en     km
en     km

យុវជនកម្ពុជាស្នើបញ្ចូលកម្មវិធីអបរំសហគ្រិនភាពចូលក្នុងប្រព័ន្ធអបរំ ខណៈក្រសួងអប់រំកំពុងពិចារណា

Share

យុវជនកម្ពុជា បានធ្វើការស្រាវជ្រាវពីការអប់រំសហគ្រិនភាព នៅតាមបណ្ដាលរាជធានីខេត្ត ទាំង២៥ ថានៅមានកម្រិតខ្សោយ និងបានស្នើឱ្យក្រសួងអប់រំដាក់បញ្ចូលកម្មវិធីសហគ្រិនភាពក្នុងប្រព័ន្ធអប់រំ ដើម្បីជំរុញការចាប់យកចំណេះដឹង និងជំនាញនៅថ្ងៃអនាគត ខណៈក្រសួងអប់រំកំពុងពិចារណាលើរឿងនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្នុងទិវាសហគ្រិនភាពឆ្នាំ២០២២ ដែលបានរៀបចំកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានយុវជនកម្ពុជា ចំនួន១០រូប បានធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវរបស់ខ្លួន លើសារៈសំខាន់ និងភាពចំបាច់ក្នុងការដាក់ បញ្ចូលកម្មវិធីអប់រំ សហគ្រិន ភាពទៅក្នុងប្រព័ន្ធអប់រំ។

យុវជនទាំង១០រូបមានអាយុចន្លោះពី១៥ ទៅ ២២ឆ្នាំ ជាសិស្ស និងនិស្សិតមកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានា បានស្រាវជ្រាវដោយការស្ទង់មតិជាមួយសិស្សនិស្សិតចំនួន៨២នាក់ បានបង្ហាញឱ្យឃើញ ថា និស្សិតដែលកំពុង សិក្សានៅថ្នាក់ឧត្តមសិក្សា គិតថាការអប់រំសហគ្រិនភាពពិតជាមានសារៈសំខាន់ ដែលជា ការត្រៀមខ្លួនក្នុងការចាប់យកចំណេះដឹង និងជំនាញនៅថ្ងៃអនាគត។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការផេកកម្ពុជា។ តែទោះបីជាយ៉ាងណា សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់តាមរយៈការស្រាវជ្រាវរបស់យុវជនថា ការអប់រំអំពី សហគ្រិនភាពតាមគ្រប់រូបភាពទាំងអស់នៅមានកម្រិត និងមិនទាន់មានលក្ខណៈ ទូលំទូលាយនៅឡើយទេ ជាពិសេសនៅតាមបណ្តាខេត្ត។

កញ្ញា ម៉ុស សត្ថារិទ្ធ ជានិស្សិតនៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជាយុវតីម្នាក់ក្នុងចំណោម១០ នាក់បានឱ្យដឹងថាតាមការស្រាវជ្រាវលើការអប់រំសហគ្រិនភាពនៅតាមខេត្ត គឺនៅមានតិចតួចបំផុត ខណៈតាមសាលាមានត្រឹម១ថ្នាក់ ឬ២ថ្នាក់ប៉ុណ្ណោះលើការសិក្សាលើសហគ្រិនភាព។

យុវតីរូបនេះ បន្ថែមថា ការសិក្សាលើសហគ្រិនភាពមានសារសំខាន់ណាស់ ខណៈប្រទេសដទៃបានយកការសិក្សាកម្មវិធីសហគ្រិនភាពនេះបញ្ចូលក្នុងប្រព័ន្ធអប់រំ ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន។

ចំណែកយុវជនម្នាក់ទៀតមានឈ្មោះថា ផេង សុឃួន ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ការស្រាវជ្រាវពីការអប់រំសហគ្រិនភាព គឺមានសារសំខាន់ដូចគ្នា ព្រោះវាបានជះឥទ្ធិពលលើសេដ្ឋកិច្ច និងសង្គម ជាពិសេសការរស់នៅប្រចាំថ្ងៃ។

បែបនេះក្ដី យុវតីម្នាក់ទៀតឈ្មោះថា ហួ លីហ័រ ជាសិស្សថ្នាក់ទី១១​នៃសាលាមីគីវេ បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវពីការអប់រំសហគ្រិនភាពនៅរាជធានីភ្នំពេញក៏មិនសូវមានបង្រៀននៅតាមសាលាដែរ។ យុវតី រៀននៅសាលាឯកជនរូបនេះបន្ថែមថា មុខវិជ្ជាសហគ្រិនភាពគឺសំខាន់ ហើយចូលរួមការស្រាវជ្រាវនេះក៏ផ្ដល់ឱ្យខ្លួនបានបទពិសោធន៍ក្នុងការសិក្សាផងដែរ

តាមរយៈវេទិកាសន្ទនា ស្ដីពី«កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន»  កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ក្រុមយុវជនទាំង១០នាក់ បានប្រើប្រាស់សំឡេងរបស់ខ្លួនក្នុងការលើកឡើងពីសំណូមពរទៅកាន់តំណាង ក្រសួងអបរំ យុវជន និងកីឡា ក្នុងការពង្រីកវិសាលភាពនៃការដាក់បញ្ចូលកម្មវិធីអប់រំអំពីសហគ្រិនភាពទៅក្នុងប្រព័ន្ធ អប់រំចំណេះដឹង ទូទៅចាប់ពីថ្នាក់ទី ៧ ដល់ ១២ ព្រមទាំងផ្សព្វផ្សាយ និងជំរុញការអប់រំអំពីសហគ្រិនភាព ឲ្យបានទូលំទូលាយក៏ដូចជាផ្ដល់ឱកាសបន្ថែមទៀតឱ្យយុវជនចូលរួម និងលើកជាមតិ កែលម្អ ក្នុងការរៀបចំគោលនយោបាយនានា ពាក់ព័ន្ធនឹង ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលកម្មវិធីធុរកិច្ចជាតិសម្រាប់យុវជនឆ្នាំ២០២២ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មិនទាន់ឆ្លើយតប ថាអនុញ្ញាឱ្យបញ្ចូលការអប់រំសហគ្រិនភាព ចូលក្នុងកម្មវិធីអប់រំនៅឡើងទេ តែមានការបេ្តជ្ញាចិត្តក្នុងការដាក់បញ្ចូលកម្មវិធីសហគ្រិននេះក្នុងប្រព័ន្ធអប់រំនាពេលខាងមុខ។

តែបើតាមការឱ្យពីយុវជន ផេង សុឃួនថា ក្រសួងកំពុងពិនិត្យពិចារណាដាក់បញ្ជូលការអប់រំសហគ្រិនភាពនេះ ចូលក្នុងមុខវិជ្ជាសិក្សាសង្គម ផ្នែកគេហកិច្ច ចាប់ពីកម្រិតវិទ្យាល័យ រហូតដល់វិទ្យាល័យ។ រីឯកញ្ញា ម៉ុស សត្ថារិទ្ធក៏លើកឡើងស្រដៀងគ្នាដែរថា ក្រសួងកំពុងឆ្លងកាត់ការត្រួតពិនិត្យការដាក់បញ្ជូលក្នុងកម្មវិធីសិក្សា។ សូមបញ្ជាក់ថា ការលើកឡើងរបស់យុវជនទាំងពីរ គឺផ្អែកតាមការឆ្លើយតបរបស់តំណាងក្រសួងអប់រំ ខណៈចូលរួមទិវាសហគ្រិនភាពឆ្នាំ២០២២ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

សូមជម្រាបថា កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អង្គការអន្តរជាតិខាងការងារ (ILO) និងទទួលបានការឧបត្ថម្ភពីវិស័យឯកជន និងអង្គការអន្ដរជាតិមួយចំនួន ក្រោមកិច្ចសម្របសម្រួល របស់អង្គការផេកកម្ពុជា ដើម្បីបង្កើតឱកាសសម្រាប់យុវជនក្នុងការលើកឡើងពីកង្វល់ និងសំណូមពរ របស់ពួកគេទាក់ទងនឹងការដាក់បញ្ចូលកម្មវិធីអប់រំសហគ្រិនភាពទៅ ក្នុងការបង្រៀនចំណេះដឹងទូទៅ នៃប្រព័ន្ធអប់រំផ្លូវការ និងពង្រឹងកិច្ចសហការ និងការពិភាក្សារវាងយុវជន និងមន្ត្រីអប់រំ ព្រមទាំងសិក្សា និងផ្លាស់ប្តូរគំនិតរវាងតួអង្គប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព យុវជន មន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធ៕

#entrepreneurship #យុវជនកម្ពុជា

Share

ព័ត៌មានទាក់ទង