en     km
en     km

អ៊ីរ៉ង់​កាត់ទោស​ប្រហារជីវិត​បាតុករ​៣​នាក់បន្ថែម​ទៀត​

Share

 

ឌូបៃ៖ ទីភ្នាក់ងារសារព័ត៌មាន Mizan បានរាយការណ៍កាលពីថ្ងៃចន្ទទី៩ មករា ២០២៣ថា តុលាការប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបីនាក់ទៀតពីបទ “ធ្វើសង្គ្រាមប្រឆាំងនឹងព្រះ”។ការកាត់ទោសនេះបានធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងឡើងពីអន្តរជាតិ។

សារព័ត៌មាន Mizan បានផ្សាយថាបាតុករឈ្មោះ Saleh Mirhashemi, Majid Kazemi និង Saeid Yaghoubi ត្រូវបានកាត់ទោសពីបទបានសម្លាប់សមាជិកនៃកងជីវពល Basij ក្នុងអំឡុងពេលការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទីក្រុង Isfahan។

កងកម្លាំង Basij មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍បានឈានមុខគេក្នុងការបង្ក្រាបក្រុមបាតុករដែលបានងើបឡើងទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ដែលបានធ្វើឱ្យអ្នកស្រី Mahsa Amini អាយុ 22 ឆ្នាំស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសសីលធម៌កាលពីថ្ងៃទី 16 ខែកញ្ញា។

សម្តេចប៉ាប ហ្វ្រង់ស៊ីស កាលពីថ្ងៃច័ន្ទ បានថ្កោលទោសប្រទេសអ៊ីរ៉ង់ ចំពោះការកាត់ទោសប្រហារជីវិតក្រុម​​បាតុករ ដែលទាមទារឱ្យមានការគោរពសិទ្ធិស្ត្រី។សម្តេចប៉ាប Francis បានថ្លែងថា “សិទ្ធិរស់រានមានជីវិតត្រូវបានគំរាមកំហែងនៅប្រទេសអ៊ីរ៉ង់ដែលការកាត់ទោសប្រហារជីវិតត្រូវបានបន្តអនុវត្ត ដូចជាករណីប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបាតុកម្មទាមទារឱ្យមានការគោរពចំពោះសេចក្តីថ្លៃថ្នូររបស់ស្ត្រី”។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃចន្ទទី៩​ មករា ២០២៣ បានលើកឡើងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋមិនមានចេតនាបន្ទន់ជំហរចំពោះអ្នកដែលបានប្រព្រឹត្តអំពើក្បត់ជាតិ។ នៅក្រោមច្បាប់អ៊ីស្លាមរបស់អ៊ីរ៉ង់ អំពើក្បត់ជាតិត្រូវផ្តន្ទាទោសប្រហារជីវិត។

សកម្មជនសិទ្ធិមនុស្សមើលឃើញថា ការប្រហារជីវិត ការចាប់ខ្លួន និងការកាត់ទោសដ៏ឃោរឃៅមកលើក្រុមបាតុករជាការប៉ុនប៉ងដើម្បីបំភិតបំភ័យបាតុករឱ្យភ័យខ្លាចដើម្បីបញ្ចប់ភាពចលាចល។ថ្វីត្បិតតែមានការគាបសង្កត់កើនឡើងទ្វេដង ក៏ការតវ៉ាទ្រង់ទ្រាយតូចនៅតែបន្តកើតមាននៅទីក្រុង Tehran, Isfahan និងទីក្រុងមួយចំនួនទៀត។

យោងតាមតុលាការអ៊ីរ៉ង់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស 4 នាក់ត្រូវបានព្យួរកចាប់តាំងពីបាតុកម្មបានចាប់ផ្តើម រួមទាំងអ្នកតវ៉ាពីរនាក់កាលពីថ្ងៃសៅរ៍ដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់សមាជិក កងកម្លាំង Basij ។អង្គការលើកលែងទោសអន្តរជាតិបាននិយាយកាលពីខែមុនថា អាជ្ញាធរអ៊ីរ៉ង់កំពុងព្យាយាមកាត់ទោសប្រហារជីវិតយ៉ាងហោចណាស់ 26 នាក់ផ្សេងទៀត ដែលក្រុមសិទ្ធិមនុស្សថា “ការកាត់ក្តីក្លែងបន្លំដែលបង្កើតឡើងដើម្បីបំភិតបំភ័យអ្នកតវ៉ា”។

សកម្មជនសិទ្ធិមនុស្សបាននិយាយថាបាតុករពីរនាក់ទៀតគឺយុវជន Mohammad Ghobadlou អាយុ 22 ឆ្នាំនិង Mohammad Boroughani អាយុ 18 ឆ្នាំត្រូវបានផ្ទេរទៅឃុំឃាំងតែម្នាក់ឯងមុនពេលប្រហារជីវិតរបស់ពួកគេនៅក្នុងពន្ធនាគារ Rajai Shahr ក្នុងទីក្រុង Karaj ។ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបានថ្កោលទោសអ៊ីរ៉ង់ចំពោះការប្រើទោសប្រហារជីវិតបាតុករ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានថ្កោលទោសការប្រហារជីវិតអ្នកតវ៉ានៅអ៊ីរ៉ង់ លោកស្រីបានថ្លែងកាលពីថ្ងៃចន្ទទី៩ មករាថា “របបដែលសម្លាប់យុវជនរបស់ខ្លួនដើម្បីបំភិតបំភ័យគ្មានអនាគតទេ” ។ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានស្តីបន្ទោសភាពចលាចលថាបណ្ដាលមកពីសត្រូវបរទេស រួមទាំងសហរដ្ឋអាមេរិក ហើយបានចាត់ទុកការបង្រ្កាបការតវ៉ារបស់ខ្លួនថាជាការរក្សាអធិបតេយ្យភាពជាតិ។

ប្រភព៖ Reuters ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image