ភ្នំពេញ៖ ជារៀងរាល់ឆ្នាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ ដោយបង្កើតកម្មវិធីកម្សាន្តសប្បាយៗ និងបង្ហាញនូវផ្ទាំងទស្សនីយភាពសិល្បៈបុរាណខ្មែរ។ ឆ្នាំនេះក្រុមការងាររៀបចំមានទាំងស្ដ្រី និងបុរស មកពីមន្ទីរវប្បធម៌ ពួកគេបង្ហាញទស្សនីយភាពប្លែកពីឆ្នាំមុន ដោយមានមង្កុដអប្សារា និងពិន អមជាមួយផ្ការំដួល និងផ្កាចំប៉ី លម្អតាមសួនច្បារក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទស្សនា។ ក្រុមអ្នករៀបចំដែលជាបុរសក្នុងក្រុមបង្ហាញការស្ញប់ស្ញែងចំពោះគំនិតយោបល់ការច្នៃប្រឌិតពីសមាជិកជាស្រ្តីនៅក្នុងក្រុម ដោយថា នៅពីក្រោយសោភ័ណភាពដ៏ស្រស់ស្អាតនៅទីតាំងប្រារព្ធសង្ក្រានវត្តភ្នំស្រ្តីៗរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំ។ កញ្ញា យឿន ស្រីមុំ រាយការណ៍
នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់ បើសិនជាលោកអ្នកបានមកដល់រមណីយដ្ឋានវត្តភ្នំនៅរាជធានីភ្នំពេញ នោះលោកអ្នកនឹងបានប្រទះឃើញក្រុមការងារមានទាំងស្រ្តី មានទាំងបុរស ស្រុះដៃគ្នារចនាម៉ូតផ្កាផ្ញី និងគ្រឿងតុបតែងលម្អនានាជាទម្រង់សិល្បៈខ្មែរបុរាណ តាំងលម្អតាមសួនច្បារ និងលម្អលើមង្កុដអប្សារា ត្រៀមបង្ហាញទទួលភ្ញៀវទេសចរដែលមកលេងសង្ក្រាន្តវត្តភ្នំរយៈពេល៣ថ្ងៃ។
ក្រឡេកមកមើលក្រុមការងារស្រ្តីៗឯណ្ណេះវិញ ម្នាក់ៗញាប់ដៃ ញាប់ជើង ខ្លះចៀរស្នោពុម្ពផ្ការំដួល ផ្កាចំប៉ី ខ្លះបាញ់ថ្នាំពណ៌ ខ្លះបៀកកាវបិទភ្ជាប់ផ្គុំជាផ្ការំដួល ផ្កាចំប៉ី ដែលសកម្មភាពយ៉ាងស្វាហាប់នេះ មិនចាញ់បងៗក្រុមការងារបុរសនោះទេ។
ទោះបីរវល់យ៉ាងណា ទឹកមុខពួកគេម្នាក់ៗសប្បាយរីករាយ បានធ្វើការជុំគ្នា និងជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់ការងារប្រុស-ស្រីឡើយ ដើម្បីរៀបចំសង្ក្រាន្តរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
ថ្វីត្បិតតែការរៀបចំនេះ មិនទាន់រួចរាល់ជាស្ថាពរ ប៉ុន្តែផ្ការំដួលដែលចងដោតបណ្ដើរៗនៅតាមបរិវេណសួនច្បារ បង្ហាញសម្រស់ស្រស់ស្អាត និងបានទាក់ទាញភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលមកទស្សនារមណីយដ្ឋានវត្តភ្នំ ទទួលអារម្មណ៍ប្លែកក្នុងការថតរូបកម្សាន្ត។
អ្នកស្រី ស៊ុន រតនា ជាក្រុមការងារម្នាក់ ក្នុងចំណោមក្រុមការងារស្ដ្រីជាង ១០នាក់ផ្សេងទៀតដែលមករៀបចំសង្ក្រាន្តវត្តភ្នំ រៀបរាប់ប្រាប់វិទ្យុស្ដ្រីថា ជារៀងរាល់ឆ្នាំ ក្រុមអ្នកស្រីតែងតែមករៀបចំកាត់ស្នោបត់ជាផ្ការំដួល ដើម្បីដាក់លម្អនៅតាមសួនច្បារក្នុងបរិវេណរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈឆ្នាំនេះក្រុមអ្នកស្រី កាត់ស្នោបត់ជាផ្ការំដួលមានជិត ៣០០ផ្កា។ ផ្កាជិត ៣០០នេះ ក្រុមអ្នកស្រីប្រើពេលជិត មួយខែ ដើម្បីបត់ផ្កានេះ ព្រោះជាផ្កាតំណាងឱ្យប្រទេសកម្ពុជា។
ក្រៅពីការងាររៀបចំសង្ក្រាន្តនេះ ការងារស្នូលរបស់អ្នកស្រី រតនា គឺជាអ្នកសិល្បៈមួយរូបខាងផ្នែកល្ខោនបាសាក់។ និយាយបណ្ដើរ ផ្ទៃមុខពោរពេញដោយញើស ខណៈកំពុងញាប់ដៃលាបជ័រស្អិតបិទស្រទាប់ផ្ការំដួលបណ្ដើរនោះ អ្នកស្រី រៀបរាប់ទៀតថា ក្រោយពីលាបជ័រស្អិតហើយ ក៏បន្តបិទស្លឹកផ្ការំដួល ដើម្បីឱ្យអ្នកផ្សេងបន្តយកផ្កានេះដាក់ដោតនៅតាមសួនក្នុងបរិវេណវត្តភ្នំ។
អ្នកស្រី ស៊ុន រតនា៖ «អត់មានការលំបាកទេ ព្រោះដោយសារយើងមានអ្នកធ្វើផ្សេងៗគ្នា ដូចខាងគ្រូគាត់កាត់ពុម្ពអ៊ីចឹងពួកយើងហ្នឹងចៀរតាមពុម្ពហ្នឹងយកមកបិទពុម្ពតាមមួយបែបៗ តាមមួយដំណាក់កាលៗ ខាងយើងកាត់ពុម្ពហើយ ខាងលោកគ្រូគាត់ជួយបាញ់ពណ៌ស្លឹក យកទៅហាលឱ្យស្ងួតហើយស្រីៗយកមកបិទពុម្ពវិញ។ អត់ពិបាកទេ សប្បាយបានមកធ្វើរួមគ្នាជុំគ្នាអ៊ីចឹងសប្បាយម្យ៉ាង»។
កម្ពុជា បានកំណត់យកផ្ការំដួល ធ្វើជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការសម្រេចយករំដួលជាផ្កានិមិត្តរូបរបស់ជាតិនេះ ក៏ដោយសារតែផ្ការំដួលមានក្លិនក្រអូបឈ្ងុយឈ្ងប់ គួរជាទីទាក់ទាញ និងផ្តល់នូវអត្ថប្រយោជន៍ច្រើន នៅក្នុងសង្គមខ្មែរ។ អាស្រ័យគុណប្រយោជន៍ទាំងនេះ ទើបក្រសួងកសិកម្ម ក៏កំណត់យកផ្ការំដួលនេះ ធ្វើជាតំណាងឱ្យវិស័យកសិកម្មផងដែរ។
អ្នកស្រី គៀង សុម៉ាលី លើកឡើងថា ផ្ការំដួលនេះ មិនមែនពីដើមមកអ្នកស្រីចេះធ្វើទេ គឺចេះធ្វើតៗពីគ្នា បន្ទាប់ពីអ្នកស្រីធ្លាប់បានចូលរួមជួយរៀបចំសង្ក្រាន្តនៅវត្តភ្នំនេះ។ អ្នកស្រីថា ផ្ការំដួលដែលរៀបចំដាក់ដោតនៅតាមសួនច្បារឆ្នាំនេះ មិនអាចទុករៀបចំសម្រាប់ឆ្នាំក្រោយទៀតបានឡើយ ព្រោះទុកយូរផ្កាជ័រនេះវានឹងហើរពណ៌ បាក់សម្រស់ជាមិនខាន។
មានស្នាមញញឹមរីករាយជាប់ជានិច្ច ខណៈកំពុងបិទស្លឹកភ្ជាប់ផ្ការំដួលអ្នកស្រីថា ទោះបីមិនមែនជាការងារស្នូលរបស់ខ្លួន តែការរៀបចំនេះ បានបង្កបរិយាកាសសប្បាយរីករាយជូនខ្លួនឯង និងជូនដល់សាធារណជនផងដែរ។
អ្នកស្រី គៀង សុម៉ាលី៖ «ឆ្នាំនេះមានច្រើន ដោយសារប្លែកត្រង់មានមង្កុដអប្សារាហ្នឹង និងពិនហ្នឹង ដែលយើងគ្រោងធ្វើយូរខែមកហើយ។ យើងសង្ឃឹមមានអ្នកទស្សនាមកចូលរួមកម្សាន្តច្រើន ព្រោះប្លែកមានមង្កុដ មានអី ខុសពីឆ្នាំទៅ»។
កាលពីថ្ងៃទី៧ ខែមេសានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានធ្វើពិធីសែនព្រេន ដើម្បីសុំដំឡើង «មង្កុដអប្សារាដ៏ធំ» ដាក់តាំងក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» បង្ហាញទៅដល់ភ្ញៀវជាតិ និង អន្តរជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក អេង សុខា ជាក្រុមការងារបច្ចេកទេសក្នុងការរៀបចំសង្ក្រាន្តវត្តភ្នំ រៀបរាប់ថា ជារៀងរាល់ឆ្នាំលោកតែងតែមករៀបចំសង្ក្រាន្តនៅវត្តភ្នំ ដោយច្នៃស្នោទៅជារូបផ្ការំដួល ដើម្បីតាំងលម្អនៅតាមសួនច្បារនានាក្នុងបរិវេណរមណីយដ្ឋាននេះ។ ប៉ុន្តែឆ្នាំនេះ ក្រៅពីលម្អផ្ការំដួលហើយ លោកក៏បានច្នៃស្នោកាត់រូបរាងទៅជាផ្កាចំប៉ី ដើម្បីយកមកលម្អនៅលើមង្កុដអប្សារា។
អង្គុយបត់ជើងនៅលើបន្ទះក្ដារ ចំណែកក្នុងដៃកាន់កាំបិត និងខ្មៅដៃ គូសរូបពុម្ពផ្កាចំប៉ី លោក សុខា ដែលមានវ័យ ៥៨ឆ្នាំ រៀបរាប់ទៀតថា ការច្នៃជារូបផ្កាចំប៉ីនេះ ទើបតែរៀបចំឆ្នាំនេះ ដោយសារមានការតាំងបង្ហាញមង្កុដអប្សារា ខណៈរាល់ឆ្នាំមុនៗ មានតែរូបផ្ការំដួលប៉ុណ្ណោះ។ ថ្វីត្បិតតែពីមុនមិនធ្លាប់កាត់ស្នោធ្វើរូបពុម្ពផ្កាចំប៉ី តែលោកបានប្រើភាពច្នៃប្រឌិតដែលខ្លួនធ្លាប់រៀនសូត្រពីសាលាភូមិន្ទវិចិត្រសិល្បៈ មកកាត់ និងបត់រូបឱ្យចេញជាផ្កាចំប៉ី។
លោក អេង សុខា៖ «ផ្កាចំប៉ីនេះ យើងទើបតែធ្វើឆ្នាំនេះទេ សម្រាប់ដាក់លើមង្កុដអប្សារាធំ យើងចង់បង្កើនធ្វើម៉េចឱ្យក្មេងវាស្គាល់ថាអាហ្នឹងវាជារបស់ខ្មែរយើងកុំឱ្យចេះតែច្រឡំអ៊ីចឹងណា។ យើងចង់ធ្វើឱ្យប្លែករហូតមួយឆ្នាំទៅមួយឆ្នាំកុំឱ្យវាដដែលៗណា»។
ទាក់ទងការងាររៀបចំតុបតែងលម្អនៅសង្ក្រាន្តវត្តភ្នំពេញនេះ សម្រាប់លោក គង់ សុធារ៉ា វ័យ ៦៤ឆ្នាំ ដែលជាក្រុមការងារម្នាក់ទៀតដែលនោះ ប្រាប់ថា ស្រ្តីជាសមាជិកប្រៀបដូចជាជាងដ៏ចំណានក្នុងការច្នៃប្រឌិតប្រកបដោយបំណិនប្រសប់។ លោកថា ក្នុងផ្នែកនីមួយៗតែងតែមានវត្តមានស្ដ្រីជួយធ្វើរាប់តាំងពីផ្នែកកាត់ពុម្ពស្នោ ចៀរពុម្ព បាញ់ថ្នាំពណ៌ បត់ផ្កា និងដោតផ្កាជាដើម។ លោកបង្ហាញចំណាប់អារម្មណ៍ថា គ្រប់ផ្នែកទាំងអស់គឺត្រូវការស្ដ្រីជាចាំបាច់ ព្រោះស្រ្តីមានភាពច្នៃប្រឌិត និងប៉ិនប្រសប់ក្នុងការតុបតែងលម្អ ធ្វើឱ្យកន្លែងមិនស្អាត ប្រែជាមានសោភ័ណភាពទាក់ទាញ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី