en     km
en     km

ក្រសួងបរិស្ថានកម្ពុជាថាការបំពុលខ្យល់នៅកម្ពុជាមិនចោទជាបញ្ហាខណៈថៃស្នើឱ្យដោះស្រាយរួមគ្នា

Share

ផ្អែកតាមការអះអាងរបស់ក្រសួងបរិស្ថានកម្ពុជាបានឱ្យដឹងថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ៤០ មីក្រូក្រាមក្នុងមួយម៉ែត្រគីបតែប៉ុណ្ណោះ ដែលកម្រិតបំពុលនេះ មិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភនោះទេ។ ក្រសួងបរិស្ថានបញ្ជាក់ថាការបំពុលនេះ មានកម្រិតតូចជាងកម្រិតស្ដង់ដាដែលកំណត់ដោយអង្គការសុខភាពពិភពលោក ។

រូបតំណាង

ការចេញសេចក្ដីបញ្ជាក់ពីស្ថានភាពខ្យល់ពុលនៅកម្ពុជាដោយក្រសួងបរិស្ថានបែបនេះ ធ្វើឡើងក្រោយមានការផ្សព្វផ្សាយដោយសាធារណៈមតិ និងសារព័ត៌មានមួយចំនួនបានបង្ហាញការព្រួយបារម្ភពីបញ្ហាបំពុលខ្យល់នៅកម្ពុជា ខណៈភាគីប្រទេសថៃបានស្នើមកកម្ពុជាឱ្យធ្វើការដោះស្រាយរួមគ្នាទប់ស្កាត់លើបញ្ហាបំពុលខ្យល់ឆ្លងដែននេះ កាលពីចុងសប្ដាហ៍មុន។
យោងតាម The Nation News របស់ប្រទេសថៃ បានលើកឡើងកាលពីថ្ងៃទី៣ ខែកុម្ភៈថា អនុរដ្ឋមន្ត្រីការបរទេសថៃបានទូរសព្ទមកកាន់រដ្ឋមន្ដ្រីក្រសួងបរិស្ថានកម្ពុជា លោក អ៊ាង សុផល្លែត ដើម្បីពិភាក្សាអំពីវិធានការបញ្ហាភាគល្អិតនិចល ឬហៅថា PM2.5ក្នុងខ្យល់។


លោក Jakkapong អនុរដ្ឋមន្ត្រីការបរទេសថៃ បាននិយាយថា បញ្ហា PM2.5 ជារឿយៗកើតឡើងក្នុងខែត្រជាក់ ហើយប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងតំបន់។ សារព័ត៌មាន The Nation ថាគោលដៅរបស់ប្រទេសថៃ គឺស្វែងរកកិច្ចសហប្រតិបត្តិការពីប្រទេសជិតខាងក្នុងការដោះស្រាយបញ្ហាបំពុលខ្យល់ ហើយកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមនោះ។
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃ។ បញ្ហាប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ឆ្លងដែននេះដែរ ក៏នឹងត្រូវបានលើកឡើងមកជជែក នៅពេលសម្ដេចជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។ នេះបើតាម The Nation។
កាលពីអំឡុងខែមករាពេលកន្លងទៅ ប្រទេសថៃត្រូវបានហ៊ុមព័ទ្ធដោយផ្សែងពុលក្នុងក្រុង រហូតដល់អភិបាលក្រុងបាងកក បានទប់ស្កាត់ប្រជាពលរដ្ឋឱ្យធ្វើការពីផ្ទះបណ្ដោះអាស្នន ដើម្បីបញ្ជៀសខ្យល់ពុល។ សារព័ត៌មានថៃបានចុះផ្សាយថា ការបំពុលខ្យល់ក្នុងប្រទេសរបស់ខ្លួន គឺដោយសារការសាយភាយផ្សែងពីការដុតព្រៃ ដុតសំណល់កសិកម្ម ចំប៉ើងនៅតាមវាលស្រែពីកម្ពុជា។


យ៉ាងណាសម្រាប់ភាគីកម្ពុជា ក្រសួងក៏ធ្លាប់បានចេញសេចក្ដីប្រកាសព័ត៌មានដោយណែនាំនូវវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់ប្រជាពលរដ្ឋផងដែរ ដូចជាកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀត។ ជាមួយគ្នា ក្រសួងបរិស្ថានថា បច្ចុប្បន្ននេះកំពុងដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃខៀវ ក្នុងការទប់ស្កាត់បញ្ហាបំពុលខ្យល់នេះបន្ថែមទៀត។
បើតាមការអះអាងរបស់ក្រសួងបរិស្ថានថា ការការពារគុណភាពខ្យល់នៅតែជាការងារអាទិភាពរបស់ក្រសួង។ ក្នុងនោះក្រសួងនឹងត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្ដរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងលើពិភពលោក៕

Share

ព័ត៌មានទាក់ទង