en     km
en     km

អង្គការសុខភាពពិភពលោកណែនាំពីគោលការណ៍និងការព្យាបាល ជំងឺកូវីដ១៩តាមបែបថ្មី

Share

 

អង្គការសុខភាពពិភពលោកបានបើកបង្ហាញសារធារណជនពីការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនលើគោលការណ៍ណែនាំប្រជាពលរដ្ឋទូទាំងសកលលោក ស្តីពីការពាក់ម៉ាស់នៅក្នុងសហគមន៍មួយចំនួន របៀបព្យាបាលជំងឺកូវីដ១៩ និងរបៀបគ្រប់គ្រងគ្លីនិក។

តាមគេហទំព័ររបស់អង្គការសុខភាពពិភពលោកចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានទទូចឱ្យប្រជាពលរដ្ឋបន្តពាក់ម៉ាស់ឱ្យបានជាប់លាប់ បើទោះបីជាពួកគេមិនស្ថិតក្នុងតំបន់រាតត្បាតជំងឺកូវីដ១៩ក្តី។ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩មក ម៉ាស់ក្លាយជារបស់សំខាន់សម្រាប់មនុស្សម្នា ជាពិសេសនៅពេលនរណាម្នាក់មាន ឬសង្ស័យថាខ្លួនកំពុងឆ្លងជំងឺកូវីដ១៩។ ចំណែកមនុស្សដែលអាចប្រឈមនឹងហានិភ័យខ្ពស់ពីជំងឺដូចជា មនុស្សចាស់ ឬមនុស្សកំពុងមានរោគប្រចាំកាយ ក៏ត្រូវការពាក់ម៉ាស់ជាប្រចាំ ដើម្បីការពារសុខភាពរបស់ខ្លួនឯង និងអ្នកជុំវិញខ្លួន។ ដោយឡែក កាលពីពេលមុន អង្គការសុខភាពពិភពលោកហាក់ណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស់នៅក្នុងពេលជំងឺកំពុងរីករាតត្បាតតែប៉ុណ្ណោះ។

យ៉ាងណាមិញ កត្តាដែលត្រូវពិចារណារួមមាននិន្នាការនៃការរាតត្បាតក្នុងតំបន់ ឬសន្ទុះអ្នកជំងឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួនប្រជាជនដែលទទួលបានថ្នាំវ៉ាក់សាំងបង្ការនិងភាពស៊ាំក្នុងសហគមន៍ និងការកំណត់ចំនួនមនុស្សដែលរកឃើញថាឆ្លងជំងឺកូវីដដោយខ្លួនឯង។

តាមរយៈគេហទំព័រ WHO បានណែនាំថា អ្នកជំងឺកូវីដ១៩ អាចបញ្ឈប់ការធ្វើចត្តាឡីស័កភ្លាមៗបាន បន្ទាប់ពីពួកគេតេស្តរហ័សឃើញអវិជ្ជមាន។ តួយ៉ាង អង្គការសុខភាពពិភពលោកមានគោលការណ៍ណែនាំថ្មីស្នើឱ្យជនណាដែលមានរោគសញ្ញាស្រដៀងនឹងជំងឺកូវីដ១៩ ឱ្យនៅដាច់ដោយឡែកពីមនុស្សម្នាក្នុងរយៈពេល ១០ ថ្ងៃ ដោយគិតចាប់ពីថ្ងៃចាប់ផ្តើមចេញរោគសញ្ញាមក។

រីឯ អ្នកធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ក៏ប៉ុន្តែមិនមានរោគសញ្ញា ឥឡូវនេះ អង្គការសុខភាពពិភពលោកបានស្នើឱ្យពួកគេនៅដាច់ដោយឡែកពីគេរយៈពេល ៥ ថ្ងៃ។

គួរបញ្ជាក់ថា ការដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដែលមានជំងឺកូវីដ-១៩នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល។ អ្នកជំងឺអាចធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅទីកន្លែងជាក់លាក់ ដូចជាមន្ទីរពេទ្យ ឬគ្លីនិកជាដើម។

 

អង្គការសុខភាពពិភពលោកបានណែនាំឱ្យប្រជាពលរដ្ឋទូទាំងសកលលោកប្រើប្រាស់ថ្នាំ nirmatrelvir-ritonavir ឬហៅម្យ៉ាងទៀតថា ‘Paxlovid’។

តាមគេហទំព័រដដែលបានឱ្យដឹងថា​ ថ្នាំ Nirmatrelvir-ritonavir ត្រូវបានណែនាំឱ្យប្រើជាលើកដំបូងដោយអង្គការសុខភាពពិភពលោកក្នុងខែមេសា ឆ្នាំ២០២២។ ថ្នាំនេះណែនាំឱ្យប្រើប្រាស់ជាទូទៅសម្រាប់អ្នកជំងឺកម្រិតស្រាល ឬមធ្យម ដែលអាចមានហានិភ័យវិវត្តន៍ទៅធ្ងន់ធ្ងរអាចចូលសម្រាកក្នុងមន្ទីរពេទ្យ។

ដោយឡែក ចំពោះស្ត្រីមានផ្ទៃពោះ ឬស្រ្តីកំពុងបំបៅកូនដោយទឹកដោះ ដែលមានជំងឺកូវីដ១៩មិនធ្ងន់ធ្ងរ គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីកំណត់ថាតើពួកគេគួរប្រើថ្នាំនេះឬអត់ ដោយសារវាអាច

ផ្តល់ផលប៉ះពាល់ដល់សុខភាពម្តាយ ឬទារក។

យ៉ាងណាមិញ អង្គការសុខភាពពិភពលោកក៏បានពិនិត្យថ្នាំចំនួនពីរផ្សេងទៀតគឺ sotrovimab និង casirivimab-imdevimab ក៏ប៉ុន្តែមិនអនុញាតឱ្យយកថ្នាំនេះទៅព្យាបាលជំងឺកូវីដ១៩នោះទេ។ ថ្នាំអង់ទីក monoclonal ទាំងនេះខ្វះ ឬមិនមានឥទ្ធិពលខ្លាំងក្លាក្នុងការប្រឆាំងនឹងមេរោគនាពេលបច្ចុប្បន្នឡើយ។

ទោះបីជាយ៉ាងនេះក្តី​ បច្ចុប្បន្ននេះមានជម្រើសព្យាបាលចំនួន៦ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលក្នុងនោះមានបី សម្រាប់ការពារការចូលព្យាបាលនៅមន្ទីរពេទ្យចំពោះអ្នកដែលមានហានិភ័យខ្ពស់ និងបីទៀតសម្រាប់ជួយជីវិតអ្នកដែលមានជំងឺធ្ងន់ធ្ងរ។ រីឯ ថ្នាំ corticosteroids ត្រូវបានសកលលោកមិនអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីទេ៕

Share

ព័ត៌មានទាក់ទង

Image