en     km
en     km

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ កាលៈទេសៈបច្ចុប្បន្នមិនមែនជាជម្រើសសម្រាប់ចូលប្រឡូកក្នុងឆាកនយោបាយវិញឡើយ

Share

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនទាន់សុំសិទ្ធិធ្វើនយោបាយឡើយវិញយល់ថា បច្ចុប្បន្នវិបត្តិនយោបាយនៅកម្ពុជានៅរាំងស្ទះ ដែលមិនទាន់មាននរណាម្នាក់អាចត្រួសត្រាយបញ្ហានេះបាននៅឡើយ។ ការដែលគ្មានអ្នកដោះស្រាយវិបត្តិនេះហើយ ដែលធ្វើឱ្យអ្នកនយោបាយដែលប្រសូតពីខ្សែរាជវង្សអង្គនេះ មិនទាន់សម្រេចវិលចូលឆាកនយោបាយឡើងវិញ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់ប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី០៩ ខែមករាថា ការដែលព្រះអង្គចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ព្រះអង្គមិនបានចូលក្នុងនាមកូតាខាងគណបក្ស សម រង្ស៊ី ឬគណបក្សសិទ្ធិមនុស្សឡើយ តែព្រះអង្គចូលរួមក្នុងនាមជាពលរដ្នម្នាក់ដែលចង់បញ្ចេញមតិ ឬសមត្ថភាព ជុំវិញបញ្ហាជាតិ។ ប៉ុន្តែសព្វថ្ងៃនេះ មិនមានកាលៈទេសៈ ណាមួយដែលជំរុញឱ្យព្រះអង្គចូលរួមក្នុងឆាកនយោបាយឡើងវិញឡើយ។

«ពីមុនខ្ញុំយល់ឃើញថាមានការរួបរួមគ្នារវាងអ្នកប្រឆាំង អ្នកដែលមិនយល់ស្របជាមួយការដឹកនាំប្រទេសជាតិយើង។ ប៉ុន្តែបច្ចុប្បន្ន គឺខ្ញុំអត់ឃើញមានការរួបរួមគ្នា មានការ មានមូលដ្ឋានរួម ដែលអ្នកមិនយល់ស្របជាមួយនឹងនយោបាយនៅស្រុកខ្មែរ អាចនឹងឈរពីលើ»

ព្រះអង្គមានព្រះរាជតម្រិះថា មូលដ្ឋាននយោបាយដែលអាចឱ្យព្រះអង្គម្ចាស់ នឹងវិលចូលវិញគឺការរួបរួមជាតិ ដើម្បីកសាងស្ថាបនាជាតិ ឱ្យកម្ពុជាក្លាយជាប្រទេសទំនើប និងជឿនលឿន ពោលគឺព្រះអង្គម្ចាស់មិនទាន់ឃើញមានគណបក្ស ឬអ្នកនយោបាយណាមួយដែលអាចឱ្យព្រះអង្គម្ចាស់រួមជីវភាពជាមួយនោះឡើយ។

សកម្មភាពនយោបាយរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានផ្អាកអស់រយៈពេលជាង ៥ ឆ្នាំមកហើយ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ថាប្រធានគណបក្សប្រឆាំង លោក កឹម សុខា មានទោសសន្ទិដ្ឋិភាព ឬទោសក្បត់ជាតិ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ជាមួយគ្នានោះ តុលាការកំពូល ក៏បានហាមឃាត់សិទ្ធិថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ ប៉ុន្តែមកទល់នឹងពេលបច្ចុប្បន្ននេះ មន្ត្រីមួយចំនួនធំ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយទៅបង្កើតគណបក្សផ្សេងៗ។ ប៉ុន្តែគេសង្កេតឃើញថាមានគណបក្សមួយប៉ុណ្ណោះ ដែលអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាចាប់អារម្មណ៍ថា អាចជាគូប្រជែងគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ នោះគឺគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សមានកូតាខាងលោក សម រង្ស៊ី៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង