ភ្នំពេញ៖ទន្ទឹមទៅនឹងការព្រួយបារម្ភខ្លាចក្រែងមានរីរុសបំប្លែងថ្មីកូវីដ-១៩ ដោយមិនមានអ្នកណាដឹងលោក វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវក្ដីបារម្ភផងដែរ ខ្លាចក្រែងថា នៅពេលខាងមុខកើតមានវីរុសប្រភេទថ្មីៗបន្ថែមទៀត ដែលជាផលប៉ះពាល់ដល់មនុស្សជាតិ។
លោក គីម ចាន់ចាវ រាយការណ៍
ថ្លែងប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០២ ខែមករា លោក វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា បើទោះបីជាជំងឺកូវីដ-១៩ មានការបំប្លែងខ្លួនថ្មីយ៉ាងណាក៏ដោយ ប៉ុន្តែនៅលើពិភពលោក ក៏ដូចជាកម្ពុជា កំពុងមានវ៉ាក់សាំងសម្រាប់ទប់ស្កាត់ និងអាចគ្រប់គ្រងការឆ្លងបាន។ តែយ៉ាងណា អ្នកជំនាញសុខាភិបាលរូបនេះ បានបង្ហាញក្ដីបារម្ភចំពោះបញ្ហាសុខភាពនៅពេលខាងមុខ ដែលអាកាសធាតុនឹងប្រែប្រួល ទន្ទឹមនឹងការរលាយទឹកកកនៅតំបន់នៅប៉ូលផងនោះ កត្តានេះហើយអាចនឹងកើតមានវីរុសថ្មីកើតឡើងបាន។
«អ្វីដែលយើងបារម្ភចំពោះអនាគត វែងឆ្ងាយទៅទៀតនោះ គឺថាយើងមិនដឹងថាអ្វីនឹងអាចកើតឡើងទៅទៀត នៅពេលដែលមានការប្រែប្រួលអាកាសធាតុខ្លាំង ពេលដែលទឹកកករលាយខ្លាំងនៅប៉ូលទាំងអស់នោះ អាពួកវីរុសមុនរាប់រយឆ្នាំដែលកប់ក្នុងហ្នឹង វាអាចរលាយ វាកើតវីរុសថ្មីខុសពីអាកូវីដហ្នឹងទៅទៀត យើងខ្លាចអាហ្នឹងទៅទៀត ចឹងហា៎»
ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ដ្រអឺរ៉ុប រកឃើញវីរុសថ្មីចំនួន១៣ ដែលពួកគេឱ្យឈ្មោះថា Zombie Viruses នៅតំបន់ស៊ីបេរី រុស្ស៊ី។ វីរុសនេះកកក្នុងស្រទាប់ទឹកកកអស់រយៈពេលជិត ៥ ម៉ឺនឆ្នាំ(៤៨ ៥០០ឆ្នាំ)។ ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា បើវីរុសនេះពិតជាអាចចម្លងជំងឺដល់មនុស្ស ឬសត្វពិតមែននោះ វានឹងក្លាយជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ។ នេះបើការចេញផ្សាយលើបណ្តាសារព័ត៌មានអន្តរជាតិល្បីៗដូចជាកាសែត ញ៉ូវយ៉កប៉ុស្តិ៍ និងJapan tiem ជាដើម។
តួយ៉ាងក្រុមអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថានជាតិបារាំងសម្រាប់ការស្រាវជ្រាវ បានយកវីរុសនេះទៅធ្វើការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍ ដោយបានដាស់ឱ្យវីរុសនេះមានប្រតិកម្មឡើងវិញ ហើយរកឃើញថាវីរុសមួយនេះ ពិតជាអាចឆ្លងនិងបង្កហានិភ័យដល់អាយុជីវិតរបស់មនុស្ស សត្វ និង រុក្ខជាតិ។
បើតាមក្រុមអ្នកវិទ្យាសាស្រ្តដដែលនេះ នៅពេលអនាគតនឹងអាចឃើញជំងឺរាតត្បាតស្រដៀងនឹងវីរុសកូវីដ១៩ បន្ថែមទៀត មូលហេតុដោយសារទឹកកកដែលមិនធ្លាប់រលាយ នៅតែបន្តបញ្ចេញមេរោគ ដែលបានកើតឡើងកាលពីអតីតកាលដ៏យូរលង់មកហើយ៕