ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានបដិសេធច្រានចោលចំពោះការថ្លែងរបស់គណបក្សកម្លាំងជាតិ ដែលថាការចាប់ខ្លួនសមាជិកបក្សកម្លាំងជាតិជាការធ្វើទុក្ខបុកម្នេញ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោល ការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ស្នងការរាជធានីភ្នំពេញចាត់ទុកថា បក្សបានចោទប្រកាន់មកលើសមត្ថកិច្ចទាំងបំពាន និងគ្មានមូលដ្ឋានច្បាស់លាស់។
បន្ទាប់ពីគណបក្សកម្លាំងជាតិចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការចាប់ខ្លួនសមាជិករបស់បក្ស គឺកាលពីថ្ងៃម្សិលមិញដដែល អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីប្រកាសព័ត៌មានតបទៅកាន់បក្សកម្លាំងជាតិវិញ ដោយចាត់ទុកថា បក្សបានចោទប្រកាន់មកលើសមត្ថកិច្ចទាំងបំពាន និងគ្មានមូលដ្ឋានច្បាស់លាស់។
ជាងនេះទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពន្យល់ថា នៅក្នុងសង្គមនីតិរដ្ឋ ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់ សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសង្គម។
សេចក្តីប្រកាសព័ត៌មានតបទៅកាន់បក្សកម្លាំងជាតិនេះ បន្ទាប់ពីសមត្ថកិច្ចបានអនុវត្តតាមដីការបស់តុលាការដោយបានឃាត់ខ្លួនលោក យ៉ាង សុខយាង ភេទ ប្រុស អាយុ៤៧ឆ្នាំ ជាអនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ មានទីមានលំនៅបច្ចុប្បន្នភូមិគោកអណ្តែត ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថព្រះមហាក្សត្រ។
តាមកំណត់ហេតុរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក យ៉ាង សុខយាង បានសារភាពថា ខ្លួនបានប្រើប្រាស់បណ្តាញសង្គមធ្វើសកម្មភាពញុះញង់ និងអុជអាលតាមរយៈការបំភ្លៃព័ត៌មានខុសពីការពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសថ្នាក់ដឹកនាំនិងប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ស្នងការរាជធានីភ្នំពេញចាត់ទុកទង្វើនេះ គឺបានបំពានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញកម្ពុជា និងត្រូវបានចាត់ជាបទល្មើសព្រហ្មទណ្ឌ។
លោក យ៉ាង សុខយាង អនុប្រធានគណបក្សកម្លាំងជាតិបណ្តោះអាសន្ន ស្រុកតាំងគោក ខេត្តកំពង់ធំ។រូបភាពពីហ្វេសប៊ុកបក្សកម្លាំងជាតិ។
សម្រាប់ស្នងការរាជធានីភ្នំពេញ ការឃាត់ខ្លួនជនសង្ស័យខាងលើគឺផ្អែកតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្ត បទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និង ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។
សូមរំលឹកថា លោក យ៉ាង សុខឃាង ត្រូវបានមេប៉ុស្តិ៍នគរបាលឃុំស្រឡៅ កោះហៅកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០ នាទីរសៀល មកកាន់ទីស្នាក់ការប៉ូលីសឃុំ ដោយមិនដឹងពីមូលហេតុ និងគ្មានបង្ហាញពីដីកាចាប់ខ្លួនដល់សាមីខ្លួន និងក្រុមគ្រួសារឱ្យបានដឹងឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍បក្សកម្លាំងជាតិ។
បក្សកម្លាំងជាតិចាត់ទុកការចាប់ខ្លួនលោក យ៉ាង សុខឃាង គឺជារូបភាព បំភិតបំភ័យថ្មីមួយទៀត ក៏ដូចជាការបន្តធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ដោយឥតឈប់ឈរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។
គណបក្ស កម្លាំងជាតិ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក យ៉ាង សុខឃាង និងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាស នយោបាយល្អ ដល់គ្រប់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាពនយោបាយ ដោយមិនមានការព្រួយបារម្ភ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា៕