en     km
en     km

កម្ពុជាច្រានចោលការចោទប្រកាន់របស់ CSIS ថាយោធាចិនមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ទីតាំងនៅមូលដ្ឋានទ័ពរាម

Share

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី២១ ខែឧសភានេះ ចេញមុខទាត់ចោលលទ្ធផលស្រាវជ្រាវរបស់មជ្ឈ មណ្ឌលស្រាវជ្រាវមួយពីសហរដ្ឋអាមេរិក (CSIS) ដែលចោទថា យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាមផងដែរ។ សម្រាប់អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកការចោទប្រកាន់យ៉ាងគឃ្លើននេះ មានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត បង្កឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹករបស់កម្ពុជា។

នៅលើទំព័រហ្វេសប៊ុករបស់លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅថ្ងៃនេះបានបង្ហោះសារបដិសេធករណីចោទប្រកាន់ថា យោធាចិនមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ទីតាំងខ្លះៗនៃមូលដ្ឋានទ័ពរាម ដែលជារបាយការណ៍របស់មជ្ឈមណ្ឌលស្រាវ ជ្រាវមួយពីសហរដ្ឋអាមេរិក(CSIS) ត្រូវបានផ្សាយបន្តដោយវិទ្យុអាស៊ីសេរីជាភាសាខ្មែរ(RFA)ផ្សាយកាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញ។

សម្រាប់លោក ឈុំ សុជាតិ ចាត់ទុកលទ្ធផលស្រាវជ្រាវរបស់ CSIS នេះថា ជាសកម្មភាពមានលក្ខណៈញុះញង់ និងមានចេតនាទុច្ចរិត នាំឱ្យមានការភ័ន្តច្រឡំពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។ ជាងនេះលោកថា សកម្ម ភាពខាងលើនេះក៏ធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាពេលថ្មីៗនេះផងដែរ។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។រូបភាពពីហ្វេសប៊ុកលោក ឈុំ សុជាតិ។

ភ្ជាប់ជាមួយការច្រានចោលនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏លើកឡើងនូវអំណះអំណាងមួយចំនួនការពារខ្លួនផងដែរ ដោយបញ្ជាក់ថា កន្លងមកនេះកម្ពុជាបានអនុញ្ញាតឱ្យនាវាកងទ័ពបរទេសដូចជា ជប៉ុន វៀតណាម និងចិន ចូលចតជាហូរហែនៅកំពង់ផែសមុទ្ររាម បន្ទាប់ពីកំពង់ផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ។

តាមរយៈវត្តមាននាវាកងទ័ពនាបណ្តាប្រទេសមួយចំនួននៅកំពង់ផែសមុទ្ររាមនេះហើយ ទើបលោក ឈុំ សុជាតិ អះអាងថា កម្ពុជាជាប្រទេសអព្យាក្រឹត មិនអនុញ្ញាតឱ្យបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្នានយោធាដាច់ខាត។ ជាងនេះលោកថា នាវាកងទ័ពជប៉ុន ចិន និងវៀតណាម ជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមរបស់កម្ពុជា។

ក៏ប៉ុន្តែលទ្ធផលស្រាវជ្រាវរបស់ CSIS ដែលមានទីតាំងនៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក ដែលវិទ្យុអាស៊ីសេរីបានចុះផ្សាយបញ្ជាក់ថា នាវា​​កងទ័ព​ជើង​ទឹក​ជប៉ុន និង​វៀតណាម ដែល​បាន​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​រាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​មិន​បាន​ចូល​ចត​នៅ​ផែ​ធំ​បំផុត​របស់​ទ័ពរាម ដែល​នាវា​ចម្បាំង​ចិន​បាន​ចូល​ចត​នោះ​ទេ។ មានន័យថា នាវា​ជប៉ុន និង​វៀតណាម បាន​ចូល​ចត​នៅ​ផែដែល​ទើប​នឹង​សាងសង់​ថ្មី​តាម​បណ្ដោយ​ឆ្នេរ ស្ថិត​នៅ​ខាង​ត្បូង​នៃ​មូល ដ្ឋាន​ទ័ព​រាមតែប៉ុណ្ណោះ។

ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីដែលលោក ឈុំ សុជាតិ កាត់យកមកចេញផ្សាយច្រានចោលការចុះផ្សាយនេះ។រូបភាពពីហ្វេសប៊ុកលោក ឈុំ សុជាតិ។

បន្ថែមពីនេះ របាយការណ៍របស់ CSIS បានបន្តលាតត្រដាងពីការពង្រីក​វត្តមាន​យោធា​ចិនលាត​សន្ធឹង​ហួស​ពី​មូលដ្ឋាន​ទ័ពរាម ដែលផ្តិតរូបភាព​ពី​ប្រព័ន្ធ​ផ្កាយ​រណបផងដែរ។ តាមរយៈភស្តុតាងរូបភាពពីផ្កាយរណបនេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​អាមេរិក (CSIS) សង្ស័យ​ថា​ មានទីតាំង​មួយ​នៅ​លើ​កំពូល​ភ្នំ​ស្ថិត​ក្នុង​ឧទ្យានជាតិរាម​កំពុង​មាន​ការ​សាងសង់​មូលដ្ឋាន​ការពារ​ដែនអាកាស​​ចម្ងាយ​ប្រហែល ៨០០​ម៉ែត្រ នៅ​ទិស​ខាង​ជើង​នៃ​មូលដ្ឋាន​ទ័ពរាម។ CSIS បន្ថែមទៀតថា នៅ​ទីតាំង​នោះ ត្រូវ​បាន​ឈូសឆាយ​សម្រាប់​ការ​សាងសង់​តាំង​ពី​ឆ្នាំ២០២១ ប៉ុន្តែ​ទើប​នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​២០២៤ និង​ខែ​កុម្ភៈ​ឆ្នាំ២០២៥ ទើប​មាន​ការ​វិវឌ្ឍ​មួយ​ចំនួន​ដោយ​មាន​ការ​សាងសង់​ជាសំណង់ រួម​ទាំង​មានកម្មករ​ធ្វើ​ការ​ជាមួយ​យោធា​ជើង​ទឹក​មក​ពី​មូលដ្ឋាន​ទ័ពរាម។

បើទោះពីជាមានការចោទប្រកាន់បែបនេះក្តី តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅតែបន្តលើកយកប្រសាសន៍របស់នាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ដោយថា កម្ពុជាស្វាគមន៍បណ្តាកងទ័ពប្រទេសជាមិត្តចូលចតនៅកំពង់ផែរាមកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា។ ក៏ប៉ុន្តែការចង់ចូលចត ត្រូវតែជូនដំណឹងមកកម្ពុជារួមទាំងនាវាកងទ័ពចិនផងដែរ ដោយកម្ពុជាសង្ឃឹមថា នៅថ្ងៃខាងមុខ នឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តបន្ទាប់ទៀត នឹងចូលចតនៅកំពង់ផែរាមនេះ៕

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង