en     km
en     km

ភាគីពាក់ព័ន្ធរួមគ្នាបង្កើនការព្យាបាលកុមារខ្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យមនិងធ្ងន់ធ្ងរក្នុងខេត្តចំនួន ៣

Share

យោងតាមរបាយការណ៍បឋមនៃការអង្គេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ឱ្យដឹងថា កុមារកម្ពុជាប្រមាណ១០ភាគរយមានបញ្ហាស្គមស្គាំង។ បញ្ហានេះមានពាក់ព័ន្ធទៅនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គមដែលកើតចេញពីបញ្ហាកូវីដ ១៩ និងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ដែលកំពុងគំរាមកំហែងដល់សន្តិសុខស្បៀងក្នុងគ្រួសារ តាមរយ:ការកើនទ្បើងតម្លៃ វិបត្តិអតិផរណា និងការបាត់បង់ប្រាក់ចំណូល។ លើបញ្ហាកង្វះអាហារូបត្ថម្ភនេះ ក្រសួងសុខាភិបាល និងអង្គការពាក់ព័ន្ធ រួមគ្នាបង្កើនការព្យាបាលកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរក្នុងខេត្តចំនួន ៣ ។

លោក គីម ចាន់ចាវ រាយការណ៍

 

 

លោក ហ៊ូ ក្រើន នាយកប្រចាំប្រទេសនៃអង្គការហេឡែនខែលល័រ បានឱ្យដឹងក្នុងសិក្ខាសាលាណែនាំគម្រោង “ព្យាបាលនិងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាលមធ្យម និងធ្ងន់ធ្ងរ” នៅថ្ងៃទីស២៧ ខែមករានេះថា ទោះបីជាការងារទាក់ទងអាហារូបត្ថម្ភត្រូវបានបញ្ចូលក្នុងបញ្ជីអាទិភាពគោលនយោបាយថវិការបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧ ក្តី តែថវិកាត្រូវបានបែងចែកគឺគ្រប់គ្រាន់សម្រាប់ព្យាបាលករណីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន ៣,២00 ករណីប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ លើសពីនេះ ការបែងចែកនេះគឺសម្រាប់លទ្ធកម្មអាហារព្យាបាលកុមារមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ(RUTF)ប៉ុណ្ណោះ ហើយមិនគ្របដណ្តប់លើការចំណាយប្រតិបត្តិការដែលត្រូវការដើម្បីបង្កើនទំហំកម្មវិធីនោះទេ។

លោក ហ៊ូ ក្រើន បញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ នៅកម្ពុជានេះ អង្គការ ហេទ្បែន ខេលល័រកម្ពុជា កំពុងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនការព្យាបាលកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរក្នុងរយៈពេលប្រាំឆ្នាំខាងមុខ (២០២៣-២០២៧) នៅក្នុងខេត្តគោលដៅដូចជាខេត្តតាកែវ សៀមរាប និងកំពង់ឆ្នាំង។ 

របាយការណ៍របស់អង្គការដដែលបញ្ជាក់ថា បច្ចុប្បន្ន ធនធានរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍គឺអាចព្យាបាលកុមារចំនួនប្រមាណតែ១០ភាគរយនៃកុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរត្រូវការការសង្គ្រោះអាយុជីវិត ដែលមិនបានសម្រេចគោលដៅដែលបានកំណត់ដោយផែនការជាតិឆ្នាំ ២០១៤ គឺត្រឹមឆ្នាំ២០២0 ដែលសម្រេចឱ្យបានការព្យាបាលកុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរ ២៥,000នាក់ជារៀងរាល់ឆ្នាំ។ កង្វះការយល់ដឹងអំពីផលវិបាកនៃកង្វះអាហារូបត្ថម្ភ សមត្ថភាពមានកម្រិតរបស់ដៃគូក្នុងការចរចាថវិកា និងទំហំសារពើពន្ធរួមតូចដោយសារជំងឺរាតត្បាតកូវីដ-១៩ គឺជាកត្តាដែលរួមចំណែកធ្វើឱ្យមូលនិធិក្នុងស្រុក និងខាងក្រៅមិនគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាស្គមស្គាំង។

លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា នេះផ្ដោតលើកុមារអាយុក្រោម ៥ ឆ្នំា ដោយមានការបណ្ដុះបណ្ដាលដល់មន្ត្រីសុខាភិបាល និងក្រុមទ្រទ្រង់សុខភាពភូមិ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះបញ្ជាក់ថា គោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការគ្រប់គ្រងបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ ប្រទេសកម្ពុជាបានផលិតផលនូវផលិតផលក្នុងស្រុកធ្វើពីត្រីដែលហៅថា “Nutrix” ដើម្បីព្យាបាលកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យមនិងធ្ងន់ធ្ងរ ។ ផលិតផល Nutrix មានផ្ទុកនូវម៉ាក្រូសារជាតិចំនួន២៨មុខ រួមទមានវីតាមីន និងសារធាតុរ៉ែ ហើយមានតម្លៃថោកជាងផលិតផលដែលបាននាំចូល២០ភាគរយ។ វាត្រូវបានបង្កើតឡើងតាមរយៈការស្រាវជ្រាវដែលធ្វើឡើងដោយអង្គការយូនីសេហ្វ វិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍន៍ប្រទេសបារាំង សាកលវិទ្យាល័យ Copenhagen និងក្រុមហ៊ុន Danish Care Foods ដោយសហការជាមួយក្រសួងសុខាភិបាល។ ការផលិតក្នុងស្រុកបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ដោយមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image