ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញ«កំពឹសនិងអន្ទង់បង្កក»ជើងដំបូងរបស់ខ្លួនទៅកាន់ទីផ្សារប្រទេស ចិនប្រមាណ១០តោន ជាអ្វីដែលមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មចាត់ទុកថា ជាជោគជ័យកើតចេញពីកិច្ចសហការល្អរវាងក្រុមហ៊ុននិងវារីវប្បករនៅមូលដ្ឋាន។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករតាមមូលដ្ឋាន រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង កាលថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។
បើតាមកញ្ញាអ្នកនាំពាក្យដដែរ «កំពឹសទឹកសាបនិងអន្ទង់បង្កក»នេះអាចទៅដល់ទីក្រុងសៀហៃប្រទេស ចិននៅថ្ងៃទី១៥ ឬទី១៦ ខែកញ្ញា។ សម្រាប់ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ កញ្ញា អ៊ឹម រចនា ចាត់ទុកជាជោគជ័យមួយជំហានទៀត ហើយកម្ពុជាបេ្តជ្ញាបន្តការងារនាំចេញបន្ថែមទៀតដោយគោរពតាមស្តង់ដានិងតម្រូវការរបស់ភាគីចិន។
កញ្ញា អ៊ឹម រចនា៖«នេះគឺជាការនាំចេញជើងដំបូងដែលមានផលិតផលជលផលចំនួនពីរមុខ នៅថ្ងៃខាងមុខទៀតយើងសង្ឃឹមថា តាមរយៈក្រុមហ៊ុននិងតាមរយៈតម្រូវការទីផ្សារប្រទេសចិនផលិតផលជលផលផ្សេងៗទៀតដែលត្រូវបានការអនុញ្ញាតពីអាជ្ញាធរគយរួចហើយ នឹងអាចរុញចូលទីផ្សារប្រទេសចិនបានកាន់តែច្រើន»។
អ្នកនាំពាក្យរូបនេះប្រាប់វិទ្យុស្រ្តីតាមប្រព័ន្ធតេឡេក្រាមថា ផលិតផលជលផលទាំងពីរមុខនេះ គឺក្រុមហ៊ុនបានប្រមូលទិញពីប្រជានេសាបតាមតំបន់ទឹកសាបធម្មជាតិ ដោយក្រុមហ៊ុនផ្តោតជាអាទិភាពរក្សាគុណភាពស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ ដែលកំណត់ដោយរដ្ឋបាលគយចិន។ ការធ្វើបែបនេះបើតាមអ្នកនាំពាក្យ គឺដើម្បីធានាឲ្យប្រាដកថា ផលិតផលជលផលរបស់កម្ពុជានៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។
បង្កាបង្កកទឹកសាបដែលនាំចេញទៅប្រទេសចិនជាផលិតផលជលផលធម្មជាតិដែលប្រមូលទិញពីប្រជាជននៅតាមមូលដ្ឋាន។
ចំណែកឯការងារបន្ទាប់ទៀត អ្នកនាំពាក្យក្រសួងកសិកម្មខាងលើបញ្ជាក់ថា កម្ពុជានឹងជំរុញឲ្យផលិតផលជលផលរបស់ខ្មែរកាន់តែមានគុណភាព សោភណ្ឌភាព សុវត្ថិភាព និងរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។ កញ្ញាអ្នកនាំពាក្យរូបនេះបន្តទៀតថា រដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើនការនាំចេញផលិតផលជលផលតាមសេចក្ដីត្រូវការនៅទីផ្សារចិននាពេលខាងមុខឱ្យកាន់តែសម្បូរបែប។ តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងកសិកម្មសង្ឃឹមថា នឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករតាមមូលដ្ឋានកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
អន្ទង់បង្កករបស់ក្រុមហ៊ុនដែលបាននាំចេញទៅទីផ្សារប្រទេសចិន។
កាលពីចុងឧសភា ឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មប្រាប់អ្នកសារព័ត៌មានថា ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ១១ប្រភេទថែមទៀត ទទួលបានការអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន
ក្នុងនោះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។
សូមជម្រាបថា រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច រួមទាំងផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត៕