ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ ទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមករា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិទទួលបានសមធម៌ គុណភាព ភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា ភាពជាម្ចាស់ និងគណនេយ្យភាពក្នុងការដោះស្រាយបញ្ហានៃកុមារងាយរងគ្រោះ កុមារបាត់បង់ឱកាសទទួលបានការអប់រំ ដល់កុមារបឋមសិក្សាចំនួន ៦៣៨សាលា។
លោក ឡេង វីរ: នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកកម្ពុជា បានបញ្ជាក់ថា អង្គការ អេដ អេ អាកស្យុង នឹងដើរតួនាទីជាអ្នកដឹកនាំ កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ដែលមានអង្គការដៃគូចំនួន ២៩ ធ្វើការងារគ្របដណ្តប់លើសាលារៀនគោលដៅចំនួន ២ ៦៩៤សាលា។ សកម្មភាពគោលដៅគឺផ្តោតលើកុមារបាត់បង់ឱកាសឱ្យទទួលបានការអប់រំ នឹងទៅចុះឈ្មោះចូលរៀនថ្មី ចំនួនជិត ១២ម៉ឺននាក់(១១៦ ៣៩៦នាក់) នៅទូទាំងប្រទេសកម្ពុជា។
ចំណែកលោក Janes Immanuel Hinting នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា អង្គការរបស់លោក នឹងផ្តោតលើការត្រួតពិនិត្យបច្ចេកទេសនៃកម្មវិធីអប់រំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរៀន និងការបង្រៀន តាមរយៈការកសាងភាពជាដៃគូរបស់សាលារៀន និងសហគមន៍។ ជាងនេះទៀត អង្គការទស្សនៈពិភពលោក នឹងតាមដានការចុះឈ្មោះ និងរក្សាទុកកុមារបាត់បង់ឱកាសអប់រំទាំងអស់ នៅក្នុងតំបន់គោលដៅ សម្រាប់វគ្គសិក្សាពេញលេញនៃសាលាបឋមសិក្សាដែលមានគុណភាពល្អ។
អង្គការ ទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា ក៏នឹងគាំទ្រដល់កម្មវិធីដៃគូរួមគ្នាដោយដើរតួជាអ្នកមានឥទ្ធិពលនៃកិច្ចពិភាក្សាគោលនយោបាយទាក់ទងនឹងបញ្ហាកុមារបាត់បង់ឱកាសអប់រំ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងភាពជាដៃគូនេះ គ្របដណ្តប់គោលដៅសាលាបឋមសិក្សាចំនួន ៦៣៨ នៅក្នុងស្រុកចំនួន ៣១ ក្នុងខេត្តចំនួន១០ ទូទាំងប្រទេសកម្ពុជា រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ
កណ្តាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប។
លោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ យុវជន និងកីឡា ដែលបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខានេះ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) នឹងដើរតួនាទីសំខាន់នៅក្នុង កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ដំណាក់កាលទី២។ តាមរយៈការដឹកនាំរបស់ខ្លួននៅថ្នាក់ក្រុមប្រឹក្សាភិបាល ការផ្តល់ការគាំទ្រពី នាយកដ្ឋានបច្ចេកទេស និងសហហិរញ្ញប្បទានសម្រាប់សកម្មភាពសំខាន់ៗ ក្រសួងនឹងជួយធានាឱ្យបាននូវភាពជោគជ័យរបស់ កម្មវីធីដៃគូរួមគ្នាផ្តល់ឱការអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។ ក្រសួងអប់រំ នឹងអញ្ជើញ ក្រុមការងារកម្មវិធីដៃគូរួមគ្នា CCOSC ជា ភាគីពាក់ព័ន្ធផ្នែកអប់រំដ៏លេចធ្លោមួយ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយសំខាន់ៗ ដូចជា ការបង្កើតផែនការយុទ្ធសាស្រ្តអប់រំថ្មី ហើយនឹងសហការជាមួយក្រុមការងារកម្មវិធីរួមគ្នា ក្នុងការពង្រីកការអនុវត្តបច្ចេកទេសល្អបំផុតថ្មីសម្រាប់ការចុះឈ្មោះកុមារបាត់បង់ឱកាសទទួលការអប់រំ៕