en     km
en     km

រដ្ឋមន្រ្តីយុត្តិធម៌ ណែនាំព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ ចុះជួបក្មេងរងគ្រោះអាយុក្រោម១០ឆ្នាំ ដល់ផ្ទះ ជាជាងហៅមកតុលាការ

Share

 លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំ ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ ឱ្យចុះទៅជួបជនរងគ្រោះអាយុចាប់ពី១០ឆ្នាំចុះក្រោម ដល់ផ្ទះរបស់ពួកគេដោយផ្ទាល់ ដើម្បីស្វែងរកចម្លើយ ហើយនៅដំណាក់កាលកាត់ក្តី ចៅក្រមជំនុំជម្រះ អាចដាក់របាំង ដើម្បីកុំឲ្យជនរងគ្រោះជាក្មេង ជួបតទល់នឹងជនល្មើស ដែលអាចបង្កការភ័យខ្លាច។ លោក គីម ចាន់ចាវ រាយការណ៍

នេះជាការធ្វើតាមបញ្ជារបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបាន ណែនាំកាលពីថ្ងៃទី០១ ខែមករា។ ក្រោយទទួលបញ្ជានេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើសេចក្តីណែនាំភ្លាម ទៅប្រធានតុលាការគ្រប់រាជធានី-ខេត្ត អំពីការអនុវត្តនីតិវិធីលើអនីតិជន ឬជនដែលមានអាយុចាប់ពី១៨ឆ្នាំចុះក្រោម។ តាមរយៈសេចក្តីណែនាំ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំអំពីនីតិវិធីទាំង៣ដំណាក់កាល ដែលត្រូវអនុវត្តលើអនីតិជន គឺដំណាក់កាលស៊ើបអង្កេតដោយព្រះរាជអាជ្ញា ដំណាក់កាលស៊ើបសួរដោយចៅក្រមស៊ើបសួរ និងដំណាក់កាលជំនុំជម្រះដោយចៅក្រមជំនុំជម្រះ។  
 

នៅដំណាក់កាលស៊ើបអង្កេត និងដំណាក់កាលស៊ើបសួរ មានសេចក្តីណែនាំ១ដូចគ្នា គឺ ក្នុងករណីដែលជនរងគ្រោះជាអនីតិជន ស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេស «អនីតិជនអាយុក្រោម១០ឆ្នាំ» ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ អាចចុះទៅកាន់លំនៅឋានរបស់ពួកគេដោយផ្ទាល់ ដើម្បីស្តាប់ចម្លើយ ក៏ដូចជាអនុវត្តនីតិវិធីចាំបាច់ផ្សេងទៀត។ 
 

ចំណែក នៅដំណាក់កាលជំនុំជម្រះ លោករដ្ឋមន្រ្តីយុត្តិធម៌ ណែនាំថា ក្នុងករណីចាំបាច់បំផុត ចៅក្រមជំនុំជម្រះ ត្រូវរៀបចំរបាំង ឬប្រើប្រាស់វិធីសមស្របផ្សេងទៀត ដោយធ្វើយ៉ាងណាចៀសវាងឲ្យបានជាអតិបរមានូវការជួបតទល់ដោយផ្ទាល់រវាងជនល្មើស និងជនរងគ្រោះជាអនីតិជន។ការជួបតទល់ដោយផ្ទាល់ អាចបង្កឲ្យជនរងគ្រោះជាអនីតិជនមានការភ័យខ្លាច ហើយការដែលជនរងគ្រោះជាអនីតិជនមានការភ័យខ្លាច អាចប៉ះពាល់ដល់ការស្វែងរកការពិតផង និងអាចប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេផង។ 
 

លោករដ្ឋមន្រ្តីយុត្តិធម៌ ណែនាំបន្ថែមថា ដើម្បីការពារកិត្តិយស ឯកជនភាព និងចៀសវាងការបង្កនូវភាពភ័យខ្លាចដល់ជនរងគ្រោះជាអនីតិជន ចៅក្រមជំនុំជម្រះ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការសវនាការជាអសាធារណៈ តាមមាត្រា៣១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ 
 
 

ក្នុងពិធីសំណេះសំណាលជាមួយកុមារី និងយុវតី នៅអង្គការអាហ្វេស៊ីប កាលព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប បានស្នើទៅសម្តេចហ៊ុន សែន ដើម្បីជួយធ្វើកិច្ចអន្តរាគមន៍ ឲ្យបញ្ឈប់ការហៅក្មេងៗអាយុ៥ឆ្នាំចុះ ឡើងតុលាការ។ ភ្លាមៗ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងអ្នកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យធ្វើកិច្ចការរួមគ្នា ដើម្បីស្នើឲ្យតុលាការបញ្ឈប់ការហៅក្មេងៗអាយុ៥ឆ្នាំចុះក្រោម ឡើងតុលាការ៕ 

 

 

 

Share

ព័ត៌មានទាក់ទង

Image