en     km
en     km

សម្តេចហ៊ុន សែន៖ កម្ពុជាគ្មានសមត្ថភាព ផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនទេ

Share

 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាគ្មានសមត្ថភាពផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែននោះទេ។ ការបញ្ជាក់របស់ប្រមុខដឹកនាំកម្ពុជានៅពេលនេះ ជាការបន្ថែមលើសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយ ដែលថាកម្ពុជាបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។ លោក គីម ចានចាវ រាយការណ៍

 

បន្ថែមលើការបដិសេដមិនបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន សម្តេចហ៊ុន សែន បានបញ្ជាក់ថាការណ៍ដែល

កម្ពុជា ជួយបណ្ដុះបណ្ដាល ជំនាញដោះមីនដល់មន្ត្រីជំនាញអ៊ុយក្រែនថ្មីៗនេះ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃទី២៦ ខែមករា មេដឹកនាំកម្ពុជា បានឆ្លើយតបការចុះផ្សាយ និងច្រានចោលការលើកឡើងមួយចំនួននៅពេលថ្មីៗនេះ ដែលថាកម្ពុជាបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ដោយបញ្ជាក់ថាកម្ពុជាមិនបានបញ្ជូនកងទ័ព និងគ្រូបណ្ដុះបណ្ដាលដោះមីន ចូលទៅក្នុងប្រទេសអ៊ុយក្រែននោះទេ។

«កម្ពុជាមិនបានផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ កម្ពុជាគ្មានសមត្ថភាព ដើម្បីផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនទេ។ ឯរឿងកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកដោះមីន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ សូមកុំភ័ន្ដច្រឡំ កម្ពុជាបានបញ្ជូនកងទ័ពទៅធ្វើការដោះមីន នៅក្រៅប្រទេសរួមចំណែកការពារសន្ដិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ យើងឥឡូវយើងមាន កងទ័ពឈរជើងនៅ៤ប្រទេស នៅម៉ាលី ស៊ូដង់ខាងត្បូង នៅលីបង់ នៅអាហ្វ្រិកកណ្ដាល»។

ទោះយ៉ាងណា ប្រមុខរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា កម្ពុជាបានជួយបណ្ដុះបណ្ដាលអ្នកដោះមីនបរទេសមួយចំនួននៅប្រទេសកម្ពុជា ហើយបើកទទួលអ្នកសិក្សាផ្នែកដោះមីនពីគ្រប់បណ្ដាប្រទេសទាំងអស់។

 

«នៅឯប្រទសរបស់យើង យើងបានជួយបណ្ដុះបណ្ដាលអ្នកដែលមកពីកូឡុំប៊ី និងប្រទេសមួយចំនួនផ្សេងទៀតមករៀន នៅកម្ពុជា។ ហើយយើងមានមជ្ឈមណ្ឌលមីនអាស៊ានដែលមានទីតាំងនៅកម្ពុជា។ ចឹងខ្ញុំសូមជម្រាបថា ប្រទេសណាក៏ដោយ ដែលចង់មករៀនដោះមីននៅកម្ពុជា សូមអញ្ជើញ រាប់ទាំងរុស្ស៊ី យើងជួយបណ្ដុះបណ្ដាលឱ្យទាំងអស់»។

 

កាលពីថ្ងៃទី២៤ ខែមករា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយច្រានចោលការចេញផ្សាយលក្ខណៈក្រាហ្វិក តាមប្រព័ន្ធតេឡេក្រាម ឈ្មោះDemografiya apala ដែលបង្ហាញជំហរប្រទេសនានាពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយក្នុងនោះកម្ពុជាត្រូវបានគេដាក់ស្ថិតក្នុងចំណោមក្រុមប្រទេសដែលផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។

សេចក្ដីថ្លែងការណ៍ បញ្ជាក់ថា ក្នុងការសម្រេចចិត្តផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសសម្អាតមីន ដល់អ្នកដោះមីនអ៊ុយក្រែន នៅកម្ពុជាក្រោមកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) គឺត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋានសិទ្ធិមនុស្សសុទ្ធសាទ ដែលស្រដៀងគ្នានឹងបេសកកម្មថែរក្សាសន្តិសុខ របស់ខ្លួននៅតំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ា ដោយមានការឧបត្ថម្ភពីអង្គការសហប្រជាជាតិ។

 

កាលពីថ្ងៃទី១៧ ខែមករា កម្ពុជាបានផ្ដល់ការហ្វឹកហ្វឺនដល់មន្រ្តីជំនាញអ៊ុយក្រែន រយៈពេល១សប្តាហ៍ លើជំនាញដោះមីន គ្រឿងផ្ទុះ ជាពិសេសច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ក្រោមកិច្ចសហការកម្ពុជាជប៉ុន លើសកម្មភាពកម្ចាត់មីនមនុស្សធម៌៕

 

Share

ព័ត៌មានទាក់ទង

Image