en     km
en     km

របាយការណ៍ខេមបូចា៖រយៈពេល៤ឆ្នាំ អ្នកសារព័ត៌មានបន្តរងការយាយីផ្នែកច្បាប់ទាក់ទងបទញុះញង់ និងបរិហាកេរ្តិ៍

Share

ភ្នំពេញ៖ របាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) រកឃើញថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ អ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហាបរិស្ថាន និងបញ្ហាវិវាទដីធ្លី តែងរងការយាយីផ្នែកច្បាប់ និងបំភិតបំភ័យ ពីមន្ត្រីយោធា និងអាជ្ញាធរមូលដ្ឋាន។ ការយាយីទាំងនោះ ភាគច្រើនពួកគេត្រូវប្រឈមមុខផ្លូវច្បាប់ ដែលបទចោទពេញនិយមចោទលើអ្នកកាសែតនោះ គឺបទញុះញង់ និងបទបរិហារកេរ្តិ៍។

(កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍)

 

 

ក្នុងរបាយការណ៍ស្ដីពីស្ថានភាពសារព័ត៌មាននៅកម្ពុជា ដែលមានជាង ៥០ទំព័រ ចេញផ្សាយដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាករណីយាយីលើអ្នកសារព័ត៌មានចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដោយមានសរុបចំនួន ១៩២ករណី ក្នុងនោះប៉ះពាល់ដល់អ្នកសារព័ត៌មានយ៉ាងហោចណាស់ ៣៤៥នាក់ មានស្ដ្រីចំនួន ២៣នាក់។ ដោយឡែកក្នុងឆ្នាំ ២០២៤ ករណីយាយីបានកើនចំនួន ៤១ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌មានចំនួន ៦៤នាក់ បើធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែចំនួន ៣២ករណី សរុបអ្នកសារព័ត៌មានដែលប៉ះពាល់មានចំនួន ៥៩នាក់ប៉ុណ្ណោះ។

របាយការណ៍ខាងលើ បានឱ្យដឹងទៀតថា ក្នុងចំណោម ៤១ករណីនេះ មាន ២៨ករណី ជាការយាយីផ្នែកផ្លូវច្បាប់ ដោយអ្នកសារព័ត៌មានរងចំណាត់ការដូចជា ការដកអាជ្ញាប័ណ្ណ ចាប់ខ្លួន ឃុំខ្លួន និងដាក់ពន្ធនាគារ។ ក្រៅពីនេះករណីយាយីផ្នែករាងកាយ មានចំនួន ៦ករណី និងករណីបំភិតបំភ័យ មានចំនួន ៧ករណី  ត្រូវបានកត់ត្រា។

សមាគមខេមបូចា បញ្ជាក់ថា មូលហេតុនាំឱ្យមានការយាយីលើអ្នកសារព័ត៌មាន ដោយសារពួកគេបានរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ បញ្ហាបរិស្ថាន ​បញ្ហាវិវាទដីធ្លី ​និងការឆបោកតាមអនឡាញ ដែលប៉ះពាល់ទៅដល់មុខមាត់អាជ្ញាធរ និងអ្នកមានអំណាច។ ករណីយាយីទាំងនោះ ខេមបូចា កត់ត្រាថា ភាគច្រើនបង្កឡើងដោយតួអង្គរដ្ឋ ដូចជា មន្ត្រីនគរបាល អភិបាលខេត្ត/ស្រុក និងអាជ្ញាធរមូលដ្ឋាន ហើយកន្លែងដែលកើតឡើងញឹកញាប់នៃករណីយាយីលើអ្នកសារព័ត៌មាននេះ មាន រាជធានីភ្នំពេញ បន្ទាប់មកខេត្តមណ្ឌលគិរី និងខេត្តកណ្ដាល។

បើតាមរបាយការណ៍ដដែល ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ខេមបូចា សង្កេតឃើញមានការយាយីផ្នែកច្បាប់ ជាមធ្យោបាយដែលប្រើប្រាស់ញឹកញាប់ក្នុងការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាន។

 

ប៉ុន្តែរបាយការណ៍របស់សមាគមខាងលើ ផ្ទុះស្រឡះនឹងរបាយការណ៍របស់ក្រសួងព័ត៌មាន  ដោយរកឃើញថា សេរីភាពសារព័ត៌មានមានភាពល្អប្រសើរ និងមិនមានការរឹតត្បិតលើអ្នកសារព័ត៌មានឡើយ ពួកគេមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន។

ជុំវិញបញ្ហាការយាយីអ្នកសារព័ត៌មាននេះដែរ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ១៦១ ក្នុងចំណោម ១៨០ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះបន្ថែមទៀតពីចំណាត់ថ្នាក់ ១៥១ កាលពីឆ្នាំ២០២៤ ដែលចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកាន់តែធ្លាក់ចុះ។

 

ការធ្លាក់ចុះនេះ ដោយផ្អែកលើសោកនាដកម្មនៃការបាញ់សម្លាប់លោក ឈឿង ឈឹង អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាព្រៃឈើក្នុងខេត្តសៀមរាប និងការចាប់ខ្លួនអ្នកសារព័ត៌មានដែលទទួលបានពានរង្វាន់លោក ម៉ិច ដារ៉ា ជុំវិញការបង្ហោះតាមបណ្តាញសង្គមពាក់ព័ន្ធរមណីដ្ឋានបាភ្នំ ប៉ុន្តែលោកត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំកាលពីខែតុលាឆ្នាំ២០២៤។ បន្ថែមលើនេះ ការបញ្ជាឱ្យបិទវិទ្យុសម្លេងប្រជាធិបតេយ្យ(VOD) កាលពីឆ្នាំ២០២៣ ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ ក្នុងចំណោមស្ថាប័នព័ត៌មានឯករាជ្យដ៏តិចតួចដែលសេសសល់នៅកម្ពុជា។

តាមរបាយការណ៍របស់សមាគមខេមបូចា កត់ត្រាបន្ថែមថា ទោះបីស្ថានការណ៍មានការប្រែប្រួលអំឡុងពេលនេះ ប៉ុន្តែទិន្នាការនៃការយាយីលើអ្នកសារព័ត៌មាននៅបន្តជាក្ដីបារម្ភ។ ក្ដីបារម្ភនេះជុំវិញសុវត្ថិភាពអ្នកសារព័ត៌មាន ដោយសារហានិភ័យផ្លូវច្បាប់ ការឃ្លាំមើលរបស់រដ្ឋ និងការគំរាមកំហែងលើរាងកាយចំពោះអ្នកសារព័ត៌មាន ជាពិសេសអ្នកដែលរាយការណ៍អំពីប្រធានបទរសើប។

បើទោះបីជារដ្ឋាភិបាលអះអាងថា វិស័យប្រព័ន្ធផ្សព្វផ្សាយមានស្ថានភាពល្អប្រសើរ ប៉ុន្តែសមាគមខេមបូចា ថាលំហសេរីភាពសារព័ត៌មានដោយគ្មានការភ័យខ្លាចនៅតែបន្តធ្លាក់ចុះ។ ដូច្នេះក្នុងរបាយការណ៍របស់សមាគមនោះ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បញ្ឈប់ការប្រើប្រាស់បទចោទប្រកាន់ព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មាន។ និងបញ្ចប់និទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មាន ដោយធ្វើការស៊ើបអង្កេតភ្លាមៗ ផ្តន្ទាទោស និងដោះស្រាយករណីហិង្សាលើអ្នកសារព័ត៌មាន៕

អត្ថបទដោយ ជា សុខនី

Share

ព័ត៌មានទាក់ទង