en     km
en     km

លោក យេង វីរៈ ថា គ.ជ.ប មិនកែប្រែសេចក្ដីព្រាងបទបញ្ជាតាមការផ្ដល់យោបល់របស់គណបក្សខ្លូន

Share

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឱ្យដឹងថា គ.ជ.ប មិនបានកែប្រែសេចក្ដីព្រាងបទបញ្ជា តាមការស្នើសុំ របស់គណបក្សខ្លួនទេ ថែមទាំងចំណុចខ្លះ គ.ជ.ប ថាគ្រាន់តែជាការវាយតម្លៃ ឬសន្និដ្ឋានលក្ខណៈបុគ្គលរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានប៉ុណ្ណោះ។ អ្នកជំនាញក្នុងកិច្ចការបោះឆ្នោតយល់ថា ការមិនកែប្រែពីសំណាក់ គ.ជ.ប លើសំណើរនៃការបោះឆ្នោតនេះ គឺជាការពិបាកមួយសម្រាប់គណបក្សនយោបាយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេសចក្ដីរាយការណ៍៖

លោក យេង វីរៈ ប្រធានប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានឱ្យដឹងលើហ្វេសប៊ុកលោកនៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០២៣ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មិនបានកែប្រែសេចក្ដីព្រាងបទបញ្ជា តាមការស្នើសុំ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ខាងមុខនេះទេ។


ផ្អែកតាមលិខិតដែលលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានផ្ញើជូនលោក យេង វីរៈ ក្រោយពេលស្នើសុំកែប្រែចំណុចខ្វះខាតមួយចំនួននៃច្បាប់ការបោះឆ្នោតបានឱ្យដឹងថា គ.ជ.ប បានរក្សាទុកចំណុចមួយចំនួនធំឱ្យនៅដដែល និងបានមិនយល់ស្របតាមសំណើរមួយចំនួនដែរ។


ផ្អែកតាមលិខិតដដែល មានចំណុចបិទទ្វាររាប់សន្លឹកឆ្នោតជាដើម ត្រូវបាន គ.ជ.ប អះអាងថា ការបិទទ្វារ ឬបង្អួច អាចធ្វើបានករណីមានភ្លៀងធ្លាក់ ឬខ្យល់ដែលអាចនាំឱ្យប៉ះពាល់ដល់សម្ភារៈ ឯកសារបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ តែ គ.ជ.ប បានបញ្ជាក់ថា អ្នកដែលអាចអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណរាប់សន្លឹកឆ្នោតត្រូវតែជាជនដែលបានកំណត់ដោយច្បាប់ ព្រោះភ្នាក់ងារគណបក្ស គឺជាបុគ្គលដែលមានសិទ្ធិតវ៉ា ឬជំទាស់អំពីភាពមិនប្រក្រតីទាំងឡាយ ដែលកើតមានក្នុងអំឡុងពេលរាប់សន្លឹកឆ្នោត។ លោក ប្រាជ្ញ ចន្ទ បន្ថែមថាកត្តាទាំងនេះគឺជា យន្ដការច្បាប់កំណត់អំពីការធានានូវតម្លាភាព និងសុច្ចរិតភាពក្នុងការបោះឆ្នោត។
ក្រៅពីការស្នើសុំកែប្រែចំណុចមួយចំនួននៃការបោះឆ្នោត គណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានដាក់ការសំណូមពរខ្លះដែរ ដូចជា នីតិវិធីនៃការដាក់ ការទទួលនិងការដោះស្រាយពាក្យបណ្ដឹងជាដើមត្រូវបាន គ.ជ.ប ថា ជាការវាយតម្លៃ ឬសន្និដ្ឋានលក្ខណៈបុគ្គលរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានប៉ុណ្ណោះ។


លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិក (Nicfec) បានលើកឡើងថា ការសម្រេចរបស់ គ.ជ.បបែបនេះ បង្កការពិបាកមួយសម្រាប់គណបក្សនយោបាយ ដោយសារ គ.ជ.ប យល់ថានីតិវិធីនៃការបោះឆ្នោតគ្រប់គ្រាន់ហើយ។

ចំណែកលោក កន សាវ៉ាង មន្ដ្រីផ្នែកអង្កេតការបោះឆ្នោតអង្គការ ខុមហ្វ្រែល បានលើកឡើងដែរថា ជាសិទ្ធិរបស់គ.ជ.ប ក្នុងការកែប្រែឬអត់ តែលោកថាមានការសោកស្ដាយដែលគ.ជ.ប បើកឱ្យមានការចូលរួមគ្រាន់តែជារូបភាពប៉ុណ្ណោះ មិនបានជជែគ្នាល្អិតល្អន់ទេ។

គួររំម្លឹកថា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្លាប់បានលើកឡើងថា គ.ជ.ប ទទួលរាល់ការស្នើសុំកែប្រែរបស់គណបក្សនយោបាយ តែការកែប្រែឬមិនកែប្រែស្ថិតលើការសម្រេចរបស់ គ.ជ.ប ដដែលផ្អែកទៅតាមមាត្រានៃការបោះឆ្នោត៕

Share

ព័ត៌មានទាក់ទង

Image