ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣នេះថា ការអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដង្ហែធម្មយាត្រា និងការតម្រូវឱ្យសមាគមផ្ញើរបាយការណ៍បូកសរុបសកម្មភាពការងារ និងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជារឿងពីរដាច់ដោយឡែកពីគ្នា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាគឺតម្រូវឱ្យអង្គការ សមាគម ត្រូវផ្តល់របាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុនានាមកក្រសួងដែលជាលក្ខខណ្ឌតម្រូវផ្នែកច្បាប់។ ដូច្នេះសមាគមគ្រូបង្រៀនត្រូវផ្ញើរបាយការណ៍ជុំវិញសកម្មភាពការងារនិងការចាយវាយនានាមកក្រសួង។ ដោយឡែកលិខិតដែលក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រា គឺអនុញ្ញាតឱ្យធ្វើនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ដោយមានអ្នកចូលរួមប្រមាណ ៥០នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាក្បួនដង្ហែនេះត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ តម្រាយផ្លូវធ្វើដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ឱ្យដឹងថា ខាងសមាគមនឹងរៀបចំឯកសាររបាយការណ៍នានាតាមការតម្រូវរបស់ក្រសួងមហាផ្ទៃប្រគល់ទៅក្រសួងក្រោយបញ្ចប់ការដង្ហែធម្មយាត្រា។ លោកស្រីបញ្ជាក់ថា ខាងសមាគមពុំសូវមានរបាយការណ៍ហិរញ្ញវត្ថុអ្វីច្រើននោះទេ ព្រោះសមាគមគ្មានទទួលជំនួយអ្វីពីបរទេសដូចស្ថាប័នផ្សេងៗឡើយ ហើយសកម្មភាពការងារកន្លងមក គឺអ្នកចូលរួមតែងចំណាយថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជាមួយសមាគមតែប៉ុណ្ណោះ។
លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ផ្ញើទៅកាន់លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បញ្ជាក់ថា សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើក សម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។
លោកស្រី អ៊ុក ឆាយ៉ាវី បន្ថែមថា ទោះបីជាទទួលបានលិខិតនេះក្តី តែជំហររបស់សមាគមនៅតែរក្សាការដង្ហែធម្មយាត្រាស្តីពី «សីលធម៌សង្គម» នៅតែប្រព្រឹត្តិធ្វើដដែរ។
សូមបញ្ជាក់ថា ធម្មយាត្រាស្តីពី «សីលធម៌សង្គម» នេះមានគោលបំណងដឹកនាំសកម្មភាពដោយអហិង្សា ជំរុញឱ្យជនគ្រប់រូបចូលរួមលើកកម្ពស់សីលធម៌សង្គម។ មូលហេតុដែលនាំឱ្យមានសកម្មភាពនេះឡើងដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសីលធម៌របស់ជនតូចតាច ឬអ្នកមានអំណាចមួយចំនួន កាន់តែអាក្រក់ទៅ ដែលធ្វើឱ្យសង្គមស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់៕