en     km
en     km

នាយករដ្ឋមន្រ្តីកម្ពុជាលើកសរសើរការរីកចម្រើនវិស័យនានាជាមួយថៃ

Share

ភ្នំពេញ៖ទោះក្នុងវិបត្តិកូវីដ១៩ សម្ដេច ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានៅតែលើកឡើងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងថៃ បានផលល្អជាទីមោទនៈ។ ខណៈភាគីថៃ ដែលមានលោក ប៉ាន់យ៉ារ៉ាក ពុលផាប់ ជាឯកអគ្គរាជទូតទើបបញ្ជប់តំណែងបាននិយាយថា ក្នុងពេលមានវិបត្តិរាត្បាតសកល ទំនាក់ពាណិជ្ជកម្មមានការកើនឡើង១០ ភាគរយ ហើយវិស័យដទៃក៏មានការរីកចម្រើនដែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានជួបជាមួយ ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា លោក ប៉ានយ៉ារាក់ ពុលផាប់ ដែលទើបបញ្ចប់អាណត្តិរបស់ខ្លួន ។ ក្នុងជំនួបលាលែងពីតំណែងរបស់លោកឯកអគ្គរាជទូត, សម្ដេចនាយករដ្ឋមន្ដ្រីបានឱ្យដឹងថា ទោះបីកូវីដ១៩ តែទំនាក់ទំនងរវាងប្រទេសទាំងពីរ (ខ្មែរ-ថៃ) មានកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀត បានយ៉ាងល្អជាទីមោទនៈ។

លោកប៉ាយ៉ារ៉ាក់ ដែលក្លាយជាឯកអគ្គរាជទូតនៅកម្ពុជា តាំងពីឆ្នាំ២០១៨ បានប្ដេជ្ញាពេលចូលមកបម្រើការងារថា លោកនឹងពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងថៃឲ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់។ ក្រោយបញ្ចប់អាណត្តិ លោកបាននិយាយថា លោកបានសម្រេចតាមការប្ដេជ្ញាហើយ។ ជាក់ស្ដែង ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃបានកើនឡើង ១០% ក្នុងអាណត្តិរបស់លោក ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ក៏ដោយ។ ក្រៅពីនេះ វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។ នេះបើផ្អែកទៅតាមការបង្ហោះក្នុងហ្វេសប៊ុក សម្ដេច ហ៊ុន សែន។

ចំពោះវិស័យទេសចរណ៍វិញ នាពេលថ្មីៗនេះ កម្ពុជា-ថៃបានឯកភាពគ្នាជាង១០ចំណុចក្នុងការស្ដារវិស័យទេសទេសចរណ៍រួមគ្នាជាការស្ដារឡើងវិញ ក្រោយកូវី១៩។ តែបើតាមក្រសួងទេសចរណ៍ មានផែនការសកម្មភាពរួមរតែ៥ប៉ុណ្ណោះ ដែលផ្ដោតលើខ្លឹមសារសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា ទី១ គឺពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន។ ទី២ គឺការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ «ប្រទេសពីរ គោលដៅមួយ» ទី៣ ទាក់ទងដល់ការអភិវឌ្ឍធនធានមនុស្ស ទី៤.ការអភិវឌ្ឍគុណភាពទេសចរណ៍ និងទី៥.ការផ្សព្វផ្សាយឱកាសវិនិយោគទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។

ទោះយ៉ាងណា នៅក្នុងជំនួបលាគ្នា នាវិមានសន្ដិភាព សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក ប៉ានយ៉ារ៉ាក់ ពុលផាប់ ដែលបានប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជូនពរលោកទទួលបានជោគជ័យ ក្នុងបេសកកម្មនាពេលអនាគតបន្តទៅទៀត ៕

#សម្ដេច ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា #ទំនាក់ពាណិជ្ជកម្មខ្មែរ-ថៃ

Share

ព័ត៌មានទាក់ទង