en     km
en     km

កម្ពុជាស្វាគមន៍ទេសចរចិន ដោយមិនចាំបាច់តម្រូវឱ្យមានការធ្វើតេស្តកូវីដ-១៩

Share

ខណៈដែលបណ្ដាប្រទេសមួយចំនួនចាប់ផ្ដើមកំហិតលក្ខខណ្ឌចំពោះអ្នកដំណើរចិនចូលមកទឹកដីរបស់ខ្លួន នៅកម្ពុជាឯណេះវិញ សម្ដេច ហ៊ុន សែន បានប្រកាសស្វាគមន៍អ្នកទេសចរចិន ឱ្យមកកម្សាន្ដនៅក្នុងប្រទេសកម្ពុជាក្រោយពីរដ្ឋាភិបាលចិនចាប់ផ្ដើមបើកប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ ការទទួលទេសចរចិននេះក៏មិនចាំបាច់មានលក្ខខណ្ឌ ឬតម្រូវឱ្យមានការធ្វើតេស្ដកូវីដ-១៩ អ្វីនោះទេ។ ការសម្រេចនេះត្រូវបានអ្នកជំនាញសុខាភិបាល នៃរាជបណ្ឌិត្យសភាកម្ពុជាគាំទ្រ។ ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិលអះអាងថា ការទទួលយកទេសចរចិនដើម្បីសេដ្ឋកិច្ចគឺជាការពិចារណាមួយ ប៉ុន្តែអ្វីដែលសំខាន់គឺចង់ឱ្យមានការពិនិត្យយកសំណាកពេលអ្នកដំណើរមកដល់ទឹកដីកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍

 

ការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្ដីនេះ ក្នុងពេលបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន នាព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្ដក្រចេះ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរម្លឹកថា កាលពីមិនទាន់កើតមានជំងឺកូវីដ-១៩ ប្រទេសកម្ពុជាទទួលបានអ្នកទេសចរចិនជាង២លាននាក់ តែនៅពេលជំងឺកូវីដ-១៩ រាតត្បាតក៏ធ្វើឱ្យអ្នកទេសចរចិនមានការថយចុះជាបន្តបន្ទាប់។ ក្រៅពីហេតុផលសេដ្ឋកិច្ច សម្តេចបានមានប្រសាសន៍ថា ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយអ្នកទេសចរចិនក៏បានចាប់ផ្ដើមចេញដើរលេងកម្សាន្ដនៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជា។

«ឥឡូវនេះ ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញជាមួយនឹងទេសចររាប់សិបលាននាក់ ឬរហូតដល់រយលាននាក់ឯណោះ ដូច្នេះកម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ប្រជាជនចិន»

  

សហរដ្ឋអាមេរិក អ៊ីតាលី ជប៉ុន ម៉ាឡេស៊ី តៃវ៉ាន់ និងឥណ្ឌា បានដាក់វិធានការតឹងរ៉ឹង ដោយតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដជាចាំបាច់លើភ្ញៀវទេសចរមកពីប្រទេសចិន បន្ទាប់ពីចិនបានប្រកាសបើកព្រំដែនឡើងវិញនៅសប្តាហ៍ក្រោយ។ រដ្ឋាភិបាលក្រុង ប៉េកាំងបាននិយាយថា ច្បាប់នៃការការពារការឆ្លងកូវីដគួរតែត្រូវបានធ្វើឡើងដោយផ្អែកលើ “វិទ្យាសាស្រ្ត” ហើយបានចោទប្រកាន់ប្រទេសមួយចំនួនថាបាន “បំភ័ន្ត” ស្ថានការណ៍នៅប្រទេសចិន។ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារទី២៦-២៧ ធ្នូឆ្នាំ២០២២ ប្រទេសចិនបានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើររបស់ប្រជាជនខ្លួន ក្នុងការចេញ-ចូលប្រទេស។

ទន្ទឹមនឹងការបើកចំហរចំពោះទេសចរចិន សម្ដេច ហ៊ុន សែន ក៏បានរិះគន់ចំពោះប្រទេសមួយចំនួន ដែលបានចាត់វិធានការតឹងរ៉ឹង ចំពោះអ្នកដំណើរ ជាពិសេសអ្នកទេសចរជនជាតិចិន។ សម្តចចាត់ទុកការរឹតបន្តឹងរបស់បណ្ដាប្រទេសទាំងនោះថា ជាឱកាសសម្រាប់កម្ពុជា ដែលអាចរកផលចំណេញបាន ដែលហាក់ស្រដៀងនឹងឥរិយាបទកម្ពុជាចំពោះប្រទេសចិនកាលពីពិភពលោកផ្ទុះកូវីដ-១៩ដំបូងនៅប្រទេសចិនផងដែរ។

«ដូច្នេះកម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ប្រជាជនចិន ប៉ុន្ដែក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ យើងក៏បានឃើញនូវការឃោសនានូវអកុសលពីបញ្ហាការឆ្លងរាលដាលកូវីដនៅក្នុងប្រទេសចិន ដែលជាការបំភ័យ។ ប៉ុន្ដែអ្នកដែលមានការតឹងតែងជាមួយចិនក៏តឹងតែងទៅចុះព្រោះនោះវាផ្ដល់ផលចំណេញឱ្យកម្ពុជា ឧបនាថា គេចង់ទៅប្រទេសនោះតែប្រទេសនោះគេមានលក្ខខណ្ឌតម្រូវឱ្យប្រជាជនចិនត្រូវធ្វើនេះ ត្រូវធ្វើនោះក្នុងពេលដែលកម្ពុជាអត់តម្រូវឱ្យប្រជាជនចិនត្រូវធ្វើអីទេ មកទេសចរណ៍ធម្មតា។ ប៉ុន្ដែកម្ពុជាសូមអញ្ជើញប្រជាជនចិន អ្នកទេសចរចិនមកកម្ពុជា។»

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី០២ ខែមករានេះថា ក្នុងបរិបទនេះបណ្ដាប្រទេសមួយចំនួនដូចជាអាមេរិក និងអូស្ត្រាលីជាដើមបានរឹតបន្តឹងទេសចរចិន គឺដោយក្ដីព្រួយបារម្ភលើបញ្ហាសុខភាពដោយសារកូវីដ-១៩នៅប្រទេសចិនកំពុងតែបង្កក្ដីព្រួយបារម្ភ។ ទោះយ៉ាងណាក្នុងនាមសង្គមស៊ីវិល លោក យ៉ង់ គឹមអេង ចង់ឱ្យរដ្ឋាភិបាលបើកឱ្យមានការធ្វើតេស្តយកសំណាកអ្នកដំណើរពីប្រទេសចិន បើទោះបីជាកម្ពុជាមិនរឹតបន្តឹងដូចបណ្ដាប្រទេសមួយចំនួនក្ដី។

«សេដ្ឋកិច្ចក៏យើងត្រូវការសុខភាពក៏ចាំបាច់ បើបញ្ហាផ្ទុះកូវីដ សេដ្ឋកិច្ចមានបញ្ហាដែរ។ ខ្ញុំគិតថា រដ្ឋាភិបាលគួរមានវិធានការធ្វើតេសយកសំណាកអ្នកដំណើរដែលចូលមកកម្ពុជា ដូចជាការពិនិត្យយកសំណាកនៅព្រលានយន្តហោះ ឬនៅតាមព្រំដែនជើងគោកអីជាដើម ដើម្បីការពារក្រែងមានវីរុសកូវីដ-១៩បំប្លែងថ្មីៗ»

 

ជាមួយការព្រួយបារម្ភនេះ លោក វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី០២ ខែមករានេះថា លោកទទួលស្គាល់នូវការវិវត្តន៍ ឬការបំប្លែងរបស់កូវីដ-១៩ ប៉ុន្តែលោកយល់ថាការបំប្លែងជាបន្តនឹងមិនមានសភាពធ្ងន់ធ្ងរនោះឡើយ។ មួយវិញទៀតលោកជឿជាក់ដោយសារប្រជាជនកម្ពុជាជាច្រើនបានចាក់វ៉ាក់សាំងកូវីដ-១៩។

លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកឡើងថា ប្រទេសចិនបានបើកទូលាយឱ្យប្រជាជនចិនធ្វើទេសចរណ៍នៅក្រៅប្រទេសឡើងវិញ។ លោកបានចាត់ទុកកម្ពុជាថា នឹងក្លាយជាគោលដៅដ៏សំខាន់បំផុតនៃទេសចរណ៍របស់ប្រជាជនចិន៕

Share

ព័ត៌មានទាក់ទង

Image