ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជានិងថៃ បានជួបពិភាក្សាគ្នាបន្ថែមលើដោះស្រាយបញ្ហាព្រំដែននៅប្រទេសជប៉ុននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ក្នុងឱកាសនៃការចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី ៣០ ខណៈមេកងទ័ពប្រទេសទាំង ២ បានចរចាគ្នាមួយជំហានកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។នេះបើតាមក្រសួងការបទេសចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍
យោងតាមការចុះផ្សាយព័ត៌មានរបស់ក្រសួងការបរទេសនៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសប្រទេស កម្ពុជា និងប្រទេសថៃ បានជួបពិភាក្សាគ្នាបន្ថែមលើដំណោះស្រាយបញ្ហាព្រំដែន បន្ទាប់ពីយោធាប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយអាវុធបណ្តាលឱ្យទាហានខ្មែរម្នាក់បានស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា។
ឆ្លៀតក្នុងឱកាសនៃការចូលរួមសន្និសីទអន្តរជាតិ នីកគី(Nikkei) លើកទី៣០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរបានពិភាក្សាគ្នា ដោយសង្កត់ធ្ងន់លើស្មារតីនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិប្រតិការ និងភាពជាអ្នកជិតខាងល្អ ដើម្បីស្វែងរកដំណោះស្រាយចំពោះហេតុការណ៍ដែលបានកើតឡើង។
សកម្មភាពពិភាក្សាគ្នារវាងរដ្ឋមន្រ្តីការបរទេស កម្ពុជា-ថៃ នៅប្រទេសជប៉ុន។រូបភាពក្រសួងការបរទេសកម្ពុជា។
បើតាមក្រសួងការបរទេសដដែល ជំនួបនេះនៅមិនទាន់ទទួលបានព័ត៌មានពិស្តារពីលទ្ធផលនៅឡើយទេ។ តែយ៉ាងណា លទ្ធផលនៃការចរចារវាងមេកង ទ័ពប្រទេសទាំងពីរនៅច្រកព្រំដែន ចុងចម-អូរស្មាច់ កាលពីថ្ងៃទី២៩ ខែឧសភា ម្សិលមិញបានប្រព្រឹត្តិទៅដោយសន្តិវិធី ខណៈភាគីទាំងពីរស្រុះស្រួលគ្នា លើបួនចំណុចសំខាន់ៗ។
ទី១-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈនៃការយោគយល់គ្នា(MOU) ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យព្រំដែនប្រទេសទាំងពីរក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។
២-ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ២ឬ៣ សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
៣-ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥។
និងទី៤-ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ MOU ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
សូមបញ្ជាក់ថា លទ្ធផលនៃជំនួបចរចាររវាងកម្ពុជា ថៃ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ភាគីកម្ពុជាដឹងនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងភាគីថៃលោកនាយឧត្តមសេនីយ៍ ប៉ាណា គ្លូវឡាតុក(Pana Klaewblaudtuk)។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជានិងថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវនៅចំណុចព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ គឺលោកព្រឹន្ទបាលឯក សួន រ៉ោន ៕
អត្ថបទដោយ កញ្ញា ឡុង សំនៀង