en     km
en     km

កងទ័ពកម្ពុជា-ចិន ត្រៀមរៀបចំសមយុទ្ធ«នាគមាស-២០២៥»ខាងមុខឆាប់ៗនេះ

Share

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌។ នេះបើតាមទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យក្រសួងការពារជាតិកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។

សកម្មភាពសមយុទ្ធនាគមាសកាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុកអ្នកនាំពាក្យក្រសួងការពារជាតិ។

បើតាមអ្នកនាំពាក្យសមយុទ្ធនេះ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងទស្សនៈសន្តិសុខ លើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្តែងរវាងកងទ័ពប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

សកម្មភាពសមយុទ្ធនាគមាសកាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុកអ្នកនាំពាក្យក្រសួងការពារជាតិ។

សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ ត្រូវចែកចេញជា២ផ្នែក ទី១៖ សមយុទ្ធលើគោកនិងអាកាស ធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ខេត្តព្រះសីហនុ។ សមយុទ្ធនេះមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើប ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទនាពេលបច្ចុប្បន្នផងដែរ។

សកម្មភាពសមយុទ្ធនាគមាសកាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុកអ្នកនាំពាក្យក្រសួងការពារជាតិ។

សម្រាប់ក្រសួងការពារជាតិ សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន និងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ៕

Share

ព័ត៌មានទាក់ទង