យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ នឹងបើកជាផ្លូវការនៅពាក់កណ្ដាលខែមករានេះ ដើម្បីលើកស្ទួយវិស័យការអាននៅក្នុងសហគមន៍ ខណៈអ្នកជំនាញវិស័យអប់រំ ថាឥរិយាបថរបស់យុវជនលើការអានសៀវភៅមានការកើនឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ តែយ៉ាងណាយុវជនកម្ពុជាជាង ៧០ ភាគរយមិនបានសិក្សាជាផ្លូវការនៅឡើយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
យុទ្ធនាការ សៀវភៅមួយ សហគមន៍មួយ( One Book One Community) នឹងប្រកាសជាផ្លូវការ និងដាក់ដំណើរការដំបូងនៅលើទឹកដីខេត្តកំពង់ស្ពឺ នាបណ្ណាល័យកំពង់ស្ពឺ នៅថ្ងៃទី ១៣ដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីតំណាងអ្នករៀបចំយុទ្ធនាការសៀវភៅមួយ សហគមន៍មួយនៅថ្ងៃទី៥ ខែមករា ក្នុងឱកាសសន្និសីទសារព័ត៌មាន នៅសហព័ន្ធសេវាអប់រំកម្ពុជា។
លោក សុខ ឡាក់ ប្រធានយុទ្ធនាការ សៀវមួយ សហគមន៍មួយបានបញ្ជាក់ថា យុទ្ធនាការនេះផ្ដោតសំខាន់លើការលើកស្ទួយវិស័យការអាននៅក្នុងសហគមន៍។ ដោយបណ្ណាល័យខេត្តកំពង់ស្ពឺក្នុងមួយឆ្នាំមានអ្នកចូលអានប្រមាណ ៨ ពាននាក់ និងមានទីតាំងមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ទើបយុទ្ធនាការនេះ សម្រេចយកខេត្តកំពង់ស្ពឺជាគោលដៅដំបូងនៃការប្រកាសបើយុទ្ធនាការ។ យ៉ាងណាយុទ្ធនាការនេះក៏នឹងបែងចែកទៅកាន់បណ្ដា ២៥ ខេត្តក្រុងផងដែរ ដោយភ្ជាប់ជាមួយគម្រោងការប្រកួតប្រជែងការអាន ផ្សារណាត់សៀវភៅ ការអភិវឌ្ឍន៍បណ្ណាល័យ បណ្ណាល័យចល័ត។
ប្រធានសមាគមបណ្ណាល័យកម្ពុជា លោក ហុក សិទ្ធី បានលើកឡើងថា នាពេលចុងក្រោយនេះ មានយុវជនជាច្រើនបានចាប់អារម្មណ៍លើការអានសៀវភៅច្រើន។ ជាក់ស្ដែងនៅក្នុងពិព័រណ៍សៀវភៅជាតិឆ្នាំ២០១៩ មានអ្នកចូលរួមជាង១៨ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ ភាគច្រើនជាយុវជន។ លោកសង្កត់ធ្ងន់ថា ឥរិយាបទ និងការយល់ឃើញរបស់យុវជនឥលូវនេះ មានការផ្លាស់ប្ដូរដោយលែងគិតថា ការអានសៀវភៅតាមរថយន្ដ តាមយន្ដហោះ និងតាមរថភ្លើងជាដើម មិនមែនជាទម្លាប់សម្រាប់តែបរទេសទេ។
ស្របជាមួយគ្នានេះ លោក សុខ ឬទ្ធី ប្រធានសមាគមនអ្នកបោះពុម្ពផ្សាយសៀវភៅកម្ពុជា បានបង្ហាញភស្ដុតាងនៃការកើនឡើងចំនួនអ្នកអាននៅកម្ពុជាថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ការបោះពុម្ពសៀវភៅមានការកើនឡើង ពី១០-១៥ភាគរយ សូម្បីតែអំឡុងកូវីដក៏មានការកើនឡើងដែរ។ លោកថាសៀវភៅដែលបោះពុម្ព គឺជាសៀវភៅសម្រាប់យុវសិស្ស និងយុវជន ដែលនេះជាតឹកតាងមួយដែលបញ្ជាក់ថាយុវជនមានការអានកើនឡើង។
សូមជម្រាបដែរថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយនៅខេត្តកំពង់ស្ពឺ នឹងមានការប្រកួតអានសម្រាប់យកជ័យលាភីទៅប្រកួតប្រជែងជាមួយជ័យលាភីខេត្តចំនួន២៤ទៀត ដែលគេឱកយឈ្នោះថា កម្មវិធី ជើងឯកបំបែកជើងឯក។ អ្នកទទួលបានជ័យលាភីអំណាន និងបានទស្សនកិច្ចសិក្សាទៅកាន់ប្រទេសជប៉ុន។
បើយោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជា នៅឆ្នាំ២០១៤ កម្ពុជាមានអត្រាអក្ខរកម្មទាបជាងគេលេខ២ បន្ទាប់ពីឡាវ ក្នុងប្រទេសសមាជិកអាស៊ាន និង២៩ ភាគរយនៃចំនួនប្រជាជន គឺកង្វះជំនាញអាន និងសរសេរជាមូលដ្ឋាន។ ទោះបីមានការអះអាងថា យុវជនចាប់អារម្មណ៍លើការអានកើនឡើងវិញ តែយុវជនកម្ពុជា៧១ភាគរយ មានអាយុចាប់ពីអាយុ១០ ឆ្នាំដល់២៤ឆ្នាំមិនបានសិក្សាជាផ្លូវការទេ។ នេះបើយោងទៅតាមការរកឃើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនជាតិ ឆ្នាំ២០២១៕