en     km
en     km

ស្រ្តីម្នាក់ជាអតីតសមាជិកសភាអាហ្វហ្គានីស្ថានត្រូវបានបាញ់ស្លាប់ដោយជនអានាមិក

Share

 

ប៉ូលិសអាហ្វហ្គានីស្ថានបានឱ្យដឹងថា អ្នកស្រី Mursal Nabizada អតីតសមាជិកសភាអាហ្វហ្គានីស្ថាន និងអង្គរក្សត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅផ្ទះរបស់អ្នកស្រីក្នុងរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។

(ព័ត៌មាននេះរាយការណ៍ដោយកញ្ញា​ កែវ សុជាតា)

បើយោងតាមកាសែត The Guardian​ បានរាយការណ៍ថា អ្នកស្រី Mursal Nabizada ជាស្រ្តីម្នាក់ក្នុងចំណោមសមាជិកសភាជាស្ត្រីពីរបីនាក់ផ្សេងទៀត ដែលបន្តស្នាក់នៅក្នុងទីក្រុងកាប៊ុល បន្ទាប់ពីពួកតាលីបង់បានឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានកាលពីខែសីហា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់សម្លាប់សមាជិកសភាដែលធ្លាប់បម្រើការឱ្យរដ្ឋាភិបាលពីមុននេះ ជាករណីធ្វើឃាតលើកទីមួយ ក្រោយពេលពួកតាលីបង់គ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។

តាមមេប៉ូលីសក្នុងតំបន់ លោក Molvi Hamidullah Khalid បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែមករានេះថា អ្នកស្រី Nabizada និងអង្គរក្សរបស់អ្នកស្រី ត្រូវបានជនអានាមិកបាញ់សម្លាប់នៅក្នុងបន្ទប់តែមួយនៅម៉ោងប្រហែល ៣ ទៀបភ្លឺនៅក្នុងថ្ងៃសៅរ៍ ទី១៤ ខែមករាកន្លងនេះ។ មេប៉ូលីសរូបនេះបានបន្ត​​ថា ក្រៅពីនេះ ប្អូន​ប្រុស​របស់​អ្នកស្រី និង​សន្តិសុខ​ម្នាក់ទៀត​បាន​រង​របួសធ្ងន់ ចំណែកឯ​សន្តិសុខ​ម្នាក់ទៀត បាន​ឆ្លៀតឱកាសលួច​​លុយ និង​គ្រឿងអលង្ការជាច្រើននៅក្នុងគេហដ្ឋាន និងរត់គេចខ្លួនភ្លាមៗ។

លោក Khalid បានបញ្ជាក់ទាក់ទិននឹងហេតុការណ៍នេះថា ការស៊ើបអង្កេតក្នុងរឿងក្តីនេះកំពុងដំណើរការក៏ប៉ុន្តែបច្ចុប្បន្ននៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យមានការធ្វើឃាតស្រ្តីរូបនេះបាននៅឡើយទេ។

លោក Abdullah Abdullah អតីតមន្ត្រីកំពូលអាហ្វហ្គានីស្ថាន បាននិយាយថា លោកមានការសោកស្ដាយចំពោះការស្លាប់របស់អ្នកស្រី Nabizada ជាពិសេសលោកសង្ឃឹមយ៉ាងមុតមាំថា ប៉ូលីសនឹងអាចវែកមុខជនល្មើស ហើយយកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

សូមរំលឹកថា អ្នកស្រី Nabizada ត្រូវបានបោះឆ្នោតជ្រើសរើសកាន់តំណែងជាមន្រ្តីតំណាងឱ្យទីក្រុងកាប៊ុល និងបន្តកាន់តំណែងរហូតដល់ពួកតាលីបង់មានអំណាចពេញលេញក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកស្រីជាសមាជិកនៃគណៈកម្មការការពារជាតិនៃសភាអាហ្វហ្គានីស្ថាន និងធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាល វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍន៍និងស្រាវជ្រាវធនធានមនុស្ស៕

ប្រភព៖ The Guardian ថ្ងៃច័ន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image