en     km
en     km

តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងអាចបង្រួបបង្រួមប្រទេសជាតិឡើងវិញឬទេ?

Share

ប្រទេស​កូរ៉េ​ខាង​ត្បូង​បានប្រឈមនឹងការ​បែក​បាក់​សាមគ្គីភាព​ឥតឈប់ឈរនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការដឹកនាំរបស់ប្រធានាធិបតីនិងគោលនយោបាយដែលដាក់ឱ្យអនុវត្តពុំមានប្រសិទ្ធភាពដែលជះផលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច សង្គម និងនយោបាយ ជាពិសេស​ទាក់ទង​នឹង​សមភាព​យេនឌ័រ។ យ៉ាងណាមិញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកូរ៉េខាងត្បូងបានរួបរួមសាមគ្គីជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដើម្បីគ្រប់គ្រងប្រទេសជាតិ ដោយប្រជាពលរដ្ឋដាក់ក្តីរំពឹងថា ពួកគេនឹងអាចចាប់ដៃជាធ្លុងមួយដើម្បីកសាងប្រទេសជាតិឡើងវិញ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតីកូរ៉េខាងត្បូងសម្រាប់អាណត្តិថ្មីបានធ្វើឡើងនៅឆ្នាំ២០២៥នេះ បន្ទាប់​ពី​​អតីត​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ​ប្រកាសពី​ច្បាប់អាជ្ញាសឹក​ដោយ​គ្មាន​ការ​ធានាជាក់លាក់ និងបង្កឱ្យមានភាព​ចម្រូងចម្រាស​នៅទូទាំងប្រទេស​នៅក្នុង​ខែ​ធ្នូ ឆ្នាំ២០២៤។  ចាប់តាំងពីពេលនោះមក ប្រទេសនេះបានស្ថិតក្នុងភាពចលាចលខាងផ្នែកនយោបាយ។ បញ្ហានេះត្រូវបានប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា នឹងអាចដោះស្រាយបានមកសភាពធម្មតាវិញ បន្ទាប់ពី លោក Lee Jae-myung មេដឹកនាំថ្មីដែលទើបឈ្នះឆ្នោត​ និងជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យ (DP) ហើយក៏ជាអតីតសមាជិករបស់គណបក្សប្រឆាំងផងដែរ។​

ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោតក្នុងអាណត្តិថ្មី លោក Lee នឹងត្រូវដោះស្រាយវិបត្តិនយោបាយរ៉ាំរ៉ៃរបស់កូរ៉េខាងត្បូង ដែលបច្ចុប្បន្នកូរ៉េកំពុងរងនូវការបែកបាក់យ៉ាងខ្លាំង។ នៅក្នុង​សុន្ទរកថា​សម្ពោធ​របស់​លោកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក​បាន​សន្យា​ថា ​លោក​នឹង​បង្រួបបង្រួម​​ប្រជាជាតិឡើងវិញ។ លោក​នឹង​ធ្វើ​ជា​ប្រធាន​នៃ​ប្រជាជន​ទាំងអស់ ។ លោក Lee ទទួលបានសំឡេងគាំទ្រ ៤៩.៣១% តាមពីក្រោយដោយគូប្រជែងគឺលោក Kim Moon Soo អតីតប្រធានាធិបតីបក្សអំណាចប្រជាជន (PPP) ដែលទទួលបានសំឡេង ៤១.៣% ។

ប្រភព៖ BBC

 

លោក Lee មានប្រវត្តិមកពីគ្រួសារកម្មករក្រីក្រ និងបានបម្រើការជាមេធាវីការពារសិទ្ធិមនុស្សនៅមុនពេលចូលប្រឡូកក្នុងឆាកនយោបាយ និងឡើងកាន់តំណែងក្នុងគណបក្សប្រជាធិបតេយ្យ DP ។ នៅក្នុងការបោះឆ្នោតជ្រើសរើសងប្រធានាធិបតីក្នុងឆ្នាំ២០២២ លោកបានចាញ់តិចជាងមួយភាគរយនៅក្នុងការបោះឆ្នោតប្រឆាំងនឹងលោក Yoon ។ កាលនោះ លោក Lee បានអនុវត្តតាមរបៀបវារៈនយោបាយសេរីនិយម និងឆ្វេងនិយម ដោយសន្យាកែលម្អស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ស្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានផ្លាស់ប្តូរការតំរង់ទិសផ្នែកនយោបាយ ប៉ុនប៉ងពង្រីកមូលដ្ឋានគាំទ្រ និងផ្លាស់ប្តូរទៅកាន់ជំហរអភិរក្សនិយមបន្ថែមទៀតនៅក្នុងយុទ្ធនាការឆ្នាំ២០២៥។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ ទទួលបានជោគជ័យ និងជួយទៅដល់ការធ្វើចំណាកស្រុកតាមបែបអភិរក្ស ដែលធ្វើឱ្យអ្នកគាំទ្របក្សអំណាចប្រជាជនងាកមកគាំទ្រគណបក្សប្រជាធិបតេយ្យ DP ។ លោក Lee បានសន្យាថា នឹងជំរុញការអភិវឌ្ឍ និងការអនុវត្តថាមពលកកើតឡើងវិញ ពង្រឹងសិទ្ធិកម្មករ និងពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងជើង។ ​

ការផ្លាស់ប្តូរនេះទៀតសោត អាចក្លាយជាបញ្ហាចំពោះស្ត្រីវ័យក្មេងជាច្រើននៅកូរ៉េខាងត្បូង។ បន្ទាប់ពីលោក Yoon ប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំមុន ស្ត្រីវ័យក្មេងភាគច្រើនបានដើរតាមផ្លូវតវ៉ារហូតដល់លោក​ Yoon ត្រូវបានចោទប្រកាន់ និងទម្លាក់តំណែងនៅបួនខែក្រោយមក។ ឥឡូវនេះ ស្ត្រីទាំងនេះនិយាយថា ពួកគេនៅតែមានអារម្មណ៍ថាត្រូវបានទុកចោលម្តងទៀត។ បញ្ហាសមភាពយេនឌ័រ គឺជាប្រធានបទដ៏ស៊ីជម្រៅ និងចាក់ឫសនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

 

ខណៈដែលស្ត្រីវ័យក្មេងប្រឈមមុខនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ពួកគេត្រូវទទួលបន្ទុកជុំវិញបញ្ហាសេដ្ឋកិច្ចសង្គម ដោយជាមធ្យមពួកគេទទួលបានប្រាក់បៀវត្សតិចជាងបុរស ៣១%។ ចលនាប្រឆាំងស្ត្រីនិយមក៏កំពុងកើនឡើងក្នុងចំណោមបុរសវ័យក្មេងក្នុងវ័យ២០-៣០ឆ្នាំ។ បុរសទាំងនេះអះអាងថា ស្រ្តីទាំងនេះជាអ្នកស្អប់បុរស និងស្តីបន្ទោសថា អត្រាកំណើតទាបបំផុតរបស់ប្រទេសគឺមកពីស្រ្តីដែលបង្កើតចលនាស្ត្រីនិយមនៅក្នុងប្រទេសកូរ៉េខាងត្បូង។

កាលពីការបោះឆ្នោតឆ្នាំ២០២២ លោក Yoon បានប្រើភាពចម្រូងចម្រាសនេះដើម្បីទាក់ទាញអ្នកគាំទ្រតាមរយៈការប្រកាសប្រឆាំងនឹងចលនាស្ត្រីនិយម និងបដិសេធអត្ថិភាពនៃវិសមភាពយេនឌ័រនៅក្នុងប្រទេសកូរ៉េខាងត្បូង ទោះបីជាប្រទេសនេះស្ថិតនៅជិតបាតតារាង បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។ ហេតុដូច្នេះហើយ ករណីនេះបានជះកំហឹងដល់ស្រ្តី និងជំរុញឱ្យស្រ្តីចូលរួមតវ៉ាទម្លាក់លោក Yoon។ ការខកចិត្តនេះមិនត្រឹមតែជាការព្រងើយកន្តើយរបស់ប្រធានាធិបតីនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ដោយការប្រកាន់ជំហរប្រឆាំងស្ត្រីនិយមផងដែរ។

ស្ត្រីកូរ៉េខាងត្បូងជាប្រវត្តិសាស្ត្រ តែងឈរនៅលំដាប់ជួរមុខក្នុងការតស៊ូទាមទារសិទ្ធិសេរីរបស់ខ្លួន ក៏ប៉ុន្តែអាកប្បកិរិយាអវិជ្ជមានចំពោះស្រ្តីទាំងនេះនៅតែបន្តកើតឡើងជារឿយ និងទំហំនៃការបៀតបៀនកាន់តែខ្លាំងឡើង។ បាតុករជាស្ត្រីវ័យក្មេងមួយចំនួន បានលើកឡើងថា បានប្រឈមនឹងអំពើហឹង្សាដោយពាក្យសំដី ឬផ្លូវកាយនៅក្នុងអំឡុងពេលធ្វើបាតុកម្ម។ មិនត្រឹមតែស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងជាទូទៅប្រាថ្នាចង់បានការផ្លាស់ប្តូរក្នុងនយោបាយ បន្ទាប់ពីមានការបញ្ហាជាញឹកញាប់កាលពីចុងឆ្នាំមុន។

 

ប្រជាជនស្ទើរតែ ៨០% បានចូលរួមនៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្មី ដោយព្រឹត្តិការណ៍នេះបានខកខានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចំពោះការគាំទ្រសម្រាប់លោក​ Lee ភាគច្រើន គឺកើតចេញពីការខកចិត្តរបស់ប្រជាពលរដ្ឋទៅលើគោលនយោបាយរបស់អតីតប្រធានាធិបតី។ ខណៈពេលដែលស្ត្រីភាគច្រើនបានបោះឆ្នោតឱ្យលោក​ Lee ពួកគេមានក្តីសង្ឃឹមកាន់តែច្រើនទៅលើការផ្លាស់ប្តូរជាវិជ្ជមាន ទាក់ទងនឹងវិសមភាពយេនឌ័រដែលកើតឡើងក្រោមអធិបតីភាពរបស់លោកជាជាងប្រធាន បក្សអំណាចប្រជាជន (PPP)។  ជាធម្មតាអ្នកបោះឆ្នោតអភិរក្សនិយមរំពឹងថា លោកនឹងធ្វើតាមការណែនាំបែបអភិរក្សកណ្តាលបន្ថែមទៀត។

បច្ចុប្បន្នលោក Lee កំពុងប្រឈមនឹងករណីផ្លូវច្បាប់ជាច្រើន រួមទាំងការស៊ើបអង្កេតលើអំពើពុករលួយ និងការចោទប្រកាន់លើសេចក្តីថ្លែងការណ៍មិនពិតនៅក្នុងការជជែកពិភាក្សាមួយ ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីចុងក្រោយក្នុងឆ្នាំ២០២២។នៅចំពោះមុខលោក អតីតប្រធានាធិបតីមួយចំនួនត្រូវបានចោទប្រកាន់ ឬកាត់ទោសពីបទពុករលួយ។ អ្នកជំនាញបានព្រមានអំពីហានិភ័យនៃមេដឹកនាំមានអំណាចក្នុងប្រទេសកូរ៉េខាងត្បូង ដែលសំដៅលើបាតុភូតនៃមេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ រំលងស្ថាប័ន និងដំណើរការប្រជាធិបតេយ្យដែលធ្លាប់ជាប់ឆ្នោត។

ការប្រកាសច្បាប់អាជ្ញាសឹកដោយអតីតប្រធានាធិបតី លោក Yoon អាចត្រូវបានគេមើលឃើញថា ជាទង្វើជះផលអវិជ្ជមានដល់ប្រទេសជាតិ ក៏ដូចជាការប្រើប្រាស់អំណាចដើម្បីបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ប៉ុន្តែក៏ជាអ្វីដែលកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីអាណត្តិទីពីររបស់លោក Donald Trump ផងដែរ។

លោក Lee ផ្ទាល់បានប្រកាសថា គាត់ចង់កសាងរដ្ឋាភិបាលដែលអាចបត់បែនបាន និងជាក់ស្តែង ពោលគឺជារដ្ឋាភិបាលដែលទទួលយកការរស់នៅតាមបែបសេដ្ឋកិច្ចរបស់ប្រទេស ដែលជាភារកិច្ចចម្បងមួយ។ ប្រជាពលរដ្ឋរំពឹងថា ការផ្តោតអារម្មណ៍របស់រដ្ឋាភិបាលថ្មីនឹងមិនអាចគាបសង្កត់លើសិទ្ធិស្ត្រី និងសមភាពយេនឌ័រគ្រប់ពេលនោះទេ។ ផ្ទុយទៅវិញ វាអាចទៅរួចដែលថាប្រធានបទនេះភាគច្រើន នឹងត្រូវគេចវេសក្នុងការប៉ុនប៉ងទប់ស្កាត់ការបែងចែកសង្គមរវាងបុរស និងស្ត្រី មិនឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

​នៅមុន​ការ​បោះ​ឆ្នោត លោក​ប្រធានាធិបតីកូរ៉េខាងត្បូងសម្រាប់អាណត្តិនេះ បាន​ដាក់ចម្ងល់ថា ហេតុ​អ្វី​បាន​ជា​អ្នក​បន្ត​វេនអាណត្តិមុនបែង​ចែក​លក្ខខណ្ឌរស់នៅរវាងមនុស្ស​ប្រុសនិង​ស្រី? ដោយលោកឆ្លើយយ៉ាងសាមញ្ញថា ភេទទាំងពីរនេះសុទ្ធ​តែ​ជា​ជនជាតិ​កូរ៉េ។ នេះគឺជាឱកាសតិចតួចសម្រាប់ស្រ្តី ក្នុងការមានក្តីសង្ឃឹមថា វឌ្ឍនភាពណាមួយនឹងត្រូវបានធ្វើឡើងក្នុងការលុបបំបាត់វិសមភាពយេនឌ័រជាប្រព័ន្ធក្នុងពេលឆាប់ៗនេះ ប៉ុន្តែស្ត្រីកូរ៉េខាងត្បូងនឹងមិនបោះបង់ការតស៊ូនោះទេ ព្រោះសុខភាពនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសរបស់ពួកគេ អាចពឹងផ្អែកលើសំឡេងរបស់ពួកគេបាន៕

អត្ថបទសរសេរដោយ កញ្ញា នីណា ហេតដ៍ (Ms. Nina Heide)

បកប្រែជាខេមរភាសាដោយ កញ្ញា កែវ សុជាតា

Share

ព័ត៌មានទាក់ទង