en     km
en     km

វត្ថុបុរាណ និងឯកសារខូចខាតធ្ងន់ធ្ងរ​ ​ក្រោយ​ភ្លើង​ឆេះ​សារមន្ទីរដ៏​សំខាន់​របស់​ឥណ្ឌូនេស៊ី

Share

សារមន្ទីរដ៏លេចធ្លោមួយនៅក្នុងរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះកាលពីចុងសប្តាហ៍ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេង ដែលមិនអាចកាត់ថ្លៃបាន។ ក្រុមមន្ត្រីប៉ូលីសកំពុងបើកការស៊ើបអង្កេត នឹងព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើរកឃើញថាការឆេះនេះពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម។

សារមន្ទីរជាតិនៃប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតក្នុងទីក្រុងហ្សាកាតា ជាឃ្លាំងផ្ទុកវត្ថុបុរាណប្រវត្តិសាស្ត្រ និងបុរាណវត្ថុដ៏សំខាន់របស់ប្រទេសនេះ បានឆាបឆេះកាលពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា។ សារព័ត៌មាន Thediplomat បានចុះផ្សាយថា ទោះបីជាភ្លើងត្រូវបានក្រុមពន្លត់អគ្គិភ័យពន្លត់បានយ៉ាងឆាប់រហ័សក៏ដោយ លោក Komarudin ប្រធានកម្លាំងប៉ូលីសទីក្រុងហ្សាកាតាបានប្រាប់អ្នកសារព័ត៌មានថា អគ្គិភ័យនេះត្រូវបានពន្លត់នៅម៉ោង១០យប់។ អគារបានរងការខូចខាតយ៉ាងសន្ធឹកសន្ធាប់ ដែលនាំឱ្យមានការភ័យខ្លាចថា លទ្ធផលនៃការប្រមូលឯកសារក្នុងអគារ អាចនឹងមានការខូចខាតធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យា លោក Nadiem Makarim បានប្រាប់សន្និសីទសារព័ត៌មាននៅសារមន្ទីជាតិកាលពីព្រឹកថ្ងៃ១៨ ខែកញ្ញាថា “អាទិភាពចម្បងរបស់យើងនៅពេលនេះ គឺរក្សាទុកវត្ថុបុរាណ និងវត្ថុប្រវត្តិសាស្ត្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពីបន្ទប់ដែលរងផលប៉ះពាល់ដោយអគ្គីភ័យ។ យើងនឹងរក្សាទុកអ្វីដែលអាចសង្រ្គោះបាន។”

បើយោងតាមគេហទំព័ររបស់ខ្លួន សារមន្ទីរនេះមានបណ្តុំនៃវត្ថុប្រហែល ១៩០,០០០ ដែលក្នុងនោះមាន ក្នុងចំណោមទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់របស់សារមន្ទីរ គឺរូបសំណាកព្រះពុទ្ធ-ហិណ្ឌូ ដែលត្រូវបានគេជឿថាជារូបសំណាកព្រះពុទ្ធសំរិទ្ធចាស់ជាងគេប្រចាំប្រទេស។

សារព័ត៌មាន Tempo បានដកស្រង់សម្ដី លោក Komarudin ប្រធានកម្លាំងប៉ូលីសទីក្រុងហ្សាកាតា  ថា ប៉ូលីស នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើពួកគេរកឃើញទិដ្ឋភាពឧក្រិដ្ឋកម្មក្នុងសំណុំរឿងភ្លើងឆេះសារមន្ទីរជាតិ។ លោកបាននិយាយនៅឯសារមន្ទីរជាតិដែលត្រូវរងការខូចខាតកាលពីថ្ងៃអាទិត្យទី ១៧ ខែកញ្ញាឆ្នាំ ២០២៣ ថា “យើងនឹងធានាថាដំណើរការផ្លូវច្បាប់ត្រូវបានអនុវត្តនៅក្នុងករណីនៃការជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មដែលអាចកើតមាន”៕

Share

ព័ត៌មានទាក់ទង