កំពង់ធំ៖ នៅព្រឹកថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២០នេះ អាជ្ញាធរស្រុកបារាយណ៍ដឹកនាំដោយលោក អួង សារឿន ជាអភិបាលស្រុកបារាយណ៍ បានប្រារព្ធកម្មវិធីដាំដើមក្ងោកចំនួន ២០០ដើមអបសងខាងមាត់ប្រឡាយអូរកាច់ ស្ថិតក្នុងភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងកម្មវិធីដែលមានការចូលរួមពីអាជ្ញាធរឃុំ កងរាជអាវុធហត្ថ និងយុវជនផងនោះ លោកអភិបាលស្រុកបារាយណ៍លើកឡើងថា ការផ្តួចផ្តើមដាំដើមក្ងោកនេះ ដើម្បីបង្កើនសោភ័ណភាពរមណីយដ្ឋានប្រឡាយអូរកាច់នេះឱ្យកាន់តែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។ លោកបន្ថែមថា អាជ្ញាធរស្រុកបារាយណ៍នឹងប្រឹងប្រែងកែច្នៃរមណីយដ្ឋានប្រឡាយអូរកាច់នេះឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មីរបស់ខេត្តផងដែរ។

សូមបញ្ជក់ថា ថវិកាចំណាយក្នុងការដាំដើមក្ងោកអបសងខាងមាត់ប្រឡាយអូរកាច់នេះ មានចំនួនជាង ៥ លានរៀល ក្នុងនោះចំណាយលើការធ្វើស៊ុំរបងនិងប្រតិបត្តិការថែទាំផ្សេងៗ។
ប្រឡាយអូរកាច់មានប្រវែងជាង ៨០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រឡាយមួយនេះមិនត្រឹមតែជាប្រភពស្រោចស្រពដំណាំរបស់បងប្អូនប្រជាពលរដ្ឋនោះទេ តែវាក៏ក្លាយជាទីរមណីយដ្ឋានសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ដើរកំសាន្ត និងហាត់ប្រាណនាពេលរសៀលផងដែរ។

ជាងនេះទៀត អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងសហគមន៍តែងតែប្រារព្ធពិធីអ៉ុំទូកផ្កាចារក្នុងប្រឡាយនេះស្ទើររៀងរាល់ឆ្នាំ ហើយមានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

អ្វីដែលពិសេសនោះ នៅជាប់ប្រឡាយអូរកាច់នេះ មានវាលស្រែពណ៌ខៀវខ្ចី បឹងឈូក ហើយនៅពេលល្ងាចយើងអាចមើលឃើញព្រះសូរិយារៀបអស្តង្គតជៈពន្លឺក្រហមច្រាល នាំឱ្យរំសាយអស់ទុក្ខកង្វល់ ភាពនឿយហត់ ការបើបានមកដល់ប្រឡាយអូរកាច់នេះ៕
អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។