en     km
en     km

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

Share

 

របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី 26 ខែមករា ២០២៣ថាក្រោមការគ្រប់គ្រងដោយយោធា​ ការដាំដុះអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើង 33% ឆ្នាំ២០២២។

មន្ត្រីម្នាក់នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយថាកំណើននេះ”ជាប់ពាក់ព័ន្ធដោយផ្ទាល់” ទៅនឹងភាពចលាចលខាងនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំ២០២១។

លោក Jeremy Douglas ដែលជាប្រធានប្រចាំតំបន់របស់អង្គការ UNODC បាននិយាយថា “ការរំខានផ្នែកសេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ច បន្ទាប់ពីការកាន់កាប់ដោយយោធានៅខែកុម្ភៈ ឆ្នាំ 2021 កសិករនៅតំបន់ដាច់ស្រយាល មានជម្រើសតិចតួច បានផ្លាស់ប្តូរទៅដាំអាភៀនវិញ”។អ្នក​នាំ​ពាក្យ​របប​យោធា​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះចាប់តាំងពីមានរដ្ឋប្រហារ ដោយរូបិយប័ណ្ណ Kyat បានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារ ហើយតម្លៃអាហារ និងប្រេងឥន្ធនៈបានកើនឡើង។

លោក Benedikt Hofmann អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ UNODC បានព្រមានថា “បើគ្មានជម្រើស និងគ្មានស្ថិរភាពសេដ្ឋកិច្ចទេ វាទំនងជាថាការដាំដុះ និងការផលិតអាភៀននឹងបន្តកើនឡើង” ។ផ្ទៃដីដាំដុះអាភៀននៅឆ្នាំ 2022 បានពង្រីកដល់ជាង4ម៉ឺនហិកតា ខណៈដែលទិន្នផលប៉ាន់ស្មានជាមធ្យមគឺ 20 គីឡូក្រាមក្នុងមួយហិកតា មានន័យថាបានកើនកើនឡើង 41% ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពី UNODC បានកត់ត្រាក្នុងឆ្នាំ 2002 ។

របាយការណ៍ឆ្នាំ 2021 បានប្រើប្រាស់ទិន្នន័យផ្កាយរណបកំណត់ផ្ទៃដីដាំដុះអាភៀនបានបង្ហាញថា រដ្ឋ Shan ភាគខាងកើត ដែលមានព្រំប្រទល់ជាប់ប្រទេសចិន ថៃ និងឡាវ មានការដាំដុះអាភៀនកើនឡើងច្រើនបំផុតគឺរហូតដល់ 39% ។

របាយការណ៍បានបន្ថែមថា តម្លៃអាភៀនដែលផលិតក្នុងប្រទេសមីយ៉ាន់ម៉ាអាចឡើងដល់ 2 ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយថ្នាំញៀនភាគច្រើនត្រូវបានរត់ពន្ធទៅកាន់ប្រទេសជិតខាង និងទៅកាន់ទីផ្សារពិភពលោក។

ប្រភព៖ Reuters ថ្ងៃទី 26 ខែមករា ឆ្នាំ 2023

Share

ព័ត៌មានទាក់ទង

Image