ថ្មីៗនេះបណ្ដឹងព្រមៗគ្នា ត្រូវបានប្ដឹងមកលោក គង់ គាំ អ្នកនយោបាយជើងចាស់វ័យជាង៨០ឆ្នាំ ដែលទើបក្លាយជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។ ការប្ដឹងផ្ដល់ពីមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនេះ ធ្វើឡើងក្រោយពីការព្រមានធ្ងន់ៗ ពីសម្តេច ហ៊ុន សែន ដែលជាប្រធានបក្ស។ លោក គីម ចាន់ចាវ រាយការណ៍
រហូតដល់ពេលនេះមានស្ថាប័នស្និទនឹងគណបក្សកាន់អំណាច ចំនួន៤ហើយ ដែលត្រូវបានថ្នាក់ដឹកនាំបក្សកាន់អំណាច ជំរុញឱ្យធ្វើការជុំវិញសំណុំរឿងលោក គង់ គាំ។ សម្តេច ហ៊ុន សែន ដែលជាមេបក្សកាន់អំណាចនៅព្រឹកថ្ងៃទី១២ ខែមករា បានស្នើអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវរឿងដែលខ្លួនយល់ថាបន្លំធ្វើបណ្ណកម្មសិទ្ធិដីក្រសួងការបរទេស ដែលលោក គង់ គាំ កំពុងស្នាក់នៅនាពេលប្ចុច្បន្ន។ មេបក្សកាន់អំណាច យល់ថា ការស្នើអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នស្ថិតនៅក្រោមរដ្ឋាភិបាល ស្រាវជ្រាវនេះ គឺដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញសាច់រឿងមួយដែលលោកចោទថាគង់ គាំ ថាបានរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន។ សម្តេច ហ៊ុន សែន ទាមទារផងដែរឱ្យ ចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ របស់អង្គភាពប្រឆាំងអំពើពុករលួយនេះ។
ទោះយ៉ាងណា មេបក្សកាន់អំណាច បានកំហិតរយៈពេលមួយខែ ដើម្បីឱ្យលោក គង់ គាំ ប្រគល់ដីនេះមកក្រសួងការបរទេស ក្រោមហេតុផលថា ដី និងផ្ទះ ដែលលោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។
ទីតាំងដែលមេបក្សកាន់អំណាចចាត់ទុកជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ក្រោមរដ្ឋបាលរបស់ខ្លួន ហើយដែលលោកគង់ គាំកំពុងកាន់កាប់ជាង៣០ឆ្នាំមកនេះ ស្ថិតនៅតាមវិថីព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជុំវិញរឿងនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយលោករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី១១ ខែមករា បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញសាលក្រមកំណត់ឱ្យ លោក គង់ គាំ ប្រគល់ដី និងផ្ទះនេះ ឱ្យក្រសួងការបរទេស ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល។ ក្រសួងការបរទេស បានប្រគល់សិទ្ធិ ជូនលោក គី តិច ដែលជាប្រធានក្រុមមេធាវី របស់មេបក្សកាន់អំណាច រៀបចំបណ្តឹង និងតាមការពារសំណុំរឿង ទាមទារដីផ្ទះដែលលោកគង់ គាំកំពុងកាន់កាប់ ជូនក្រសួងការបរទេសគ្រប់គ្រង។
សំណុំរឿងមួយទៀត កើតឡើងចំពោះលោក គង់ គាំដែរនោះ គឺគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំសម្រេចប្តឹងអ្នកនយោបាយជើងចាស់រូបនេះទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ ដោយចោទប្រកាន់ថា លោកបានថ្លែងថាសារនយោបាយញុះញង់។ ការប្តឹងនេះធ្វើឡើងភ្លាមៗក្រោយពីមានការចង្អុលបង្ហាញពីសម្តេច ហ៊ុន សែន ផងដែរ។
ការដែលគណបក្សប្រជាជនកម្ពុជាប្តឹងលោក គង់ គាំ គឺយោងទៅលើខ្លឹមសាររបស់អ្នកនយោបាយជើងចាស់រូបនេះ ដែលថ្លែងនៅក្នុងពិធីសម្ពោធទីស្នាក់គណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំថ្ងៃទី៧មករា។ តាមសំដីដែលគណបក្សកាន់អំណាចលើកយកមកធ្វើអំណះអំណាងប្តឹងទីប្រឹក្សាជាន់ខ្ពស់គណបក្សប្រឆាំងនេះ គឺត្រង់ការដែលលោក គង់ គាំ លើកឡើងថា គណបក្សប្រជាជនកម្ពុជាគេប្រហែលនាំគ្នារំឭកថ្ងៃកំណើតរបស់គេហើយ តែយើងរំឭកថ្ងៃឈ្នះ។ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សភ្លើងទៀន ជួបគ្នាថ្ងៃនេះគឺ រំឭកគ្នាថា «ផឹកទឹកឲ្យនឹងដល់ប្រភព គឺប្រភពឯជើង ភាគខាងកើត ហើយអ្នកដាំគេដុះពុកមាត់ បរទេស»។
ក្នុងសារនៅថ្ងៃនោះ លោក គង់ គាំ បញ្ជាក់ថា ឥឡូវនេះ លោកមិនរំឭកអីទៀតទេ តែនណារំឭកអីក៏រំឭកទៅ។ គណបក្សភ្លើងទៀនមានប្រភពពី កិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា ហើយអ្នកដាំគណបក្សភ្លើងទៀន គឺជាអ្នកប្រជាធិបតេយ្យសេរី។ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានចោទថា សំដីលោក គង់ គាំ ឆ្លុះបញ្ចាំអីចេតនាទុច្ចរិក ញុះញង់ បង្កភាពវឹកវរដល់សន្តិសុខសង្គម ដោយប្តឹងពីបទព្រហ្មទណ្ឌ ទៅតុលាការ ដោយទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។
លោក គង់ គាំ មិនមែនជាមន្ត្រីបក្សប្រឆាំងទី១នោះទេ ដែលរងនូវការប្ដឹងផ្ដល់ពីបក្សកាន់អំណាច។ លោក លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២ ត្រូវបានតុលាការ កាត់ក្តីឱ្យអ្នកនយោបាយប្រឆាំង រូបនេះចាញ់ភាគីដើមបណ្តឹងគឺគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងសំណុំរឿងចំនួន២ និងបានបង្កើនប្រាក់ពិន័យក្នុងសំណុំរឿងនីមួយៗ រហូតដល់១០លានរៀល និងសំណងជំងឺចិត្តដល់បក្សកាន់អំណាចចំនួន ៤ពាន់លានរៀល ឬស្មើប្រមាណ ១លានដុល្លារអាមេរិក។ ទោះយ៉ាងណាមេធាវីការពារក្តីឱ្យលោក សុន ឆ័យ បានដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដើម្បីប្រឆាំងនឹងសាលដីការបស់សាលាឧទ្ធរណ៍៕
នាងកញ្ញា លោក លោកស្រី ស្ដាប់ជាទីមេត្រី! ជុំវិញការប្ដឹងផ្ដល់ពីគណបក្សកាន់អំណាចមកលើមន្ត្រីបក្សប្រឆាំងនេះ យើងនឹងលម្អិតព័ត៌មាន នៅក្នុងការផ្សាយព័ត៌មាន នៅល្ងាច ថ្ងៃទី១២ ខែមករានេះ ដោយមានការចូលរួមពីអ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ាផងដែរ។ សូមនាងកញ្ញា លោក លោកស្រី រង់ចាំស្ដាប់ការផ្សាយនូវព័ត៌មានពិស្ដារ ដោយមេត្រី!