en     km
en     km

​វិភាគ​៖​ តើ​លោក​សម​ រ​ង្ស៊ី​ គួរ​ចូល​ប្រទេស​វិញ​នៅ​ពេល​ណា​?

Share

​ទោះបីជា​សហគមន៍​អន្តរជាតិ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់​ និង​ជំរុញ​ឲ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​ ឲ្យ​ដោះ​លែង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ឲ្យ​ផ្ដល់​តួនាទី​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ដល់​បក្ស​ប្រឆាំង​ឡើង​វិញ​ និង​ឲ្យ​ផ្ដល់​អភ័យឯកសិទ្ធិ​សភា​ដល់​មេ​បក្ស​ប្រឆាំង​ ក៏​ដូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ដល់​ការ​វិល​ត្រឡប់​របស់​លោក​សម​ រ​ង្ស៊ី​ មក​កម្ពុជា​វិញ​ ដោយ​គ្មាន​ការ​ចាប់ខ្លួន​ជាដើម​នោះ​ មក​ដល់​ពេល​នេះ​ លោក​សម​ រ​ង្ស៊ី​ នៅ​មិន​ទាន់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​។​ តើ​ការ​យឺតយ៉ាវ​របស់​លោក​សម​ រ​ង្ស៊ី​ ក្នុង​ការ​វិល​មក​មាតុប្រទេស​វិញ​នេះ​ អាច​ធ្វើ​ឲ្យ​សាប​ដល់​កិច្ច​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ​ទេ​?​ តើ​លោក​សម​ រ​ង្ស៊ី​ គួរ​វិល​ចូល​មក​ប្រទេស​វិញ​នៅ​ពេល​ណា​?
​សូម​ស្ដាប់​បទ​វិភាគ​ដែល​រៀបរៀង​ជូន​ដោយ​លោក​ ណុ​ល​ ដា​រ៉ា​ ដូច​តទៅ​៖

​សហគមន៍​អន្តរជាតិ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់​ចាប់ពី​ក្រោយ​ពេល​មានការ​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ ឲ្យ​របួស​ធ្ងន់ធ្ងរ​ និង​ក្រោយ​ពេល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ ដក​តំណែង​លោក​កឹ​ម​ សុខា​ កូតា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ក៏​ដូច​ជា​ក្រោយ​ពេល​មានការ​ដក​សមា​ជិ​ភាព​ និង​អភ័យឯកសិទ្ធិ​សភា​របស់​លោក​សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​អាច​ចាប់ខ្លួន​លោក​ ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បាន​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​។​
samrainsy-cover
​បណ្ដា​ស្ថានទូត​ ប្រទេស​ និង​ស្ថាប័ន​អង្គការ​អន្តរជាតិ​ធំៗ​ ដែល​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ មាន​ដូច​ជា​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ គណៈកម្មការ​សិទ្ធិ​មនុស្ស​សភា​អាស៊ាន​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អាស៊ី​ (Human​ Rights​ Watch​ for​ Asia​ Division)​ ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិ​ទិ្ធ​មនុស្ស​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណេ​វ​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ អ្នករាយការណ៍​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិ​ទិ្ធ​សេរីភាព​បញ្ចេញមតិ​ និង​ការ​ជួប​ប្រជុំ​សាធារណៈ​ ព្រឹទ្ធសភា​នៃ​ប្រទេស​អូស្ត្រាលី​ សេចក្តីសម្រេច​ចិត្ត​របស់​សភា​សហភាព​អឺរ៉ុប​ គំរាម​ផ្តាច់ជំនួយ​ ៤៣៥​លាន​ដុល្លារ​ លិខិត​ទាមទារ​របស់​សមាជិក​សភា​សហរដ្ឋអាមេរិក​ ចំនួន​ ១៥​រូប​ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ថ្កោលទោស​ចំនួន​២​ដង​ ក៏​ដូច​ជា​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ហើយ​និង​សេចក្តី​ថ្លែ​ការណ៍​ថ្កោលទោស​របស់​អង្គការសិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ផ្សេង​ទៀត​។​

​ទន្ទឹម​នឹង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ទាំងនោះ​ គេ​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង​ ទាំង​អ្នកនយោបាយ​ ទាំង​អ្នកគាំទ្រ​ ថែម​ទាំង​ឲ្យ​ដោះ​លែង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ គឺ​លោក​ហុង​ សុខ​ហួរ​ផង​ដែរ​។​ ជាមួយ​គ្នា​ គេ​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋសភា​កម្ពុជា​ ផ្ដល់​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ ដល់​លោក​កឹ​ម​ សុខា​ វិញ​ និង​ ជាង​នោះ​ទៅ​ទៀត​ គេ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​អភ័យឯកសិទ្ធិ​សភា​ដល់​លោក​សម​ រ​ង្ស៊ី​ ឡើង​វិញ​ និង​ធានា​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ជាដើម​។​

​តាំងពី​ពេល​មាន​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ជា​បន្តបន្ទាប់​មក​នោះ​ លោក​សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិន​ទាន់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​។​ តើ​ការ​បន្ត​ស្នាក់​នៅ​បរទេស​របស់​លោក​សម​ រ​ង្ស៊ី​ អាច​ធ្វើ​ឲ្យ​សាប​ឥទ្ធិពល​បរទេស​ដែល​ខំ​ជួយ​អន្តរាគមន៍​លោក​ដែរ​ឬទេ​?​ តើ​លោក​សម​ រ​ង្ស៊ី​ គួរ​ចូល​ប្រទេស​នៅ​ពេល​ណា​?

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​កែម​ ឡី​ មាន​ប្រសាសន៍​ថា​ បើ​លោក​សម​ រ​ង្ស៊ី​ បន្ត​ស្នាក់​នៅ​ខាងក្រៅ​ប្រទេស​ គ្មាន​សេចក្ដី​ក្លាហាន​ចូល​មក​ប្រទេស​វិញ​ទេ​ នោះ​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នឹង​បាត់បង់​ទម្ងន់​ ហើយ​លោក​សម​ រ​ង្ស៊ី​ អាច​នឹង​បាត់បង់​ឱកាស​ទាំងស្រុង​ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ ខាង​មុខ​៖​ «​ជា​ទូទៅ​ បើសិនជា​គាត់​មក​ ហើយ​មានការ​ចាប់​ដាក់​ពន្ធនាគារ​ ករណី​មួយ​ពីរ​បី​ហ្នឹង​ គឺ​ទម្ងន់​នៃ​ការ​ដាក់​សម្ពាធ​ជា​លក្ខណៈ​អន្តរជាតិ​ហ្នឹង​ ខ្ពស់​ជាង​នេះ​ ហើយ​ខ្លាំង​ជាង​នេះ​ អាច​រហូត​ទៅ​ដល់​ការ​ផ្ដាច់​កូតា​ ការ​ផ្ដាច់ជំនួយ​ពី​សម្ព័ន្ធមិត្ត​អឺរ៉ុប​អី​ផ្សេងៗ​ ឬ​មួយ​ក៏​អាច​រហូត​ទៅ​ដល់​ការ​កោះ​ប្រជុំ​សមាជិក​ព្រមព្រៀង​ទី​ក្រុងប៉ារីស​។​ អ៊‍ីចឹង​ ដំបៅ​កម្ពុជា​ហ្នឹង​ អាច​នឹង​វះកាត់​ព្យាបាល​បាន​ឆាប់​ជា​ជាង​»​។​

​យ៉ាងណា​ក៏​ដោយ​ លោក​កែម​ ឡី​បន្ត​ថា​ ជីវិត​នយោបាយ​មិន​អាច​នៅ​ជា​អមតៈ​បាន​ទេ​។​ លោក​ថា​ បើ​លោក​សម​ រ​ង្ស៊ី​ មិន​អាច​មាន​លទ្ធភាព​វិល​ចូល​មក​ប្រទេស​វិញ​បាន​ទេ​ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រៀបចំ​ភាព​ជា​អ្នកដឹកនាំ​ថ្មី​ ដល់​ក្មេងៗ​ដែល​មាន​ភាព​ឆ្លាត​វៃ​ ហើយ​ការ​ដឹកនាំ​ជា​ក្រុម​ នោះ​ចលនា​នៃ​ការ​គាំទ្រ​អាច​ខ្លាំង​ឡើង​ នាំ​ឲ្យ​សន្ទុះ​នៃ​ការ​ព្យាបាល​ក៏​លឿន​ផង​ដែរ​។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ តាម​ការ​យល់​របស់​លោក​ ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ គឺជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​លោក​សម​ រ​ង្ស៊ី​ ជា​ពិសេស​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។​ លោក​សាស្ត្រាចារ្យ​សូ​ ច​ន្ថា​ បន្ថែម​ថា​ អ្វី​ដែល​ជា​បញ្ហា​នោះ​ គឺ​រដ្ឋាភិបាល​មិន​បាន​អើពើ​នឹង​ប្រតិកម្ម​របស់​មជ្ឈដ្ឋាន​អន្តរជាតិ​នោះ​ទេ​ រហូត​ដល់​មិន​មានការ​ជួប​ចរចា​ជាមួយ​គណបក្សប្រឆាំង​ បើ​ទោះជា​មានការ​ស្នើ​សុំ​ជា​បន្តបន្ទាប់​ក្ដី​។​

​លោក​សាស្ត្រាចារ្យ​សូ​ ច​ន្ថា​ បន្ត​ថា​ ជា​ការ​ល្អ​សម្រាប់​ប្រជាប្រិយភាព​របស់​លោក​សម​ រ​ង្ស៊ី​ បើសិនជា​លោក​ហ៊ាន​ចូល​មក​ប្រឈម​នឹង​ការ​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ​។​ «​ប្រសិនបើ​លោក​សម​ រ​ង្ស៊ី​ ចូល​មក​ពេល​នេះ​ ខ្ញុំ​គិត​ថា​ ប្រជាប្រិយភាព​របស់​លោក​ជា​រឿង​ល្អ​ ជា​រឿង​វិជ្ជមាន​ ដែល​លោក​ហ៊ាន​ប្រឈម​នឹង​ការ​ដាក់ទោស​ទណ្ឌ​របស់​រដ្ឋាភិបាល​ ដែល​លោក​គិត​ថា​ ជា​អំពើ​អយុត្តិធម៌​នោះ​។​ ក៏​ប៉ុន្តែ​បើ​យើង​គិត​ម្យ៉ាងទៀត​ ខ្ញុំ​គិត​ថា​ គណបក្ស​នេះ​អាច​ផ្ដល់​ឱកាស​ឲ្យ​លោក​សម​ រ​ង្ស៊ី​ នៅ​ក្រៅ​ ដើម្បី​ធ្វើ​កិច្ចការ​ជាមួយនឹង​សហគមន៍​អន្តរជាតិ​នានា​ ដើម្បី​ចូលរួម​តាមដាន​ ឃ្លាំមើល​ និង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ហើយ​គួរ​ទុក​ឱកាស​ឲ្យ​មេដឹកនាំ​ផ្សេង​ទៀត​ឧទាហរណ៍​ដូច​លោក​កឹ​ម​ សុខា​ជាដើម​ ដើម្បី​ធ្វើការ​ដឹកនាំ​គណបក្ស​នេះ​នៅ​ក្នុងស្រុក​ ក្នុង​គោលដៅ​ពង្រឹង​ការ​គាំទ្រ​បន្ថែម​ទៀត​»​។​

​ផ្អែក​តាម​អ្នកវិភាគ​ទាំង​ពីរ​ខាងលើ​ឃើញ​ថា​ បើ​លោក​សម​ រ​ង្ស៊ី​ ចូល​មក​ប្រទេស​វិញ​នៅ​ពេល​នេះ​ នោះ​បញ្ហា​របស់​ប្រទេស​កម្ពុជា​អាច​នឹង​ឆាប់​ចប់​ ហើយ​លោក​សម​ រ​ង្ស៊ី​ ក៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ ក៏​ប៉ុន្តែ​ បើ​លោក​បន្ត​នៅ​ក្រៅប្រទេស​ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រៀបចំ​ភាព​ជា​អ្នកដឹកនាំ​ថ្មី​ ដល់​ក្មេងៗ​ដែល​មាន​ភាព​ឈ្លាសវៃ​ ហើយ​ដឹកនាំ​ជា​ក្រុម​ ដើម្បី​ទទួល​បានការ​គាំទ្រ​ខ្លាំង​៕

Share

ព័ត៌មានទាក់ទង

Image