ភ្នំពេញ៖ ក្រសួងមហាផ្ទៃនិងមន្រ្តីរដ្ឋាភិបាលកម្ពុជា បានចេញមកបដិសេធរបាយការណ៍ថ្មីមួយរបស់អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មអាមេរិក ដែលលាតត្រដាង ពីមន្រ្តីកម្ពុជាថានៅពីក្រោយខ្នងពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ និងជួយដល់ដំណើរការរបស់ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។ មន្រ្តីកម្ពុជាចាត់ទុករបាយការណ៍ខាងលើថា ជាទង្វើប្រតិក្រិយា មានចេតនាទម្លាក់កំហុស លាបពណ៌ បង្ខូចកិត្តិយសឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ខណៈកម្ពុជាបាននិងកំពុងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខុសច្បាប់ ពិសេសអំពើឆបោកតាមប្រព័ន្ធអនឡាញ(Online Scams)ជាដើម។
កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍
សេចក្តីបញ្ជាក់ព័ត៌មាននិងច្រានចោល របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានបដិសេធរាល់ការលើកឡើងក្នុងរបាយការណ៍របស់អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មអាមេរិកដែលមានចំណងជើងថា៖ «គោលនយោបាយ និងឥរិយាបថ៖ ការគាំទ្ររបស់រដ្ឋលើឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា បង្កជាការគំរាមកំហែងដល់សកលលោក»( Policies and Patterns: State Abetted Transnational Crime in Cambodia as a Global Security Threer)។
សេចក្តីបញ្ជាក់ព័ត៌មានកម្រាស់ ៣ ទំព័ររបស់ក្រសួងមហាផ្ទៃ រៀបរាប់ដោយលើកឡើងពីគុណសម្បត្តិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលបានប្រឹងប្រែងបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងយន្តការ នានាយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស អំពើឆបោកតាមអនឡាញ (Online Scams) បទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងទៀត ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ក្រសួងមហាផ្ទៃក៏ចាត់ទុករបាយការណ៍ខាងលើថា ជារបាយការណ៍បំផ្លើសបំភ្លៃ មានចេតនាមួលបង្កាច់ ទម្លាក់កំហុស លាបពណ៌ និងបង្ខូចកិត្តិយសឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាងនេះក្រសួងមហាផ្ទៃបញ្ជាក់ថា របាយការណ៍នេះក៏គ្មានប្រភពច្បាស់លាស់ គ្មានភស្តុតាង និងគ្មានវិជ្ជាជីវៈ ព្រមទាំងគ្មានអព្យាក្រឹត្យភាព និងឯករាជ្យភាពផងដែរ។
បន្ថែមលើសពីនេះ ក្រសួងមហាផ្ទៃក៏រកឃើញថា ក្រុមជនបរទេសដែលលាតត្រដាងរបាយការណ៍នេះ គឺត្រូវបានប្រទេសផ្តល់ជំនួយសម្រេចផ្តាច់ជំនួយ ដោយ សារតែពួកគេប្រើថរិកាខ្ជះខ្ជាយ គ្មានតម្លាភាព និងធ្វើសកម្មភាពវាយប្រហារកលើបណ្តាប្រទេសនានានាំឱ្យមានអរិភាពកើតឡើង។
សម្រាប់ក្រសួងមហាផ្ទៃ របាយការណ៍ប្រតិដ្ឋនេះ គឺគ្រាន់តែជារបៀបវារៈនយោបាយមួយ សម្រាប់បម្រើឱ្យមហិច្ឆតាអ្នកនយោបាយប្រឆាំងជ្រុលនិយមជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។
សូមរំលឹកថា របាយការណ៍របស់អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មអាមេរិកខាងលើ បានដាក់ផ្សាយជាផ្លូវការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយបានលាតត្រដាងមន្រ្តីជាន់ខ្ពស់របស់កម្ពុជា២៨នាក់ ក្នុងនោះមានសាច់ញាត្តិនាយករដ្ឋមន្រ្តីផងដែរថាបានជ្រោមជ្រែង និងពាក់ព័ន្ធជួយដល់ដំណើរការរបស់ឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា។
លោក ចាកូប ស៊ីម(Jacob Sims) អ្នករៀបចំចងក្រងរបាយការណ៍ខាងលើ និងអ្នកស្រាវជ្រាវមួយរូបនៅក្នុងមជ្ឈមណ្ឌលវិភាគបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននៃសាកលវិទ្យាល័យ ហាវើត(Harvard) និយាយថា ខ្លឹមសារសំខាន់នៃរបាយការណ៍នេះ គឺបង្ហាញឲ្យឃើញពីគណបក្សប្រជាជនកម្ពុជា ជាតួអង្គសំខាន់មួយក្នុងការប្រព្រឹត្តិអំពើឆបោក។ លោកថាការសិក្សានេះមើលទៅដូចជាបង្កប់នូវចេតនានយោបាយ តែតាមពិតគឺការសិក្សានេះធ្វើឡើងផ្អែកលើឯកសារស្រាវជ្រាវត្រឹមត្រូវ មិនមានចរិតនយោបាយនោះទេ។ លោកថាជំនួយរបស់រដ្ឋាភិបាលអាមេរិកគឺមិនមានឥទ្ធិពលលើការស្រាវជ្រាវនេះឡើយ។
សូមបញ្ជាក់ជូនថា លោក ចាកូប ស៊ីម បានបង្ហាញពីមន្ត្រីជាន់ខ្ពស់កម្ពុជា ពាណិជ្ជករ ដោយក្នុងនោះមានទាំងបងប្អូនជីដូនមួយរបស់នាយករដ្ឋមន្ត្រី គឺលោក ហ៊ុន តូ ផងដែរ ដែលត្រូវរងការស៊ើបអង្កេតថាបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ៕
អត្ថបទដោយ៖ ឡុង សំនៀង