en     km
en     km

គណបក្សភ្លើងទៀនត្រៀមរៀបចំជំនួបជាមួយបក្សកាន់អំណាចក្រោយលោក ថាច់ សេដ្ឋា ត្រូវចាប់ខ្លួន

Share

ភ្នំពេញ៖ បន្ទាប់ពីមានការចាប់ខ្លួនលោក ថាច់ សេដ្ឋា គណបក្សភ្លើងទៀនបានប្រកាសជំហរចង់ចរចាជាមួយគណបក្សកាន់អំណាច ដើម្បីសម្របម្រួលឱ្យមានការដោះលែងលោកអនុប្រធានគណបក្សភ្លើងទៀនរូបនេះវិញ។ តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបង្ហើបថា លទ្ធផលនៃការចរចាបែបនយោបាយគឺមិនអាចទៅរួចនោះទេ ព្រោះករណីនេះស្ថិតក្នុងដៃរបស់តុលាការដែលអ្នកនយោបាយមិនអាចលូកលាន់បាន។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ 

 

គណបក្សភ្លើងទៀនបានរៀបចំសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការកណ្តាលគណបក្ស នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២៣នេះ បន្ទាប់ពីមានការចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនកាលពីម្សិលមិញ។ ក្នុងសន្និសីទកាសែតលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ បានបង្ហើបថា គណបក្សភ្លើងទៀននឹងព្យាយាមបង្កើតជំនួបមួយជាមួយតំណាងបក្សកាន់អំណាច ដើម្បីសម្របសម្រួលដោះស្រាយលើបញ្ហាចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះ ព្រោះករណីនេះលោក សុន ឆ័យ ចាត់ទុកជារឿងនយោបាយ។

លោក សុន ឆ័យ៖«រឿងនេះមិនមែនព្រហ្មទណ្ឌទេ គឺរឿងរដ្ឋប្បវេណី ចឹងយើងអាចថា ឯកឧត្តមនៅជំពាក់លុយម្ចាស់បំណុលដោះស្រាយមិនចេញអី ដូច្នេះយើងនឹងរកវិធីដោះស្រាយឱ្យចប់ដើម្បីឱ្យលោកឆាប់បានចូលបំរើការងារវិញ។ តែបើរឿងហ្នឹងទាក់ទងនឹងរឿងនយោបាយ យើងនឹងរកយន្តការដើម្បីសម្របសម្រួលដែល ថាតើរឿងហ្នឹងអាចសម្រួលគ្នាតាមវិធីអី»។

លោក សុន ឆ័យ ចាត់ទុកករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា និងការប្តឹងផ្តល់លោកលោក គង់ គាំ និងរូបលោកផ្ទាល់ ថាជារូបភាពបំភិតបំភ័យផ្នែកនយោបាយមួយ ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់។

សន្និសីទកាសែតជុំវិញជំហររបស់គណបក្សភ្លើងទៀន ក្រោយការការចាប់លោក ថាច់ សេដ្ឋា។

ទាក់ទងក្នុងរឿងនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះគឺទាក់ទងនឹងទិដ្ឋភាពផ្លូវច្បាប់ មិនមែនមូលហេតុនយោបាយនោះទេ ព្រោះការចាប់ខ្លួននេះដោយសារលោក ថាច់ សេដ្ឋា បានប្រព្រឹត្តិកំហុសទាក់ទងការប្រើប្រាស់សែកស្អុយ។ សម្រាប់ជំហររបស់គណបក្សប្រជាជនកម្ពុជាចំពោះជំនួបចរចាជាមួយគណបក្សភ្លើងទៀននោះ លោក សុខ ឥសាន ថាអាស្រ័យលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សកាន់អំណាច។ តែជាទស្សនៈរបស់លោក សុខ ឥសាន្ត លោកយល់ថា ទំនងគ្មានឡើយជំនួបចរចាណាមួយរវាងបក្សកាន់អំណាចនិងបក្សភ្លើងទៀន ព្រោះករណីនេះស្ថិតក្នុងដៃតុលាការដែលស្ថិតក្នុងអំណាចដាច់ដោយឡែកពីកិច្ចសម្របសម្រួលនយោបាយ។

លោក សុខ ឥសាន៖«ជាយោបល់របស់ខ្ញុំដែលជាអ្នកនាំពាក្យដូចជាអត់ត្រូវមានការចរចាជាមួយគណបក្សភ្លើងទៀន ព្រោះរឿងនេះជាករណីផ្លូវច្បាប់មិនអាចនរណាលូកដៃក្នុងកិច្ចការតុលាការបានទេ។ទីពីរគឺវាអត់ត្រូវមានការចរចាផ្នែកនយោបាយ ព្រោះអ្នកប្រព្រឹត្តិបទល្មើសត្រូវតែទទួលខុសត្រូវផ្នែកច្បាប់។ចឹងបើអ្នកនយោបាយមកដោះស្រាយចរចាសម្របសម្រួលដោះស្រាយកំហុសតាមផ្លូវច្បាប់អាហ្នឹងវាមិនអាចទៅរួចទេ។យើងគ្រប់គ្នាមិនចង់ធ្វើទេព្រោះវារំលាភលើតួនាទីភារកិច្ចរបស់តុលាការ »។

ឯកឧត្ដម សុខ ឥសាន្ដ មន្រ្ដីនាំពាក្យ គណបក្សប្រជាជនកម្ពុជា។

 

លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយយល់ថា ករណីនេះហាក់ដូចជារឿងដដែលៗសម្រាប់យុទ្ធសាស្រ្តគំរាមកំហែងផ្នែកនយោបាយ ដែលជាវប្បធម៌នយោបាយបែបចាស់កម្រឹលនាំឱ្យអន្តរាយដល់ប្រទេសជាតិ។ ករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះដែរ សម្រាប់អ្នកវិភាគខាងលើ យល់ថាជាសារប្រាប់មន្រ្តីនិងសកម្មជនបក្សភ្លើងទៀនកុំឱ្យហ៊ានចូលប្រឡូកក្នុងឆាកនយោបាយ។

លោក វណ្ណ ប៊ុនណា៖«គណបក្សកាន់អំណាចធ្វើបែបហ្នឹងដោយសារគាត់ដឹងអំពីឥទ្ធិពលរបស់មេដឹកនាំបក្សភ្លើងទៀនដែលបក្សត្រូវការមេដឹកនាំដែលដឹកនាំសកម្ម ចឹងបើបក្សមានក្បាលម៉ាស៊ីនសកម្មដូច្នេះក្បាលម៉ាស៊ីនសកម្មនឹងអាចស្រូបទាញអ្នកចូលរួមកាន់តែសកម្មផងដែរ។ដូច្នេះដើម្បីបន្សាបគណបក្សភ្លើងទៀនហើយឱ្យគណបក្សនេះអាចចូលរួមប្រកួតការបោះឆ្នោតបាន ចឹងមានតែចាត់ការក្បាលម៉ាស៊ីនថ្នាក់ដឹកនាំធ្វើយ៉ាងណាដើម្បីកុំឱ្យពួកគាត់មានលទ្ធភាពអាចកៀរគរសន្លឹកឆ្នោតពីប្រជាជនមុនការបោះឆ្នោត»។

លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ម្សិលមិញ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀនគឺលោក ថាច់ សេដ្ឋា ដោយបក្សភ្លើងទៀនស្នើឱ្យមានការជជែកគ្នារកដំណោះស្រាយដោយសន្តិវិធី។

សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនបានរៀបរាប់ថា ក្រោយការបោះឆ្នោតឃុំសង្កាត់អណត្តិទី៥ឆ្នាំ២០២២មក ថ្នាក់ដឹកនាំនិងសកម្មជនបក្សភ្លើងទៀន តែងទទួលការបំភិតបំភ័យ គំរាមកំហែង និងការប្រើប្រាស់ប្រព័ន្ធតុលាការ រឹបអូសយកទ្រព្យសម្បត្តិ និងចាប់ចង ដែលជារូបភាពមួយគាបសង្កត់ផ្នែកនយោបាយមុនការបោះឆ្នោតជាតិជិតចូលមកដល់នេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀននេះ បក្សអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធបញ្ឈប់ការគំរាមកំហែងដល់មន្រ្តីនិងសកម្មជនបក្សភ្លើងទៀន ពិសេសត្រូវមានការជជែកគ្នារកដំណោះស្រាយដោយសន្តិវិធី ជាជាងការប្រើរូបភាពការគំរាមកំហែងបែបនេះ។

សូមបញ្ជាក់ថា លោក ថាច់ សេដ្ឋា  អនុប្រធានគណបក្សភ្លើងទៀនត្រូវបានសមត្ថកិច្ចចាប់ខ្លួន រួចត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញភ្លាមៗ កាលពីល្ងាចមិញ ដើម្បីចាត់ការទៅតាមនីតិវិធី។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។រូបភាពពីហ្វេសប៊ុក

 

តាមដីកាបង្គាប់ឱ្យនាំខ្លួននេះ លោក ថាច់ សេដ្ឋា ត្រូវបានតុលាការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩។ ក្នុងដីកានេះបានបញ្ជាឱ្យនាំខ្លួនលោក ថាច់ សេដ្ឋា ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ឬ«ម១»គុកព្រៃស រាជធានីភ្នំពេញ។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនជាច្រើនរូបត្រូវរងបណ្តឹងពីតុលាការ។ក្នុងនោះលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនត្រូវរងបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារអាមេរិក ហើយដីនិងផ្ទះរបស់លោក គង់ គាំ ក៏ត្រូវតុលាការរឹបអូសធ្វើជាទីស្នាក់ការ គ ជ ប ផងដែរ។ ដោយឡែកលោក សុន ឆ័យ ក៏ត្រូវរងបណ្តឹងផងដែរ ដែលតុលាការតម្រូវឱ្យលោក បង់សំណងជិតមួយលានដុល្លារអាមេរិកទៅដល់គណបក្សប្រជាជនកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image