ព្រះបាទច័ន្ទរាជា គឺជាព្រះមហាក្សត្របានសោយរាជ្យយូរជាងគេក្នុងចំណោមព្រះមហាក្សត្រខ្មែរបន្ទាប់ពីព្រះអង្គដឹកនាំវាយកម្ចាត់ស្ដេចកនដែលគេចាត់ថា ស្តេចជ្រែករាជ្យ។ ព្រះអង្គសោយរាជ្យពីឆ្នាំ១៥១៦ ដល់ឆ្នាំ១៥៦៦ ពោលគឺមានរយៈពេល ៥០ឆ្នាំ ខណៈស្តេចកនសោយរាជ្យបានតែ ១៣ឆ្នាំប៉ុណ្ណោះ។ ព្រះរាជាអង្គនេះត្រូវបានចារក្នុងកំណត់ហេតុប្រវត្តិសាស្ត្រថា ជាស្ដេចខ្លាំងពូកែនាសម័យក្រោយអង្គរពោលគឺបន្ទាប់ពីព្រះបាទជ័យវរ្ម័ន ទី៧ ។ ព្រះអង្គជាស្ដេចមានទសពិធរាជធម៌ និងជាស្ដេចមិនយកប្រទេសជិតខាងជាចៅហ្វាយខ្លួនឡើយ។
លោក នួន បូរិន ជូនសេចក្ដីអធិប្បាយ៖
កាលណាយើងរំលឹកពីព្រះបាទច័ន្ទរាជា គឺគេត្រូវនឹងទៅរកព្រះស្ដេចកនជាស្ដេចជ្រែករាជ្យ។ ស្ដេចកនបានធ្វើសឹកចម្បាំងដណ្ដើមរាជ្យពីព្រះស្រីសុគន្ធបទដែលជាបងរបស់ព្រះបាទច័ន្ទរាជាដោយធ្វើឃាតព្រះស្រីសុគន្ធបទក្នុងសមរភូមិតែម្ដង។
ស្តេចកនមានជន្មាយុ ២៩ ឆ្នាំ បានឡើងគ្រងរាជ្យមាននាមព្រះស្រីជេដ្ឋាធិរាជរាមាធិបតី។ ទ្រង់បានលើករាជធានីមកតាំងនៅចន្លក់ដូនតីបានមួយរយៈខ្លី រួចលើកមកតាំងនៅភូមិស្រឡប់ ជាទល់ដែន ខេត្តត្បូងភ្នំ និងបាភ្នំ រាជធានីថ្មីនេះមានឈ្មោះថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។តែស្ដេចជ្រែករាជ្យដ៏ខ្លាំងពូកែនេះ បានសោយរាជ្យទាំងអារម្មណ៍ភិតភ័យជាខ្លាំងដោយសារតែមានញតិវង្សព្រះស្រីសុគន្ធបទមួយអង្គមួយចាប់ផ្ដើមសងសឹកនិងប្រកាសធ្វើសង្រ្គាម ដើម្បីណ្ដើមរាជ្យមកគ្រប់គ្រងវិញ។ ញតិវង្សនេះហើយ គឺជាយុវជនពេញដ៏កម្លាំងខ្លាំងក្លាម្នាក់ គឺព្រះបាទច័ន្ទរាជាដែលព្រះស្រីសុគន្ធបទលើកជាឧបរាជរបស់ព្រះអង្គ។
តើព្រះបាទច័ន្ទរាជាខ្លាំងពូកែនិងឆ្លាតវៃមែនឬ ទេ?
ព្រះបាទច័ន្ទរាជា ជាព្រះអនុជ នៃព្រះស្រីសុគន្ធបទ បិតាតែមួយមាតាទីទៃពីគ្នា។ ព្រះអង្គបានភៀសខ្លួនទៅសុំជ្រកកោននឹងស្តេចស្រុកសៀមនៅពេលដឹងថា ស្តេចកនក្បត់នឹងបងរបស់ខ្លួន។
នៅស្រុកសៀមព្រះច័ន្ទរាជាតែងតែទៅទាក់ដំរីយកដំរីថ្វាយស្តេចស្រុកសៀម។
ពេលដឹងថា ព្រះរាមបានត្រូវក្រុមស្តេចកនធ្វើគត់ ទ្រង់ក៏រកមធ្យោបាយវិលត្រឡប់មកស្រុកខ្មែរវិញ។ ទ្រង់បានប្រឌិតថា ទៅទាក់ដំរីសនៅប៉ែកខាងកើតស្រុកសៀម គឺ ដំរីសនោះមានកម្ពស់ ១០ហត្ថ ឬ៥ ម៉ែត្រដើម្បីថ្វាយស្ដេចសៀម។
ព្រះចៅសៀមបានព្រមឲ្យពលចំនួន ៥០០នាក់ ដំរីធ្នាក់ ៥០ក្បាល គ្រឿងសាស្ត្រាវុធ ស្បៀងអាហារ និងដាវអាជ្ញាសឹក។ តែផ្ទុយទៅវិញព្រះច័ន្ទរាជា មិនបានទាក់ដំរីសទេ តែបាននាំទ័ពចូលស្រុកខ្មែរទៅដល់បាត់ដំបង ដោយបានកែនពលមួយម៉ឺននាក់ ហើយលើកទ័ពឆ្ពោះទៅពោធិ៍សាត់តែម្ដង។ នៅឆ្នាំ ១៥២៥ ព្រះច័ន្ទរាជាបានចាត់ឲ្យទៅទិញកាំភ្លើង ធំ តូច ពីប្រទេសម៉ាឡាយូ ដើម្បីវាយផ្តាច់ព្រាត់ទៅទ័ពរបស់ព្រះស្រីជេដ្ឋាឬស្ដេចកន។ ព្រះអង្គ ទ្រង់ដឹកនាំទ័ពទៅវាយបន្ទាយស្រីសឈរ ឮដោយផ្ទាល់ព្រះអង្គដើម្បីចាប់ខ្លននិងកំទេចស្ដេចកន។

នៅឆ្នាំ ១៥២៥ ព្រះច័ន្ទរាជាបានចាត់ឲ្យទៅទិញកាំភ្លើង ធំ តូច ពីប្រទេសម៉ាឡាយូ ដើម្បីវាយផ្តាច់ព្រាត់ទៅទ័ពរបស់ព្រះស្រីជេដ្ឋាឬស្ដេចកន។ ព្រះអង្គ ទ្រង់ដឹកនាំទ័ពទៅវាយបន្ទាយស្រីសឈរ ឮដោយផ្ទាល់ព្រះអង្គដើម្បីចាប់ខ្លននិងកំទេចស្ដេចកន។
ព្រះស្រីជេដ្ឋា និងកុ្រមខ្លួន ខំវាយទម្លុះរត់ចូលទៅក្នុងបន្ទាយស្រឡប់ពិជ័យ ដែលទីបំផុត បន្ទាប់ពីបានតស៊ូ បីខែមក ទ័ពព្រះស្រីជេដ្ឋា បានទទួលបរាជ័យ។ ឯចំណែក មេទ័ពក៏ត្រូវបានសម្លាប់នៅបន្ទាយនោះដែរ។ សង្គ្រាមក្នុងស្រុក មានរយៈពេល ៩ ឆ្នាំទើបបានបិទបញ្ចប់។ព្រះបាទច័ន្ទរាជា ឡើងគ្រងរាជ្យនៅឆ្នាំ ១៥១៦ មាននាម ព្រះចន្ទរាជា ។ ព្រះអង្គលើករាជធានីមកគង់នៅក្រុងលង្វែក។
ពេលដែលដឹងថា ព្រះច័ន្ទរាជាកាន់អំណាចស៊ប់នៅប្រទេសខ្មែរហើយ ព្រះចៅសៀមក៏បានទាមទារយកសួយសារអាករពីស្តេចប្រទេសខ្មែរ។តែ ព្រះរាជា ពុំព្រម។ ស្ដេចសៀមកមានកំហឹងក៏បានលើកទ័ពមកលុកលុយ ខេត្តអង្គរ។ ព្រះអង្គ បានលើកទ័ពខ្មែរទៅតទល់នៅត្រង់ ស្ទឹងអង្គរ ត្រង់ភូមិមួយឈ្មោះថា សៀមរាប ។ដើម្បីជាការសងសឹក នៅឆ្នាំ ១៥៣០ ព្រះចៅសៀម បានបញ្ជា ពញាអុង “បុត្រព្រះស្រីរាជា (១៤៦៩ – ១៤៨៥) ក្លាយជាបុត្រធម៌ព្រះចៅសៀម និងបានកាន់តំណែងជា ចៅហ្វាយខេត្តសុវណ្ណខាត់លោក” លើកទ័ព ៩ ម៉ឺននាក់មកវាយខ្មែរម្តងទៀត។ ព្រះចន្ទរាជា បានលើកទ័ពទៅតទល់គ្នានៅ ពោធិ៍សាត់។ ទ័ពសៀមជើងទឹក ក៏បានឡើងគោកនៅឈូងសមុទ្រសៀមដែរ តែត្រូវទ័ពខ្មែរវាយបាក់រត់ខ្ចាត់ខ្ចាយទៅ។
នៅសមរភូមិពោធិ៍សាត់ មេទ័ពសៀមបានស្លាប់អស់ជាច្រើន ក្នុងនោះមាន ពញាអុង ផងដែរ ដោយបានត្រូវព្រួញស្លាប់លើខ្នងដំរី។ ឯពលតាហានសៀមស្លាប់អស់ពាក់កណ្តាល ដំរីងាប់អស់ជាច្រើន អាវុធយុទ្ធភ័ណ្ឌ ត្រូវបានរឹបអូសយកយ៉ាងសន្ធឹកសន្ធាប់។ ព្រះច័ន្ទរាជា បានបញ្ជាឲ្យធ្វើបុណ្យថ្វាយព្រះភ្លើងព្រះសព ពញាអុង សាងព្រះវិហារបញ្ចុះធាតុ រួចហើយទ្រង់បានយាងចូលបន្ទាយលង្វែកវិញ។
នៅឆ្នាំ ១៥៣១ ព្រះចន្ទរាជាបានលើកទ័ពទៅរំដោះអាណាខេត្តខាងលិច ដែលបានបាត់បង់ក្នុងរាជ្យមុនៗ ទ្រង់បានរំដោះយកខេត្ត បស្ចឹមបុរី មកវិញ។ ព្រះច័ន្ទរាជា បានលើកទ័ពវាយសៀមម្ដងទៀតនៅឆ្នាំ ១៥៥៧ ដោយរំដោះយកខេត្ត ចន្ទបុរី និងខេត្តផ្សេងនៅជិតៗនោះ។ ខ្មែរបានលើកទ័ពវាយសៀមពីរលើកទៀត គឺនៅឆ្នាំ ១៥៥៩ និង ១៥៦២ ហើយចាប់បានសៀមជាឈ្លើយសង្គ្រាមជាច្រើន នាំមកស្រុកខ្មែរ។
ព្រះបាទច័ន្ទរាជា ទ្រង់ជាមហាវីវៈក្សត្រដ៏ខ្លាំងក្លាទី២បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧។ទ្រង់បានធ្វើឱ្យប្រទេសខ្មែរ ក្លាយជាប្រទេសដ៏រុងរឿងជាថ្មីម្តងទៀត បន្ទាប់ពីការធ្លាក់ចុះខ្សោយ ក្រោយសម័យអង្គរ!
ក្នុងរាជ្យព្រះបរមរាជាមហាច័ន្ទរាជា ប្រទេសកម្ពុជាទទួលបានភាពរុងរឿង ហើយប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ត្បិតព្រះអង្គជាព្រះមហាក្សត្រដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែ និងប្រកបដោយទសពិធរាជធម៌។ ទ្រង់ជាព្រះមហាក្សត្រមួយព្រះអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា។ វត្តអារាមជាច្រើន ទ្រង់បានបញ្ជាឱ្យសាងសង់ទាំងនៅខេត្តពោធិ៍សាត់ ឧត្ដុង និងនៅលើភ្នំព្រះរាជទ្រព្យ។
មិនតែប៉ុណ្ណោះព្រះអង្គជាក្សត្រដែលយកចិត្តទុកដាក់លើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច សាសនា និងអក្សរសាស្រ្ត។លើសពីនេះទៅទៀត ព្រះអង្គទ្រង់បានប្រមូល និងសម្រិតសម្រាំងអស់អ្នកប្រាជ្ញរាជបណ្ឌិត ទាំងខាងផ្លូវលោក ទាំងខាងផ្លូវធម៌ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ព្រមទាំងគម្ពីរដីកា ក្រាំង សាស្ត្រា ឯកសារទាំងអស់ ទុកជាគ្រឹះព្រះនគរ។
ក្រៅពីគុណសម្បត្តិក្នុងចម្បាំងរំដោះ និងការពារទឹកដី នេះគឺជាគុណសម្បត្តិមួយទៀត ដែលគេកម្រឃើញមានក្នុងសន្តានចិត្តមេដឹកនាំជាតិក្នុងសម័យនោះ ដែលតែងតែងព្យាយាមធ្វើទុក្ខបុកម្នេញចំពោះបញ្ញវ័ន្ត ពួកអ្នកខ្លាំងពូកែ និងអ្នកអក្សរសិល្ប៍ជាដើម។
ព្រះចន្ទរាជាបានសោយទិវង្គតនៅក្រុងលង្វែក រហូតនៅគ.ស ១៥៦៦-គឺពីឆ្នាំ១៥១៦-១៥៦៦ ។ចេតិយតំកល់ព្រះអដ្ឋិធាតុ របស់ព្រះអង្គ ស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
បើយោងតាម សៀវភៅប្រវត្តិសាស្ត្រ ត្រឹង ងា គឺព្រះបាទ ច័ន្ទរាជា គឺជាព្រះមហាក្សត្រខ្លាំងពូកែមួយ បន្ទាប់ពីសេ្ដចសម័យអង្គរ។ ព្រះអង្គជាសេ្ដចមានទសបារម៉ីខ្លាំងក្លានិងជាស្ដេច មានទសពិធរាជធម៌សម្រាប់ប្រជានុរាស្ត្រទៅ។ ជាស្ដេចមិនយកប្រទេសជិតខាងជាចៅហ្វាយខ្លួន ឡើយទោះជាព្រះអង្គធ្លាប់ភៀសខ្លួននិងច្រកកោននឹងប្រទេសនោះក៏ដោយ៕