en     km
en     km

ប្រទេសម៉ិកស៊ិកជ្រើសរើសប្រធានតុលាការកំពូលជាស្ត្រីលើកដំបូង ខណៈមានភាពចម្រូងចម្រាសនឹងរដ្ឋាភិបាលម៉ិកស៊ិក

Share

កាលពីថ្ងៃច័ន្ទ ទី២ ខែមករា ឆ្នាំ២០២៣នេះ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិកបានបោះឆ្នោតជ្រើសរើសប្រធានតុលាការកំពូលដែលជាស្ត្រីលើកដំបូង ខណៈអ្នកស្រីកំពុងលូកដៃចូលប្រឆាំងកំណែទម្រង់គោលនយោបាយផ្គត់ផ្គង់ថាមពលរបស់រដ្ឋាភិបាលប្រទេសម៉ិកស៊ិក។

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសម៉ិកស៊ិកប្រកាសបោះឆ្នោតជ្រើសរើសប្រធានតុលាការកំពូលជាស្រ្តី ដើម្បីដឹកនាំស្ថាប័នតុលាកំពូលរបស់ប្រទេសជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។ ការបោះឆ្នោតនេះប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២ ខែមករា ឆ្នាំថ្មីនេះ ដោយលទ្ធផល ៦ទល់នឹង៥។
បើយោងតាមលទ្ធផលខាងលើ ចៅក្រុម Norma Lucia Pina ត្រូវបានជ្រើសរើសឱ្យទទួលតំណែងជាប្រធានតុលាការភេទស្រីដំបូងនៅក្នុងប្រទេសម៉ិកស៊ិក ដោយត្រូវកាន់អំណាចនេះរយៈពេល៤ឆ្នាំ ហើយត្រូវស្បថស្បែថានឹងរក្សានូវឯករាជ្យភាព។

តាម Reuters ដដែលបានបញ្ជាក់ថា អ្នកស្រីបានចូលកាន់តំណែងពីលោក Arturo Zaldivar ក្នុងឱកាសដែលមានការជជែកដេញដោលគ្នាអំពីភាពជាអ្នកដឹកនាំក្នុងប្រព័ន្ធតុលាការប្រទេសម៉ិកស៊ិកកាលពីខែធ្នូកន្លងទៅនេះ។ ដោយឡែក អ្នកស្រីបានចោទប្រកាន់ដៃគូប្រកួតប្រជែងម្នាក់ទៀតថា បានលួចចម្លងនិក្ខេបបទថ្នាក់បរិញ្ញាបត្ររបស់អ្នកស្រី។យ៉ាងណាមិញ ចៅក្រម Pina បានថ្លែងប្រាប់សារព័ត៌មានកាលពីថ្ងៃច័ន្ទថា ឯករាជ្យភាពរបស់តុលាការ គឺមិនអាចខ្វះបាននោះទេ នៅក្នុងការដោះស្រាយជម្លោះរវាងស្ថាប័នរដ្ឋាភិបាល។ ចៅក្រមរូបនេះបានបន្តថា ខ្លួននឹងឈរលើគោលជំហរជារួម ជាជាងយកតែយោបល់របស់ខ្លួនឯង។


គួរបញ្ជាក់ថា ចៅក្រម Pina បានការពារកំណែទម្រង់គោលនយោបាយផ្គត់ផ្គង់ថាមពលក្នុងប្រទេសម៉ិកស៊ិក ខណៈដែលអ្នកស្រីបានប្រឆាំងនឹងផ្នែកច្បាប់អគ្គិសនីដែលគ្រប់គ្រងដោយប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador។
ជាឧទាហរណ៍ កាលពីខែវិច្ឆិកា ឆ្នាំមុននេះ លោក Lopez Obrador បានចោទប្រកាន់តុលាការថា បានចូលដៃជាមួយឧក្រិដ្ឋជនអាវស ដើម្បីវាយប្រហារគោលនយោបាយរបស់លោក ស្តីពីការជាប់ពន្ធនាគារដោយគ្មានការធានាឱ្យនៅក្រៅឃុំនោះទេ។ លោកបាននិយាយថ្កោលទោសអ្នកធ្វើការនៅក្នុងប្រព័ន្ធយុត្តិធម៌ថា ទង្វើនោះជាភាពអៀនខ្មាសយ៉ាងខ្លាំង។
ទោះបីជាយ៉ាងនេះក្តី ប្រធានាធិបតីរូបនេះបន្តដាក់សម្ពាធដល់តុលាការកំពូល ដើម្បីឱ្យពួកគេគាំទ្រគោលនយោបាយរបស់ខ្លួន ជាពិសេសជំរុញឱ្យមានការគ្រប់គ្រងវិស័យថាមពលដល់ក្រុមហ៊ុនថាមពលជាតិ Comision Nacional de Electricidad (CFE) និងក្រុមហ៊ុនប្រេងរដ្ឋ Petroleos Mexicanos (Pemex)៕

ប្រភព៖ Reuters ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image