ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ ប្រកាសឱ្យស្ថានីយ៍ទូរទស្សន៍ និងរោងភាពយន្តទាំងអស់ បញ្ឈប់ការចាក់ផ្សាយភាពយន្តថៃ ស្របពេលក្រសួងប្រៃសណីយ៍ និងក្រសួងរ៉ែ ក៏ប្រកាសខ្លួនឈប់ប្រើប្រាស់ភ្លើង និងអ៊ីនធឺណែតពីថៃ។ ការប្រកាសរបស់ក្រសួងទាំងនោះ ធ្វើឡើងតាមសាររបស់ប្រធានគណបក្សកាន់អំណាច សម្ដេច ហ៊ុន សែន។
មុនឈានដល់កម្ពុជាប្រកាសបែបនេះ ដោយសារថ្មីៗនេះភាគីថៃ បានបិទច្រកព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី និងកាត់ផ្ដាច់ប្រព័ន្ធភ្លើង ហើយប្រព័ន្ធអ៊ីនធឺណេតជាដើម។ ការបិទច្រកព្រំដែននេះ ផ្ដើមចេញពីការផ្ទុះអាវុធរវាងកងទ័ពប្រទេសទាំងពីរ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលការប៉ះទង្គិចគ្នានេះ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។
តាមរយៈសាររបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រកាសនៅលើទំព័រហ្វេសប៊ុកលោកកាលពីយប់ថ្ងៃទី១២ ខែមិថុនាថា កន្លងមកក្រុមយោធាថៃ បានគំរាមកំហែងកម្ពុជាជាបន្តបន្ទាន់ពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធភ្លើង អ៊ីនធឺណេត និងការបិទច្រកព្រំដែនជាដើម។ តាមរយៈការគំរាមកំហែងនេះ ប្រធានបក្សកាន់អំណាច ស្នើទៅកាន់រាជរដ្ឋាភិបាល ក្រៅពីការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)ហើយ កម្ពុជាគួរតែបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។
តាមរយៈសារនេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសព្រមគ្នាឱ្យគ្រប់ស្ថានីយទូរទស្សន៍ ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ត្រូវតែបញ្ឈប់ការនាំចូល និងចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើបណ្ដាញផ្សាយរបស់ខ្លួន។
ជាមួយគ្នានេះដែរលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសរសេរសារលើទំព័រហ្វេសបុករបស់លោកថា តាមរយៈការគំរាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា នឹងឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ។
ចំណែកលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រកាសកាលពីថ្ងៃទី១១ ខែមិថុនានេះថា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដោយពុំត្រូវការភ្លើងពីប្រទេសថៃឡើយ។ លោកប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឱ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន៕
អត្ថបទដោយ លោក រឿន សុភាន់