ភ្នំពេញ៖ បន្ទាប់ពីមេយោធាកម្ពុជានិងថៃ បានជួបគ្នានិងបានសម្រេចកែសម្រួលកម្លាំងទាហានដើម្បីការប៉ះទង្គិចគ្នាណាមួយនោះ ប្រការនេះបាននាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនរិះគន់ពីកម្សោយរបស់កម្ពុជាដែលធ្លាប់តែប្រកាសតទល់ដល់ទីបញ្ចប់ តែបែបជាមកសម្រួលកងទ័ពចេញពីតំបន់ជម្លោះទៅវិញ។ ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជានិងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាបានចេញមកពន្យល់ពីការឯកភាពសម្រួលកងទ័ពនេះថា មិនមែនជាការដកកងទ័ពចេញនោះទេ ហើយការសម្រួលកងទ័ពនេះគឺជាមធ្យោបាយបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំតែប៉ុណ្ណោះ។
កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនបានចេញមុខបកស្រាយធ្វើការពន្យល់ជាបន្តបន្ទាប់ពីហេតុផលនៃការកែសម្រួលកម្លាំងទាហានទាំងសងខាងរវាងកម្ពុជានិងថៃ ខណៈអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនបានដាក់ការស្តីបន្ទោសពីជំហររបស់កម្ពុជាជុំវិញជម្លោះព្រំដែននេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារបញ្ជាក់ថា ពុំមានឡើយការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលធ្លាប់ឈរជើងកាន់កាប់ជាយូរមកហើយនោះ។ ក្រសួងបញ្ជាក់ថា រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា ការកែសម្រួលកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ពុំមានការដកចេញពីតំបន់ជម្លោះនោះទេ។
ជាមួយគ្នានេះដែល សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបាន ពន្យល់ពីកែសម្រួលកម្លាំងទាហានទាំងសងខាងនេះថា គឺធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំតែប៉ុណ្ណោះ។សម្តេចថា ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះទេ។
ជាមួយគ្នានេះដែរ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើង ៨ ចំណុចជុំវិញការសម្រេចសម្របសម្រួលកម្លាំងទាហានទាំងសងខាងរវាងកម្ពុជានិងថៃ ដោយកុំឱ្យពលរដ្ឋយល់ច្រលំតាមព័ត៌មានមិនច្បាស់ការណ៍ នាំឱ្យមានការវាយតម្លៃខុសសភាពការពិតជាក់ស្តែងរបស់ទាហាន។
សម្រាប់អ្នកនាំពាក្យរដ្ឋាភិបាល ជម្រើសនៃការបញ្ចៀសសង្គ្រាម គឺជានយោបាយឈ្នះៗសម្រាប់ប្រជាជនប្រទេសទាំងពីរ ដ្បិតបើផ្ទុះសង្គ្រាម ការបាត់បង់អាយុជីវិត ការខូចខាតផ្នែកសេដ្ឋកិច្ច និងការចំណាយផ្សេងៗនឹងធ្វើឱ្យប្រទេសទាំងពីររងការខូចខាតដ៏ធំមហិមា ហើយក៏មិនអាចដោះស្រាយបញ្ហាអ្វីបាននោះដែល។ លោក ប៉ែន បូណា សង្កត់ធ្ងរថា យុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការជ្រើសរើសយកជម្រើសចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ គឺជាជម្រើសនយោបាយសន្តិភាពនិយមក្នុងការបញ្ចៀសសង្គ្រាម ហើយក៏ជាមហាជោគជ័យមួយទៀតសម្រាប់ប្រទេសជាតិនិងប្រជាជនផងដែរ។
ជុំវិញការសម្រួលកងទ័ពនេះ ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភពព័ត៌មានផ្លូវការ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិដើម្បីកុំឱ្យមានការយល់ច្រឡំ និងអាចបង្កឱ្យមានការបញ្ឆេះអារម្មណ៍ជាតិសាសន៍ និងការកើនឡើងនៃស្ថានភាពតានតឹង៕
អត្ថបទដោយ៖ ឡុង សំនៀង