en     km
en     km

អង្គការសង្គមស៊ិវិល ជម្រុញឱ្យមាន​ការដំឡើងពន្ធគ្រឿងស្រវឹង

Share

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល និងយុវជនមួយចំនួនបានកំពុងតែមើលឃើញនូវផលប៉ះពាល់ជាច្រើននៃបញ្ហាគ្រឿងស្រវឹង ខណៈដែលមានរបាយការណ៍ នឹងកត្តាមួយចំនួនបង្ហាញឱ្យឃើញថាការប្រើប្រាស់គ្រឿងស្រវឹងស្ទើរតែគ្មានគុណប្រយោជន៍។

ព័ត៌មាននេះរាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តីដែលរៀបចំឡើងដោយអង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) និង​អង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោកសុង ឌៀរ៉ាក់ តំណាងអង្គការ CMH លើកឡើងថាស្ត្រីអាចទទួលរងនូវផលប៉ះពាល់តាមរយៈការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងទៅសាធារណជន ដោយ

បច្ចុប្បន្នមើលឃើញថាមានការដាក់តាំងផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវជាច្រើន ដោយផ្ទាំងខ្លះមានដាក់បង្ហាញរូបស្ត្រីដោយអមជាមួយការកាន់ដបស្រា។ លោកបន្តថានេះជាកត្តាដែលក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់ស្រ្តី និងបង្ការស្រ្តីកុំឱ្យទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង។

ដោយឡែកលោកវេជ្ជបណ្ឌិត  យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសនៃ​អង្គការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​កម្ពុជាលើកទឹកចិត្តស្ត្រីគ្រប់រូបគួរកាត់បន្ថយការទទួលទានគ្រឿងស្រវឹងព្រោះការប្រើប្រាស់គ្រឿងស្រវឹងមានផលជះអវិជ្ជមានច្រើនវាមិនត្រឹមតែមានវិបត្តិសសៃប្រសាទនិងជំងឺឆ្លងជាច្រើនប៉ុណ្ណោះទេប៉ុន្តែវាក៏ពាក់ព័ន្ធទៅនឹងជំងឹមិនឆ្លងជាច្រើនទៀតផងដែរពិសេសក្នុងចំណោមស្ត្រីកុមារ និងយុវជន។

លោក យ៉ិល ដារ៉ាវយុធ៖ «ក្មេងកំពុងលូតលាស់ ឬក៏ស្ត្រីមានផ្ទៃពោះក៏គាត់ត្រូវការជាតិវិតាមីនសំខាន់ៗចិញ្ចឹម​ជីវិតគាត់ដូច A C D (វិតាមីន) និងហ្វូឡាត វាជាជាតិអាស៊ីតដើម្បីជួយការពាររាងកាយឱ្យមាំមួន អញ្ចឹងពេលគាត់ប្រើជាតិអាកុលដែលមានជាតិអេតាណុល វាទៅធ្វើឱ្យរាងកាយហ្នឹងវាបំបែកស្រូបជាតិ អាជាតិអាកុលហ្នឹងស្រូបជាតិវីតាមីន A B C D អញ្ចឹងរាងកាយចុះខ្សោយគាត់បញ្ឈមហានិភ័យកើតជំងឺមហារីក។ មហារីកច្រើនហ្នឹង មហារីមាត់ស្បូន»

យោងតាមទិន្នន័យអង្កេតទៅលើគ្រឿងស្រវឹងនិងជំងឺមិនឆ្លងឆ្នាំ២០១៦បង្ហាញថាស្ត្រីប្រើប្រាស់គ្រឿងស្រវឹងមានចំនួនត្រឹមតែ៤៦ភាគរយប៉ុណ្ណោះខណៈបុរសមានចំនួនហូតដល់ទៅ៥៣ភាគរយ។ ទោះបីអត្រាស្ត្រីសេពគ្រឿងស្រវឹងតិចជាងបុរសប៉ុន្តែស្ត្រីមានហានិភ័យប្រឈមជំងឺច្រើនជាងបុរស។

ជុំវិញបញ្ហានេះមានការលើកឡើងនូវក្តីបារម្ភរបស់យុវតីម្នាក់ ឈ្មោះ ចាន់ ឆវី ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  កញ្ញាពោលទាំងទឹកមុខព្រួយបារម្ភថាបច្ចប្បន្នអ្នកទទួលគ្រឿស្រវឺងមានច្រើនស្ទើរតែគ្រប់ទីកន្លែងមិនថានៅជនបទ ឬទីក្រុង។ ម្យ៉ាងទៀតអ្នកទទួលទាំងអស់មានទាំងចាស់ និងក្មេងដែលនេះជាកត្តាធ្វើឱ្យកញ្ញាគិតថាដោយសារតែអត្រាពន្ធនៅកម្ពុជាស្ថិតនៅកម្រិត មានភាពងាយស្រួលទិញដូរ។ ជាងនេះយុវត្តីរូបនេះបង្ហាញការពួ្រយបារម្ភថាការទទួលទានគ្រឿងស្រវឹងគឺផ្តល់នូវគុណវិបត្តិជាច្រើនទៅដល់បុគ្គលអ្នកសេពគ្រឿងស្រវឹងផ្ទាល់ គ្រួសារ និងសង្គមជាតិផងដែរ។

យុវតី ចាន់ ឆវី «ការទទួលទានស្រាហ្នឹងគឺមានច្រើនជាងមុនដោយសារតែ Mostly(ភាគច្រើន) People ឃើញថាវាជារឿងធម្មតាចឹងទៅណាស់ ហើយចំពោះការចរាចរទិញដូរ(គ្រឿងស្រវឹង)នៅខ្មែរយើង ខ្ញុំគិតថាពន្ធស្រាវានៅទាបអញ្ចឹងបានគេអាចលក់បានក្នុងតម្លៃមួយដែលធ្វើឱ្យប្រជាជនគាត់មានលទ្ធភាពគាត់ញាំអីចឹងទៅ អញ្ចឹងវាក៏បញ្ហាដែលយើងត្រូវគិតដែរ តែពន្ធទាបរបស់អស់ហ្នឹងវានៅតម្លៃរាងទាបហើយ។»

បន្ថែមពីនេះកញ្ញាបានលើកឡើងនូវទស្សនៈ​របស់ខ្លួនដែលគិតថាជាដំណោះស្រាយសម្រាប់កាត់បន្ថយអត្រាអ្នកសេពគ្រឿងស្រវឺង ដោយកញ្ញាគិតថាមានវិធីសាស្រ្តក្នុងការដោះស្រាយប៉ុន្តែកញ្ញាលើកឡើងតែចំណុចសំខាន់៣តែប៉ណ្ណោះ គឺកាត់បន្ថយការដាក់តាំងផ្លាកសញ្ញាដែលផ្សព្វផ្សាយពីគ្រឿងស្រវឹង ពង្រឹងទៅលើការលក់ដូរ និងការដំឡើងពន្ទឱ្យបានខ្ពស់។

«សម្រាប់ខ្ញុំដំណោះស្រាយដ៏ល្អគឺការដំឡើងពន្ធកាលណាពន្ធកាន់តែថ្លៃកឺតម្លៃផលិតផល និងគ្រឿងស្រវឹងហ្នឹង នឹងឡើងថ្លៃដែល។ អញ្ចឹងប្រសិនបើយើងតម្លើងពន្ធរបស់ហ្នឹង(គ្រឿងស្រវឹង)ឡើងថ្លៃហើយ នៅពេលដែលទិញប្រជាជនគាត់នឹងគិតថាគួរទិញមកទទួលទានក៏អត់ ដោយស្រាមានតម្លៃថ្លៃ អញ្ចឹងគាត់នឹងត្រូវគិតហើយគិតទៀត។ អញ្ចឹងការដំឡើងពន្ធក៏ជាផ្នែកមួយដែល ហើយព្យាយាមធ្វើអ្វីមួយដូចជាការចុះពន្យល់របៀបថាអក្ខរកម្ម សិក្ខាសាលានៅតាមភូមិផ្តល់ព័ត៌មានដែលទាក់ទងនឹងបញ្ហាមួយចំនួនដែលអ្នកទទួលទានគ្រៀងស្រវឹងនឹងជួបនិងផ្សព្វផ្សាយពីគុណវិបត្តិដែលយើងនឹងជួបពីគ្រឿងស្រវឹងហ្នឹងអ៊ីចឹងណាស់»។

 យោងតាមរបាយការណ៍ស្តីពីអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយជនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមានចំនួនជាង៣០០នាក់ក្នុងមួយឆ្នាំ និងធ្វើឱ្យខាតបងទ្រព្យសម្បត្តិ៤៤លានដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ យ៉ាងណាមិញរបាយការណ៍របស់ United Nations Developments Program (UNDP)នៅឆ្នាំ២០១៩ បានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាធ្វើឱ្យបាត់បង់ថវិកាចំនួន៤៦៦.៨ លានដុល្លាស្មើរនឹង១.៧% នៃផលលិតផលក្នុងស្រុកប្រចាំឆ្នាំ។  

ឆ្លើយតបទៅនឹងបញ្ហានេះ លោក មាស សុខសេនសាន ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ លើកឡើងថាការតម្លើងពន្ធទៅលើគ្រឿងស្រវឹងគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ក្នុងការកាត់បន្ថយអត្រាអ្នកទទួលទានគ្រឿងស្រវឹង។

លោក មាស សុខសេនសាន៖ «ការចាត់វិធានការផ្នែកសារពើពន្ធ(ដំឡើងពន្ធ) តែមួយផ្នែក មិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ គ្រឿងស្រវឹងបានទេ។ ការផ្សព្វផ្សាយ និងអប់រំឱ្យអ្នកប្រើប្រាស់យល់ដឹងពីផលវិបាកពីការផឹកគ្រឿងស្រវឹង ទើបជាកត្តាចូលរួមយ៉ាងសំខាន់ និងចាំបាច់»។

យ៉ាងណាមិញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តឱ្យដឹងថា សម្រាប់រយ:ពេលខ្លី និង មធ្យមនេះ រាជរដ្ឋាភិបាលពុំទាន់មានផែនការក្នុងការដំឡើងអត្រាពន្ធអាករលើមុខទំនិញនាំចូលទាំងនេះឡើយ ដោយសារអត្រាពន្ធអាករលើស្រា និងស្រាបៀរជាធរមាន ស្ថិតក្នុងកម្រិតខ្ពស់   ធ្វើឱ្យមុខទំនិញនេះក្លាយជាមុខសញ្ញាមានហានិភ័យខ្ពស់ក្នុងការគេចវេសពន្ធនិងបន្លំពន្ធ ដែល គយអគរ បាននិងកំពុងចាត់ វិធានការទប់ស្កាត់និង បង្ក្រាបយ៉ាងសកម្ម។

 កម្ពុជាបានកំណត់យកអត្រាពន្ធនាំចូលស្រា៣៥%។ ចំណែក ស្រាបៀ អត្រាពន្ធគយ ៣០% ទាបជាងស្រាទូទៅ៥% ដោយសារស្រាបៀមានកម្រិតជាតិអាល់កុលស្រាលជាងស្រាទូទៅ។ អត្រានេះ មានកម្រិតខ្ពស់ហើយ បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់ ។​នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ។

រូបភាព៖ នៅលើវេបសាយ

 

Share

ព័ត៌មានទាក់ទង

Image