en     km
en     km

អាជ្ញាធរអេដស៍កម្ពុជា៖ការផ្តល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍នៅដំណើរការធម្មតាទោះបីជំនួយអាមេរិកត្រូវផ្តាច់

Share

ភ្នំពេញ៖ មន្រ្តីអាជ្ញាធរអេដស៍កម្ពុជាប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះថា ដំណើរការផ្តល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ទៅកាន់អ្នកផ្ទុកជំងឺអេដស៍នឹងអាចដំណើរការជាប្រក្រតីធម្មតានោះទេ ទោះបីជាអនាគតដ៏ខ្លីខាងមុខនេះ សហរដ្ឋអាមេរិកផ្អាកជំនួយក៏ដោយ។ ការហ៊ានអះអាងពីនិរន្តភាពបែបនេះ ដ្បិតអាជ្ញាធរអេដស៍ថា ស្ថាប័នខ្លួនមានប្រភពជំនួយពីស្ថាប័នអន្តរជាតិផ្សេងៗទៀតក្រៅតែពីជំនួយរបស់អាមេរិក ពិសេសគឺថវិកាជំនួយពីរដ្ឋាភិបាលកម្ពុជា។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

បើទោះបីជាស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមួយចំនួនមានការរង្គោះរង្គើស្ថិរភាពថវិកា ក្រោយរដ្ឋបាលសហរដ្ឋអាមេរិកបង្កកជំនួយក្តី តែស្ថាប័នអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា នៅតែអាចបន្តដំណើរការរបស់ខ្លួនលើកិច្ចការផ្តល់ឱសថប្រឆាំងនឹងមេរោគអេដស៍ដដែល។ នេះជាការគូសបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។

សម្រាប់លោកវេជ្ជបណ្ឌិតជំនួយថវិកាពីសហរដ្ឋអាមេរិកក្នុងកិច្ចការប្រយុទ្ធប្រឆាំងមេរោគអេដស៍កន្លងមកពិតជាបានធ្វើឱ្យប្រសើរនូវស្ថានភាពសុខភាពរបស់អ្នកផ្ទុកមេរោគអេដស៍ ទាំងការអប់រំ ការថែទាំ និងព្យាបាល។ តែយ៉ាងណាលោកបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅមានមធ្យោបាយជាច្រើនទៀតក្នុងការដោះស្រាយរកប្រភពថវិកាក្រៅតែពីជំនួយរបស់អាមេរិក នោះគឺប្រភពថវិកាពីស្ថាប័នអន្តរជាតិផ្សេងៗ និងប្រភពជំនួយពីរដ្ឋាភិបាលដែលមានស្រាប់។

លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា៖«យើងកំពុងតែគិតហើយក្រុមការងាររបស់យើងក៏បានការជួយជ្រោមជ្រែងពីក្រសួងសុខាភិបាលក្រោយពេលយើងរាយការណ៍ទៅ គឺយើងកំពុងរកវិធានការបំពេញការខ្វះចន្លោះហ្នឹង បើខ្វះច្រើនយើងបំពេញច្រើន បើខ្វះតិចយើងបំពេញតិច។ហើយមកទល់ពេលនេះយើងពុំទាន់ជួបបញ្ហាធ្ងន់ធ្ងរនៅឡើយទេ»។

លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ឡើងធ្វើបទបង្ហាញកាលពីពេលកន្លងទៅ។រូបភាពពីបណ្តាញសង្គម។

នៅក្នុងកិច្ចប្រជុំក្រុមការងាររួមរវាងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍស្តីពី  មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា(The Government-Donor Joint Technical Working Group on HIV/AIDS Meeting) លើកទី១ ឆ្នាំ២០២៥ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាជាមួយនាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ដើម្បីស្តាប់អំពីស្ថានភាពជំនួយអន្តរជាតិ ភាពមិនច្បាស់ លាស់នៃផ្នែកហិរញ្ញប្បទាន ក្រោតរដ្ឋបាលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាច។

កិច្ចប្រជុំដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរអេសដ៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី លើកឡើងថា ដោយសារគោលនយោបាយជាតិក្នុងការរក្សាភាពជាម្ចាស់និងការធានាដោយចីរភាព ដូច្នេះរហូតដល់ឆ្នាំ ២០២៧ កម្ពុជានៅមិនទាន់ខ្វះឱសថប្រឆាំងនឹងមេរោគអេដស៍សម្រាប់អ្នកជំងឺនោះទេ។ ត្រង់ចំណុចនេះ ចង់សំដៅថា ថវិកាបានមកពីជំនួយមូលនិធិសកលនានានឹងត្រូវកាត់បន្ថយថវិកាពី៣០%ទៅ៥០%នៅជុំបន្ទាប់ក្នុងឆ្នាំ២០២៧។

សកម្មភាពនៃកិច្ចប្រជុំក្រុមការងាររួមរវាងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍស្តីពី  មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា(The Government-Donor Joint Technical Working Group on HIV/AIDS Meeting) លើកទី១ ឆ្នាំ២០២៥។រូបភាពពីហ្វេសប៊ុកអាជ្ញាធរអេដស៍។

ក៏ប៉ុន្តែប្រសាសន៍របស់លោក អៀង មូលី បញ្ជាក់ថា ស្ថាប័នអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលថវិកាពីរាជរដ្ឋាភិបាលចំនួន ៥លានដុល្លារក្នុង១ឆ្នាំៗដើម្បីទិញឱសថប្រឆាំងនឹងមេរោគអេដស៍ ព្រមទាំងថវិកា ប្រមាណ១,៨៤លានដុល្លារក្នុង១ឆ្នាំៗលើការងារគាំពារសង្គម ដោយមិនទាន់រាប់បញ្ចូលជំនួយពីមូលនិធិផ្សេងទៀត ដូច្នេះការផ្គត់ផ្គង់ថ្នាំសម្រាប់អ្នកជំងឺនោះពុំមានបញ្ហាអ្វីឡើយ។

តែលោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា ថាទោះបីជា កម្ពុជាពុំមានបញ្ហារអាក់រអួលលើការផ្តល់ថ្នាំជូនអ្នកជំងឺក្តី តែសកម្មភាពអប់រំប្រជាពលរដ្ឋនៅមូលដ្ឋានពីបញ្ហាអេដស៍នឹងអាចត្រូវបានបង្រួមឱ្យតូចជាងមុន ដ្បិតយោងតាមទំហំថវិកាដែលមានលើការអនុវត្តសកម្មភាពការងារ។

លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា៖«បើសិនជាដាច់ថ្នាំខ្ញុំលើកឱ្យចំទៅគឺមានរឿងធំជាងហ្នឹង តែបើ​ដាច់លុយឧបត្ថម្ភ[Spons] ការ ងារសហគមន៍ ការងារសង្គម​អីចឹងវានៅអាចដំណើរការនៅឡើយទេ ការងារហ្នឹងបានក៏បានខ្លះទៅវាអត់បានក៏អត់ខ្លះទៅ។ឧទារហណ៍ថា យើងធ្លាប់ធ្វើមួយឆ្នាំម្តង ឥឡូវយើងធ្វើពីរឆ្នាំម្តងវិញចឹងទៅណា។​មួយទៀតការងារអប់រំបង្ការត្រូវមានការចូលរួមទាំងអស់គ្នាទៅពន្យល់ពលរដ្ឋ ហើយពលរដ្ឋក៏ត្រូវមានក្រុមចុះពន្យល់អ្នកផ្ទុកបន្ត​»។

រូបភាពអ្នកផ្ទុកមេរោគអេដស៍លើបណ្តាញសង្គម។

នាឱកាសកិច្ចប្រជុំនោះដែរ លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បង្ហាញថា ថវិកាជំនួយលើការងារអេដស៍នៅកម្ពុជាមួយផ្នែកគឺបានមកពីមូលនិធិសកល និងUSAID/USCDCរបស់សហរដ្ឋអាម៉េរិក។ ក្នុងនោះ ជំនួយពីសហរដ្ឋអាម៉េរិកកម្ពុជាបានទទួលការអនុញ្ញាតឱ្យប្រើប្រាស់វិញបន្ទាប់ពីផ្អាកមួយរយៈ។ ប៉ុន្តែការអនុវត្តគម្រោងគឺអនុវត្តបានត្រឹមខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះតែប៉ុណ្ណោះ។

ទោះបីជាជំនួយពីសហរដ្ឋអាមេរិកនឹងត្រូវបានដាច់នាពេលខាងមុនបន្តិចទៀតក្តី តែលោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អំពាវនាវដល់សាធារណជនទាំងអស់កុំមានការព្រួយបារម្ភចំពោះបញ្ហាកង្វះខាតថ្នាំប្រឆាំងជំងឺអេដស៍ ព្រោះស្ថាប័នពាក់ព័ន្ធបាននិងកំពុងតែបន្តកិច្ចការកៀរគរថវិកាពីប្រភពជំនួយនានា ធានាមិនឱ្យជួបបញ្ហាកង្វះថ្នាំលេបនោះឡើយ។

លោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា៖«​ខ្ញុំមិនធានាអះអាងថាម៉េចទេ តែក្នុងនាមខ្ញុំផ្ទាល់ដែលធ្វើការងារក្នុងវិស័យបង្ការ ថែទាំ ព្យាបាលអ្នកជំងឺអេដស៍ហ្នឹងដែរ ចឹងទី១សម្រាប់ការព្យាបាលមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគគឺយើងមានគោលការណ៍ការព្យាបាលច្បាស់លាស់ ហើយឱសថក៏មានការផ្គត់ផ្គង់ត្រឹមត្រូវផងដែរមកទល់ពេលនេះ។ចឹងយើងគិតថា វាមិនទាន់មានបញ្ហាអីទេកុំមានការព្រួយបារម្ភខ្លាំងពេកទេ»។

រូបតំណាងពីបណ្តាញសង្គម។

របាយការណ៍កម្មវិធីបង្ការ ថែទាំ និងព្យាបាល ជំងឺអេដស៍ និងជំងឺកាមរោគសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានសេវាថែទាំនិងព្យាបាលជំងឺឱកាសនិយម និងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ចំនួន ៧៤ កន្លែង នៅក្នុង ២៥ រាជធានី-ខេត្ត ។ ក្នុងចំណោមសេវាទាំង ៧៤ កន្លែង គឺ សេវាចំនួន ៧២ កន្លែង ស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាល និងសេវាចំនួន ២ កន្លែង ទៀតដំណើរការដោយអង្គការមិនមែនរដ្ឋាភិបាល។

សម្រាប់គ្លីនិកសុខភាពគ្រួសារវិញមានចំនួនសរុប ៥៨ កន្លែង ដែលក្នុងនោះមាន ៣៦ កន្លែង គ្របដណ្តប់លើ ២៥ រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និង ២២ គ្លីនិក ស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវាដោយអង្គការមិនមែន រដ្ឋាភិបាល មានអង្គការរ៉ាក់ ចំនួន ១៥ គ្លីនិក ឈូកស ចំនួន ០១ គ្លីនិក និងអង្គការម៉ារីស្តុបចំនួន ៦ គ្លីនិក។

ដោយឡែកទាក់ទងអ្នកជំងឺវិញ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានអ្នកជំងឺដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ចំនួន ៦៨.១៦៥នាក់ ដែលក្នុងនោះអ្នកជំងឺសកម្មកំពុងទទួលឱសថប្រឆាំងនឹងមេរោគអេដស៍សរុបចំនួន ៦៨.១៥១នាក់ ដោយ ៦៧.១១៥នាក់ ជាមនុស្សពេញវ័យ និង១.០៣៦នាក់ជាកុមារ។

សម្រាប់កិច្ចការពិគ្រោះជំងឺកាមរោគ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ដដែរ ការពិគ្រោះជំងឺកាមរោគនៅតាមគ្លីនិកសុខភាពគ្រួសារទទួលបានការពិគ្រោះជំងឺទាំងអស់ ៤៩.៣៣០ ករណី ក្នុងនោះមាន ៨.៩៨៣នាក់ ជាបុរស និង១.៣៨៤នាក់ ជាក្រុមបុរសស្រឡាញ់បុរស  ៣៧.១៥៣ នាក់ ជាស្ត្រី ១.២២៤នាក់ ជាស្ត្រីបម្រើការនៅសេវាកំសាន្តបានមកធ្វើការពិនិត្យតាមដានបន្តជារៀងរាល់ខែ៕​

 

 

Share

ព័ត៌មានទាក់ទង