ្មែររងការរើសអើងពីជនជាតិថៃធ្ងរធ្ងន់ដូចការចែកចាយតាមបណ្ដាញសង្គមនោះទេ

Share

ភ្នំពេញ៖ មន្រ្តីអង្គការមួយរូបដែលធ្វើការលើកកម្ពស់សិទ្ធិពលករចំណាកស្រុក ប្រចាំនៅថៃ បញ្ជាក់ថា ខ្លួនពុំប្រទះករណីពលករខ្មែររងការរើសអើងពូជសាសន៍ ដូចការចែកចាយនៅលើបណ្ដាញសង្គមឡើយ ទោះបីថៃប្រកាសបិទច្រកព្រំដែនឯកតោភាគីកាលពីសប្ដាហ៍មុនក្ដី។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

ក្រោយពីមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃ គេសង្កេតឃើញនៅតាមបណ្ដាញសង្គម មានការចែកចាយតៗគ្នា ពាក់ព័ន្ធនឹងស្ថានភាពពលករខ្មែរដែលរស់នៅក្នុងប្រទេសថៃ ករណីមានខ្លះជនជាតិថៃខ្លះ រើសអើងជនជាតិខ្មែរ ដោយមិនព្រមលក់ម្ហូបអាហារឱ្យជនជាតិខ្មែរ និងករណីខ្លះទៀតជនជាតិថៃ គំរាមកំហែង ដោយប្រើហិង្សាលើជនជាតិខ្មែរជាដើម។

ចំពោះចែកចាយព័ត៌មានរើសអើងពលករខ្មែរនេះ លោក លឹម សុផុន មន្ត្រីគម្រោងទទួលបន្ទុកពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃ ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១០ ខែឧសភានេះថា ក្រោយពីមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរមក ហើយក៏មានការបិទច្រកព្រំដែនជាបន្តបន្ទាប់ ដែលបញ្ហានេះនាំឱ្យពលករខ្មែរធ្វើការនៅប្រទេសថៃមានការបារម្ភ និងប៉ះពាល់ដល់សុវត្ថិភាពរបស់ពួកគេផងដែរ។ ផលប៉ះពាល់ទាំងនោះ មិនមែនជាការខាតបង់ពេលវេលា ឬប្រាក់ចំណូលរបស់ពលករឡើយ តែលោកថា ប៉ះពាល់ផ្លូវចិត្តរបស់ពួកគេ ដែលភាគច្រើនជាពលករធ្វើការក្នុងវិស័យឧស្សាហកម្មនៅតាមតំបន់រោងចក្រមួយចំនួន ពួកគេព្រួយបារម្ភអំពីសុវត្ថិភាព និងព្រួយបារម្ភអំពីទីកន្លែងស្នាក់នៅជាដើម។

លោក សុផុន បញ្ជាក់ថា ក្ដីបារម្ភអំពីសុវត្ថិភាពនេះ កើតចេញពីការចែកចាយព័ត៌មាន និងផ្សព្វផ្សាយតៗគ្នានៅលើបណ្ដាញសង្គម អំពីករណីជនជាតិថៃមានការរើសអើងពលករខ្មែរ ហើយបញ្ហារើសអើងនេះ សម្រាប់លោកគឺមិនធ្ងន់ធ្ងរដូចការចែកចាយនៅលើបណ្ដាញសង្គមឡើយ ព្រោះជាការសង្កេត ពលរដ្ឋខ្មែរ និងពលរដ្ឋថៃ មានការជជែកគ្នាធម្មតា ពេលជួបគ្នានៅតាមផ្សារ និងនៅកន្លែងការងារ។

លោក លឹម សុផុន៖ «យើងឃើញហើយថានៅតាមបណ្ដាញសង្គមហ្វេសប៊ុកបានឡើងពីការរើសអើង ពីការមិនលក់បាយឱ្យ វាមិនទូទៅទេតាមខ្ញុំសង្កេតមើល វាមិនទាន់ឈានដល់ការរើសអើងពូជសាសន៍ ឬក៏និយាយដៀមដាមពូជសាសន៍អីទេ តែខ្ញុំបានមើលឃើញបងប្អូនពលករខ្មែរមួយចំនួននៅតាមទីសាធារណៈគាត់និយាយលេងពេលដែលគាត់ស្គាល់គ្នាជាមួយជនជាតិថៃ ហើយនិយាយលេងធម្មតាជាលក្ខណៈបែបមិត្តភក្ដិ។ ប៉ុន្តែការរើសអើងពូជសាសន៍នេះ ខ្ញុំមិនទាន់សង្កេតឃើញមានការរើសអើងទេ»។

បើតាមមន្ត្រីអង្គការសង់ត្រាល់រូបនេះ ប្រសិនជាទៅមុខទៀត មានករណីរើសអើងបែបនេះកើតឡើងលើពលករពិតមែន លោកផ្ដល់ជាដំណោះស្រាយថា ស្ថាប័នរដ្ឋនិងរដ្ឋ រួមទាំងក្រសួងពាក់ព័ន្ធ ហើយនិងស្ថានទូត គួរតែជូនដំណឹងពីស្ថានការណ៍បញ្ហានេះជាសាធារណៈទៅដល់ពលករខ្មែរ តើមានភាពតឹងរ៉ឹង ឬធូរថយជាងមុន?។ ការធ្វើដូច្នេះ ដើម្បីឱ្យពួកគេបានដឹងអំពីសភាពការណ៍ និងទទួលបានភាពកក់ក្ដៅពីប្រទេសខ្លួន។

កាលពីថ្ងៃទី៧ ខែមិថុនា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានចេញលិខិតជូនដំណឹងថាចាប់ពីថ្ងៃទី៧ ខែមិថុនានេះតទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា។

 

ការសម្រេចឯកតោភាគីនេះ ធ្វើឱ្យខេត្តបន្ទាយមានជ័យ មានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបឹងត្រកួន ផ្លាស់ប្ដូរម៉ោងចេញ-ចូល។ ចំណែកខេត្តឧត្តរមានជ័យ មានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ក៏បានផ្លាស់ប្ដូរម៉ោងចេញ-ចូលទាំងពីរច្រកនេះផងដែរ។

នៅតាមច្រកព្រំដែនទាំងនោះ កំពុងមានការកក់ស្ទះទាំងទំនិញ ​និងពលករខ្មែរខ្លះ ក៏បានសម្រុកត្រឡប់មកចូលប្រទេសកំណើតវិញ។ ក្រៅពីនេះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងភាគីកម្ពុជា និងភាគីថៃ ដែលអាស្រ័យលើច្រកព្រំដែន កំពុងបាត់បង់ចំណូលដោយសារការផ្លាស់ប្ដូរម៉ោងចេញ-ចូល នៅតាមច្រកព្រំដែនទាំងនោះផងដែរ។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងស្ថានភាពពលករខ្មែរនៅថៃ ប៉ុន្តែមកដល់រសៀលថ្ងៃទី១០ ខែមិថុនានេះ មិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។

យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០២៤ ចំនួន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់ ក្នុង​ចំណោម​ពលករ​សរុប​នៅ​ក្រៅ​ប្រទេស​ជាង ១លាន ៣សែន​នាក់៕

អត្ថបទដោយ កញ្ញា​ ជា សុខនី

Share

ព័ត៌មានទាក់ទង